ជប៉ុន​ ព្រមាន​ ចិន​ ជា​លើក​ចុង​ក្រោយ​ថា​កុំ​ឲ្យ​បញ្ជូន​នាវា​ទៅ​កាន់​ដែន​ទឹក​ជប៉ុន​ម្ដងទៀត​ឲ្យ​សោះ​

ប្រទេស ជប៉ុន បានចេញការព្រមានត្រង់ៗចំពោះប្រទេស ចិន ថានឹងមានរឿងកើតឡើងប្រសិនបើនាវាកងទ័ពជើងទឹក ចិន ចូលទៅក្បែរប្រជុំកោះ សេនកាគុ ម្ដងទៀត ដែលជាការបំពានទៅលើដែនទឹករបស់ប្រទេស ជប៉ុន ។

ការព្រមាននេះ ធ្វើឡើងក្រោយពីអនុរដ្ឋមន្ត្រីការបរទេស ជប៉ុន លោក អាគីតាកា សៃគី កោះហៅឯកអគ្គរដ្ឋទូត ចិន ប្រចាំទីក្រុង តូក្យូ លោក ឆេង យ៉ុងហ៊ូ ដើម្បីណែនាំអំពីបញ្ហាបំពានដែនទឹករបស់នាវា ចិន ដោយបញ្ជាក់ថា សកម្មភាពនោះ នឹងញ៉ាំងឲ្យមានការចល័តនាវាស្វ័យការពាររបស់ទាហាន ជប៉ុន ដើម្បីចេញធ្វើប្រតិបត្តិការសន្តិសុខដែនសមុទ្រ ហើយអាចជាប្រតិបត្តិការដែលប្រើប្រាស់អាវុធផងដែរ ក្នុងបំណងទប់ទល់នឹងការបំពានណាមួយ ។

ក្រោមច្បាប់សន្តិសុខរបស់ប្រទេស ជប៉ុន ដែលអនុម័តកាលពីខែ កញ្ញា ឆ្នាំមុន រដ្ឋាភិបាល ត្រូវបានអនុញ្ញាតឲ្យបញ្ជូនកងទ័ពស្វ័យការពារទៅកាន់តំបន់ពណ៌ប្រផេះ ឬ តំបន់មានទំនាស់ ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើង អាចបង្កគ្រោះថ្នាក់ដល់ប្រទេស ជប៉ុន ។

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោក យូស៊ីហីដេ ស៊ូកា និយាយថា ប្រទេស ជប៉ុន មានការព្រួយបារម្ភចំពោះនាវាឈ្លបយកការណ៍របស់ប្រទេស ចិន ដែលចូលទៅក្បែរដែនទឹក ជប៉ុន ក្បែរប្រជុំកោះ គីតាដៃតូ ខេត្ត អូគីណាវ៉ា ។

ក្រសួងការពារជាតិ ជប៉ុន ឲ្យដឹងថា នេះគឺជានាវារបស់កងទ័ពជើងទឹក ចិន ដែលបានចូលទៅកាន់ដែនទឹក ជប៉ុន ភាគនិរតីខេត្ត កាកូស៊ីម៉ា ហើយនាវានោះ ចូលក្នុងដែនទឹកបែងចែកព្រំដែនរបស់ប្រទេស ជប៉ុន ។ អ្នកនាំពាក្យរដ្ឋាភិបាល និងជាប្រធានគណៈរដ្ឋមន្ត្រី ជប៉ុន បញ្ជាក់ថា រដ្ឋាភិបាល ជប៉ុន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាវាឈ្លបយកការណ៍ និងនាវាកងទ័ពជើងទឹករបស់ប្រទេស ចិន ដែលចូលទៅក្នុងខ្សែបន្ទាត់ព្រំដែនបែងចែកដែនទឹករវាងប្រទេស ចិន និង ជប៉ុន ។

កាលពីសប្ដាហ៍មុន ប្រទេស ជប៉ុន បានកោះហៅឯកអគ្គរដ្ឋទូត ចិន ប្រចាំទីក្រុង តូក្យូ ទៅសាកសួរម្ដងរួចមកហើយ ពាក់ព័ន្ធនឹងនាវាមួយគ្រឿងរបស់កងទ័ពជើងទឹក ចិន ដែលបើកបរទៅក្បែរដែនទឹកដែលប្រទេស ជប៉ុន អះអាងថាជាទឹកដីរបស់ខ្លួន ក្នុងសមុទ្រចិនខាងកើត ធ្វើឲ្យភាពតានតឹងអំពីទំនាស់ទឹកដី កើតឡើងកាន់តែខ្លាំង ។
ជប៉ុន​ ព្រមាន​ ចិន​ ជា​លើក​ចុង​ក្រោយ​ថា​កុំ​ឲ្យ​បញ្ជូន​នាវា​ទៅ​កាន់​ដែន​ទឹក​ជប៉ុន​ម្ដងទៀត​ឲ្យ​សោះ​

ប្រភព៖ kqube

  • ជប៉ុន​ ព្រមាន​ ចិន​ ជា​លើក​ចុង​ក្រោយ​ថា​កុំ​ឲ្យ​បញ្ជូន​នាវា​ទៅ​កាន់​ដែន​ទឹក​ជប៉ុន​ម្ដងទៀត​ឲ្យ​សោះ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:ជីវិតនិងសង្គម
Tags: