អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​កាត់ទោស​ជា​ថ្មី​ដាក់គុក​មួយ​ជីវិត

តុលាការ​អេ​ហ្ស៊ី​ប​មួយ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា បាន​កាត់ទោស​អតីត​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម​លោក​ម៉ូ​ហា​ម៉េ​ដ ម័​រ​ស៊ី ដាក់គុក​មួយ​ជីវិត​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​ប្រទេស​កា​តា ។

អតីត​ប្រធានាធិបតី​រូប​នេះ​ទទួល​ការ​កាត់ទោស​ដាក់គុក​មួយ​ជីវិត​រួច​មក​ហើយ ក្នុង​រឿង​ចោទប្រកាន់​មួយទៀត​ពី​បទ​ដឹកនាំ​អង្គការ​ខុសច្បាប់​មួយ ។ ផ្ទុយ​ទៅ​វិញ​លោក​ម័​រ​ស៊ី ត្រូវ​លុប​ចោលការ​ចោទប្រកាន់​ពី​ចារកម្ម​មួយទៀត ក៏​ប៉ុន្តែ​អ្នកជាប់ចោទ​ជាមួយ​លោក​៦​នាក់ រង​ការ​កាត់ទោស​ប្រហារជីវិត​ពី​បទចោទប្រកាន់​នេះ ។

អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​រូប​នេះ​ដែល​ត្រូវ​ផ្តួលរំលំ​ដោយ​កងទ័ព​កាលពី​ឆ្នាំ​២០១៣​នោះ ទទួល​ការ​កាត់ទោស​ធ្ងន់ធ្ងរ​បំផុត​ក្នុង​សវនាការ​កាត់ទោស​ជា​ច្រើន​ទៀត ។ ទោស​ប្រហារជីវិត​ត្រូវ​បាន​ប្រកាស​ប្រឆាំង​រូប​លោក កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ពី​បទ​ទម្លាយ​គុក និង​អំពើ​ហិង្សា​នា​ឱកាស​បដិវត្តន៍​ឆ្នាំ​២០១១ ។

មុន​នេះ​បន្តិច​តុលាការ​ដដែល​នោះ​ក៏​កាត់ទោស​ដាក់គុក​មួយ​ជីវិត​អតីត​ប្រធានាធិបតី​រូប​នេះ​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ និង​អុ​ី​រ៉​ង់​។ អតីត​ប្រមុខរដ្ឋ​រូប​នេះ ក៏​ទទួល​ការ​កាត់ទោស​ដាក់គុក​២០​ឆ្នាំ​ផង​ដែរ កាលពី​ថ្ងៃ​ទី​២១ មីនា ពី​បទ​អុជអាល​ឱ្យ​មានការ​សម្លាប់​មនុស្ស និង​បាតុកម្ម ៕