​ហេតុអ្វី ខ្ញុំ​ចេះ​តែ​រលូត​កូន​អញ្ជឹង​?

​ហេតុអ្វី ខ្ញុំ​ចេះ​តែ​រលូត​កូន​អញ្ជឹង​?


​ហេតុអ្វី ខ្ញុំ​ចេះ​តែ​រលូត​កូន​អញ្ជឹង​?

​ជាថ្មី​ម្តងទៀត មាន​បងប្អូន​ស្ត្រី​យើង​ម្នាក់ គាត់​បាន​សួរ​ខ្ញុំ​តាម​រយៈ​ទំព័រ Facebook Page ទាក់ទង​នឹង​បញ្ហា​របស់​គាត់​។ ក្រោយពី​អាន ក៏ដូចជា​ឆ្លើយ​ជូន​គាត់​រួចមក ខ្ញុំ​យល់​ថា សំណួរ​មួយ​នេះ​ទំនង​ជា​សំខាន់​សម្រាប់​ចំណេះដឹង​ទូទៅ​ ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​យក​វា មក​បកស្រាយ​ឲ្យ​កាន់តែ​ច្បាស់​លាស់​បន្តិច​តែម្តងទៅ​។

​គាត់​បាន​សរសេរថា “​ជម្រាប​សួរ​បង ខ្ញុំ​អាយុ ៣៥​ឆ្នាំ ហើយ ធ្លាប់​មាន​ទម្ងន់ (​ផ្ទៃពោះ​) ២​ដង​រួច​ហើយ តែ​ធ្លាក់​រហូត ទោះបីជា​ញ៉ាំ​ថ្នាំ​រក្សា​គ៌ ហើយក៏​មិន​នៅ​ដែរ​។ តើ​ខ្ញុំ​ត្រូវធ្វើ​ដូច​ម្តេច ទើប​កុំឲ្យ​មាន​បញ្ហា​បែប​នេះ​ទៀត​?”

លើ​លោក​នេះ មិន​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ណា ម្នាក់​ចង់ឲ្យ​កូន​របស់ខ្លួន ដែល​មិន​ទាន់​នឹង​បាន​ឃើញ​ពន្លឺ​ថ្ងៃ​ផង ស្លាប់​ទៅ​វិញ​នោះ​ទេ​។ ចំពោះ​បញ្ហា​ដែល​នាំ​ឲ្យ​កូន​រលូត​នោះ ភាគច្រើន ទាក់ទង​នឹង​បញ្ហា​ម្តាយ​ផ្ទាល់​តែម្តង​ដូចជា ម្តាយ​អាច​នឹង​មាន​ជំងឺ​ជាប់​ខ្លួន ជាពិសេស​ជំងឺ​កាមរោគ ឬ​ជំងឺ​ស្អូច​ជាដើម ព្រោះ​ថា​ជំងឺ​នេះ អាច​នឹង​កើតមាន​បាន ដោយ​មិន​មាន​រោគសញ្ញា​អ្វី​សម្គាល់​ដឹង​ឡើយ ក្នុង​ដំណាក់កាល​ដំបូង​។ ដូច្នេះ បើសិន​ជា​ដំណាក់កាល​មួយ​នេះ បែរជា​មាន​ផ្ទៃពោះ​ទៀត កូន​ពិតជា​មិន​អាច​នៅ​បាន​ឡើយ​។

​មួយវិញទៀត ទាកទង​នឹង​របប​អាហារ និង​ការចាក់​ថ្នាំ​បង្ការ​។ ក្នុង​ការផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ទូរទស្សន៍​ស្រុក​យើង ភាគច្រើន ក៏​មាន​បង្ហាញ​អំពី​រឿង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ភ្លាមៗ ត្រូវធ្វើ​ដូចជា ការចាក់​ថ្នាំ​បង្ការ ប្រើ​ថ្នាំ​រក្សាគភ៌ និង​ញ៉ាំ​របប​អាហារ​ឲ្យបាន​ត្រឹមត្រូវ ជាពិសេស ត្រូវ​ចៀសវាង​អាហារ​ដែល​ហាមប្រាម ដូច​ជា​គ្រឿង​ស្រវឹង និង​ការជក់បារី​ជាដើម​។
​ការ​ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន ក៏​អាច​ជា​ហេតុផល​មួយ ធ្វើ​ឲ្យ​កូន​មិន​អាច​នៅ​បាន​ដែរ​។ ដុំ​សាច់​មួយ​នេះ​ហៅថា Fibroma​។ ភាគច្រើន​ដុំ​សាច់​ប្រភេទ​នេះ កម្រ​នឹង​ធ្វើឲ្យ​រ​លូតកូន​ណាស់ ប៉ុន្តែ បើសិនជា​វា​កើតមាន ក្នុង​ក្រោម​ភ្នាស​ស្បូន​វិញ​នោះ វា​ពិតជា​អាច​ធ្វើ​ឲ្យ​កូន​រលូត​បាន​។​

ករណី​មួយទៀត​គឺ ទម្រង់​ស្បូន​របស់​មនុស្ស​ស្រី គឺ​មិន​អាច​រក្សា​កូន​បាន​តែ​ម្តង​។ ទោះបីជា​ករណីបែបនេះ កម្រ​នឹង​កើតមាន​លើ​ស្ត្រី​ភាគច្រើន​ក៏ដោយ ប៉ុន្តែ វា​ក៏​ជាដើម​ហេតុ​មួយ​ផងដែរ ជាក់ស្តែង ដូចជា មាន​សន្ទះ​កណ្តាល​នៅក្នុង​ស្បូន​ជាដើម​។

ដូច្នេះ​សរុបមក បើសិនជា​យើង​ចង់​បាន​កូន ដ៏​មាន​សុខភាព​ល្អ​មែន សូម​ចៀសវាង​ការ​បណ្តោយ​តាម​យថាកម្ម​។ មានន័យ​ថា មាន​ក៏​បាន​អត់​ក៏បាន ឬ​ហៅ​ថា​យក​ដោយ​ចៃដន្យ​។ យើង​គួរតែ​មាន​គម្រោង​ណាមួយ​ឲ្យ​ប្រាកដ ក្រោយ​ពី​រៀបការ​រួច​។ ឧទាហរណ៍ អាច​គិត​ថា ពីរ​ឆ្នាំ​ក្រោយ​ចាំ​យក ដូច្នេះ អ្វី​ដែល​អាច​ធ្វើ​បាន​ទាំងប្តី និង​ប្រពន្ធ ត្រូវ​ទៅឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​សិន​ថា អ្នក​ទាំង​ពីរ​ពិតជា​មាន​សុខភាព​ល្អ​បរិបូរណ៍ និង​ស័ក្តិសម​នឹង​មាន​ផ្ទៃពោះ​ហើយ​។ ការ​ធ្វើ​តេស្ត​នេះ អាច​មាន​ជា​ការពិនិត្យ​ឈាម និង​ការថត​អេកូ ដើម្បី​ពិនិត្យ​ទៅលើ​ស្បូន​ស្ត្រី​ជា​ដើម​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។