ស៊ី​លី​ទម្លុះ​សំណាញ់​ទី​ម៉ិ​ក​ស៊ិ​ក​ឡើង​ទៅ​ជួប​កូ​ឡុំ​ប៊ី

ការ​ប្រកួត Copa America វគ្គ​១​ភាគ​៨ រវាង​ក្រុម​ជម្រើសជាតិ​ស៊ី​លី និង​ម៉ិ​ក​ស៊ិ​កបាន​បញ្ចប់​ទៅ​ព្រឹក​មិ​ញ​នេះ ដោយ​ក្រុម​ស៊ី​លី​បំបាក់​គូប្រកួត​របស់​ខ្លួន​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៧-០​។

ការ​ប្រកួត​ក្នុង​តង់​ទី​១ ត្រូវ​បាន​បញ្ចប់​ដោយ​ស៊ី​លី​នាំមុខ​ត្រឹមតែ​២-០​ប៉ុណ្ណោះ ដែល​ខ្សែបម្រើ​វ័យ​៣០​ឆ្នាំ Edson Puch រកបាន​នៅ​នាទី​ទី​១៦ និង​គ្រាប់​ទី​ពីរ​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ Eduardo Vargas នៅ​នាទី​ទី​៤៤​។

បន្ទាប់​ពី​លោក​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែរ​ចាប់ផ្តើម​ការ​ប្រកួត​តង់​ទី​២ ទើបតែ​បាន​៤​នាទី​ប៉ុណ្ណោះ ខ្សែប្រយុទ្ធ​មក​ពី​ក្លិប​កាំភ្លើង​ធំ កីឡាករ Alexis Sanchesz រក​គ្រាប់​បាល់​ទី​៣ ឱ្យ​ស៊ី​លី ខណៈ​ខ្សែប្រយុទ្ធ Vargas រកបាន​៣​គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី​៥៣, ៥៨, ៧៤ និង Edson Puch បង្ហើយ​១​គ្រាប់​ចុង​ក្រោយ​នៅ​នាទី​ទី​៨៨​។

ស៊ី​លី​នឹង​ឡើង​ទៅ​ប៉ះ​កូ​ឡុំ​ប៊ី​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៣ មិថុនា វេលា​ម៉ោង​៧​ព្រឹក ក្នុង​ពហុ​កីឡដ្ឋាន Soldier Field៕