សន្តិសុខ​ផ្សារ​កំពង់ធំ​ដើរ​ចាក់សោ​ម៉ូតូ​យក​លុយ ឯ​អ្នក​ទទួលខុសត្រូវ​ថាបើ​មិន​ធ្វើ​ត្រូវមាត់​មេ

ខេត្តកំពង់ធំ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ក្រុម​សន្តិសុខ​ផ្សារ​កំពង់ធំ​បួន​ប្រាំ​នាក់ កំពុង​តែ​បង្ក​ភាព​អនាធិបតេយ្យ​ដើរ​ចាក់សោរ​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​មក​ឈប់​ចត​ទិញ​ទំនិញ​ក្នុង​ផ្សារ រួច​ទារ​លុយ​ពី​ម្ចាស់​ម៉ូតូ​៥០០០​រៀល​សម្រាប់​ម៉ូតូ​មួយ​គ្រឿង បើ​មិន​ព្រម​បង់លុយ​ឲ្យ​ទេ ពួក​គេ​បង្ករ​បញ្ហា​ឈ្លោះប្រកែក​និង​ជេរ​បញ្ចោរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​រិះគន់​ថា ក្រុម​សន្តិសុខ​ផ្សារ​កំពង់ធំ​នេះ​សាហាវ​ៗ​ណាស់ ដើរ​ចាក់សោរ​ម៉ូតូ​ទារ​លុយ បើ​មិន​ឲ្យ​រករឿង​ជេរ​ប្រមាថ​ផ្អើល​ផ្សារ អ្នកខ្លះ​ខ្ជិល​ឈ្លោះ​ក៏​ចេះ តែ​បង់លុយ​ឲ្យ​ទៅ​។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្រុម​សន្តិសុខ​បួន​ប្រាំ​នាក់​នេះ មាន​ចរិត​កោងកាច​ណាស់​ដើរ​បង្ក​បញ្ហា​រាល់ថ្ងៃ គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​អ្វី​ពួក​គេ​នោះ​ទេ ទំនង​ដោយសារ​តែ​មេ​របស់​គេ​មាន​ឋានៈ​ជា​ជា​អធិការរង​នគរបាល​ក្រុង​ស្ទឹង​សែន​ទទួល​បន្ទុក​ខាង​សន្តិសុខ និង​អន្តោប្រវេសន៍ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោកនាយ​ឧត្តម​សេនី​យ៏ នេ​ត សា​វឿ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជួយ​មាន​វិធានការ​ចំពោះ​អធិការរង​នគរបាល​ក្រុង​ស្ទឹង​សែន​នេះ​ផង ដែល​ក្នុង​នាម​ជា​នគរបាល​ជាតិ​ម្នាក់​ស៊ីប្រាក់ខែ​រដ្ឋ បែរជា​បម្រើ​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​ទៅ​វិញ ដោយ​យក​អំណាច​របស់​ខ្លួន​មក​ប្រព្រឹត្តិ​យ៉ាង​ដូច្នេះ​។

លោក​វរ​សេនី​យ៏​ត្រី ទុ​យ សុខ អធិការរង​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​ប្រាប់​ថា «​ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ បើ​មិន​ធ្វើ​ត្រូវមាត់​ថ្នាក់លើ ដល់​ពេល​ធ្វើ​តែងតែមាន​បញ្ហា ហើយ​ថា​សន្តិសុខ​កូនចៅ​របស់​លោក​ភាគច្រើន​មិន​ចេះអក្សរ​ទេ បាន​ពួក​វា​ធ្វើការ​នេះ បើ​គេ​ចេះ​ដឹង​ក៏​គេ​មិន​ធ្វើ​ដែរ ចំណែក​រឿង​ថា​ពួក​វា​មាន​ចរិត​កោងកាច​នោះ លោក​នឹង​ហៅ​ពួក​គេ​មក​ធ្វើការ​អប់រំ​ណែនាំ​សារ​ជា​ថ្មី​»​។លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន មាន​ជំងឺ​បាន​ផ្ទេរ​សិ​ទ្ឋិ​ឲ្យ​លោក​អភិបាលរង​ម្នាក់​ទទួល​បន្ទុក តែ​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​។

អភិបាលរង​ក្រុង​ស្ទឹង​សែន លោក ស៊ឹ​ម ប៊ុ​ន​អ៊ា​ន់ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មិថុនា​២០១៦​នេះ​ថា «​រឿង​សណ្តាប់ធ្នាប់ ក្រុង​បាន​ដាក់​ផែនការ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ ជា​ពិសេស​គឺ​ខាង​បងប្អូន​ដែល​រត់​ម៉ូតូឌុប ពួក​គាត់​មក​ឈប់​តែ​កណ្តាលផ្លូវ តែ​មាន​បញ្ហា​រឿង​សន្តិសុខ​ផ្សារ​ដើរ​ចាក់សោ​ម៉ូតូ​យក​លុយ ហើយ​បង្ក​ការ​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​ប្រជាពលរដ្ឋ​នោះ លោក​នឹង​កោះហៅ​មក​ប្រជុំ​ជា​បន្ទាន់​។

ចំណែក​អភិបាលខេត្ត​កំពង់ធំ​លោក អ៊ុត សំ​អន ពុំ​អាច​សុំ​ការ​បំ​ភ្ឡឺ​តាម​ទូរស័ព្ទ​បាន​ទេ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ៕