សែន រ៉ា​ឌី ទទូច​សុំ​បញ្ចប់​ការ​លាប​ពណ៌​និង​ជេ​ប្រទេច​លោក

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ ហើយ​ធ្លាក់ខ្លួន​ដេក​ឈឺ​ជាមួយនឹង​ភាព​អស់សង្ឃឹម​ក្នុង​អាជីព កីឡាករ​ល្បីឈ្មោះ សែន រ៉ា​ឌី ក៏​ត្រូវ​ទទួល​រង​ការ​រិះគន់​ថែម​មួយ​កម្រិត​ទៀត​ពាក់ព័ន្ធ​នឹង​មហាជន​មួយ​ចំនួន ដែល​លើក​ឡើង​ថា លោក​បរាជ័យ​ដោយសារ​តែ​លោក​លក់ខ្លួន ។ កីឡាករ​រូប​នេះ​ទទូច​ឱ្យ​ឈប់​លាប​ពណ៌ និង​ជេរ​ប្រទេច​​ខ្លួន ខណៈ​ប្រតិកម្ម​របស់​លោក​ក៏​ត្រូវ​គេ​មើលឃើញ​ថា មិន​ទាន់​លាង​ជម្រះ​ទស្សនៈ​របស់​មនុស្ស​មួយ​ក្រុម​នោះ​នៅឡើយ​ទេ​មក​ទល់​នឹង​ពេល​នេះ ។

កាន់តែ​រសើប​ខ្លាំង​ឡើង​ក្នុង​ពេល​ដែល​កីឡាករ សែន រ៉ា​ឌី ស្ថិត​ក្នុង​សភាព​ដេក​ឈឺ​នៅឡើយ ប៉ុន្តែ​បណ្ដា​មនុស្ស​កាន់តែ​ច្រើន​បែរជា​បន្ត​ចោទ​ថា នោះ​ជា​លេស​ដែល​លោក​ធ្វើ​ឡើង​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ក្រោយ​ពេល​ប្រកួត​ចាញ់​ប៉ុណ្ណោះ​។ ក្រុម​អ្នក​ខកចិត្ត​បាន​ផ្ដោត​ថា កម្រិត​ប្រកួត​របស់​កីឡាករ​រូប​នេះ មិន​អន់​ដល់​ថ្នាក់​ចុះចាញ់​ក្នុង​ទឹក​ទី​៤​ក្រោម​ដៃ​កីឡាករ​ថៃ​នោះ​ទេ ប៉ុន្តែ​មក​ពី​គេ​លក់ខ្លួន​ក្នុង​តម្លៃ​ខ្ពស់​គួរសម ទើប​ប្រកួត​ធ្វើ​ចាញ់ ហើយ​យក​លេស​ថា​មាន​របួស​ដៃ​ប្រកួត​មិនកើត ដើម្បី​បិទ​បាំង​រឿងអាស្រូវ ។ នេះ​ជា​ការ​លើក​ឡើង​ដែល​កាន់តែ​ដុត​កំ​ដៅ​កីឡាករ​ក្មេង​វត្ត​រូប​នេះ​ខ្លាំង​ឡើង បន្ទាប់​ពី​លោក​ត្រូវ​គេ​ដឹង​ថា​ជា​កីឡាករ​ល្បីឈ្មោះ​យូរ​មក​ហើយ ប៉ុន្តែ​ជ្រក​អាស្រ័យ​តែ​នៅ​វត្តថា​ន់ និង​មិន​មាន​លទ្ធ​ភាពល្អ​ប្រសើរ​នៅឡើយ​គ្រប់ពេល​មិន​បាន​ឡើង​ប្រដាល់​។ សែន រ៉ា​ឌី បាន​បន្ត​បង្ហោះ​នូវ​អារម្មណ៍​ប្រតិកម្ម​ពាក់ព័ន្ធ​នឹង​ការ​យល់​ខុស បើ​ទោះជា​លោក​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ ថា​អ្វី​ដែល​លោក​ប្រតិកម្ម​នឹង​អាច​លាង​ជម្រះ​ទស្សនៈ​ចោទ​ថា លោក​លក់​ឧត្តមគតិ​នា​ថ្ងៃ​នោះ​បាន ឬ​មិន​បាន ។ លោក​បាន​បង្ហោះ​សារ​ចុង​ក្រោយ​ក្នុង​ន័យ​កាន់តែ​បាក់ទឹកចិត្ត ធ្វើ​ឱ្យ​ក្រុម​អ្នក​មើលឃើញ​ពី​ស្ថានភាព​របស់​កីឡាករ​រូប​នេះ កាន់តែ​មាន​ទឹកចិត្ត​អាណិតអាសូរ​។

លោក​បាន​សរសេរ​ថា​៖«​ជីវិត​ខ្ញុំ​រស់នៅ​ជាមួយ​កីឡា​ប្រដាល់​​នេះ​តាំងពី​ខ្ញុំ​អាយុ​៧-៨​ឆ្នាំ ។ ខ្ញុំ​មិន​ដែល​លក់​ឧត្តមគតិ​របស់ខ្ញុំ​ដើម្បី​លុយ​នោះ​ទេ ទោះ​ខ្ញុំ​ឡើង​វ៉ៃ​ដើម្បី​យក​លុយ​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ខ្ញុំ​ក៏​ដោយ​...​ទោះជា​គ្រួសារ​ខ្ញុំ​ក្រីក្រ​ក៏​ខ្ញុំ​មិន​លក់​ឧត្តមគតិ​ជា​អ្នកកីឡា​របស់ខ្ញុំ​ដោយសារ​តែ​លុយ​ដែរ ។ ប្រដាល់​មាន​ចាញ់​-​ឈ្នះ​ជា​រឿង​ធម្មតា​មែន តែ​ខ្ញុំ​សុខចិត្ត​ចាញ់​ដោយ​មាន​កិ​តិ្ត​យស មិន​ធ្វើ​ជា​ចាញ់​ដើម្បី​បាន​លុយ​ច្រើន​នោះ​ទេ ព្រោះ​ខ្ញុំ​ស្រឡាញ់​កិត្តិយស​របស់ខ្ញុំ​ដែល​ខំ​អស់​រយៈពេល​១៦​ឆ្នាំ​នេះ​ណាស់​...​ថ្ងៃនេះ​ដែរ​គឺ​ខ្ញុំ​សូមទោស​អ្នក​រាល់គ្នា​ដែល​គាំទ្រ​ខ្ញុំ​ផង​...​ខ្ញុំ​មិនដឹង​ថា ​ខ្ញុំ​ធ្វើ​បាន​ល្អ ឬ​មិន​បាន​ល្អ​នោះ​ទេ ព្រោះ​ខ្ញុំ​បាន​ប្រឹង​អស់ពី​លទ្ធភាព​ខ្ញុំ​ហើយ​...​ហើយ​ការ​ប្រកួត​នោះ​គឺ​មិនមែន​ជា​ការ​ភ្លាត់​របស់ខ្ញុំ​នោះ​ទេ គឺ​ខ្ញុំ​ឈឺដៃ​មែន​...​។ មូលហេតុ​ដែល​ខ្ញុំ​បញ្ឈប់​ការ​ប្រកួត ព្រោះ​ខ្ញុំ​គិត​ថា ដៃ​របស់ខ្ញុំ​វា​បាក់ ហើយ​ខ្ញុំ​ពិតជា​បន្ត​ប្រកួត​ទៀត​មិន​បាន​មែន ព្រោះ​បើ​បន្ត​ទៀត​វា​អាច​នឹង​ត្រូវ​ខ្លាំង​ជាង​នេះ​ទៀត​ក៏​ថា​បាន​ហើយ​បើ​ខ្ញុំ​គិត​ថា​អាច​វ៉ៃ​បាន​ទៀត ខ្ញុំ​ក៏​មិន​ឈប់​វ៉ៃ​ពេល​នោះ​ដែរ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​បាក់​ថ្គាម​ម្ដង​រួច​ហើយ ប៉ុន្តែ​ខ្ញុំ​បន្ត​វ៉ៃ​រហូត​បាន​ជ័យជម្នះ​...​ហើយ​ថ្ងៃនេះ​ដែរ​ក៏​ជា​លើក​ទី​១​ក្នុង​ជីវិត​ជា​កីឡាករ​ប្រដាល់​របស់ខ្ញុំ​ដែល​ចាញ់​ដោយ​បោះបង់​ការ​ប្រកួត​បែប​នេះ ហើយ​ក៏​មាន​ពាក្យ​រិះគន់ និង​ការ​ជេរ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដែល​ទទួល​ពី​មុន​មក​សោះ ។ ប៉ុន្តែ​ខ្ញុំ​សូម​អរគុណ​នូវ​ពាក្យ​រិះគន់​ដើម្បី​ស្ថាបនា​ទាំង​អស់ហើយ​ក៏​គ្មាន​បញ្ហា​ចំពោះ​អ្នក​ដែល​ជេរ​ខ្ញុំ​ដែរ ព្រោះ​មនុស្ស​គិត​មិន​ដូច​គ្នា​...​ប៉ុន្តែ​សូមកុំ​រិះគន់ ឬ​ជេរ​ខ្ញុំ​ដើម្បី​បង្អាប់​បង្ខូច​ខាង​នយោបាយ​អី​...​សូម​អរគុណ​!» ។

នេះ​ជា​សារ​ដែល​លោក​លើក​ឡើងជា​ថ្មី បន្ទាប់​ពី​ការ​ជេរប្រទេច និង​ការ​ចោទ​ថា ការ​បរាជ័យ​របស់​លោក​នា​ពេល​នោះ ជា​ការ​លក់ខ្លួន ឬ​ខំ​ធ្វើ​ចាញ់​ជា​ថ្នូរ​នឹង​លុយ​សំណូក​ខាងក្រៅ​សង្វៀន​។ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ពី​សភាព​បាក់ដៃ​របស់​លោក​នៅឡើយ​ទេ ដោយសារ​តែ​លោក​ហាក់​មិន​ទាន់​បើក​ចិត្ត​ទូលាយ​ដើម្បី​បង្ហាញ​មហាជន​ពី​លទ្ធផល​នៅឡើយ ។ ម្នាក់​ៗ​បាន​ត្រឹមតែ​ជូនពរ​ឱ្យ​លោក​ឆាប់​ជាមួយនឹង​ការ​ទទូច​កុំឱ្យ​មានការ​លាប​ពណ៌ ដើម្បី​បំបាក់​ទឹកចិត្ត​កីឡាករ​រូប​នេះ​ប៉ុណ្ណោះ ដោយសារ​តែ​លោក​ក៏​បាន​ប្រឹង​អស់ពី​សមត្ថភាព នៅ​ក្នុង​ការ​ប្រកួត​នោះ​ដូច​គ្នា ។ 

សែន រ៉ា​ឌី នៅ​តែ​បញ្ជាក់​ថា ការ​ប្រកួត​ចាញ់​របស់​លោក​កាលពី​យប់​ថ្ងៃអាទិត្យ ទី​១២ មិថុនា នៅ​ប៉ុស្ដិ៍​អប្សរា គឺ​លោក​ពិតជា​ខូចដៃ​ទើប​ឈប់​ប្រកួត ដោយ​មិនមែន​លក់ខ្លួន​ធ្វើ​ចាញ់​ដូច​អ្វី​ដែល​បាន​លាប​ពណ៌​នោះ​ឡើយ ហើយ​លោក​ក៏​មិន​ទាន់​បញ្ជាក់​ឱ្យ​ដឹង​ពី​ជំហរ​បែប​ណា បន្ទាប់​ពី​ស្ថានភាព​ប្រដាល់​ធ្វើ​ឱ្យ​លោក​កាន់តែ​អស់សង្ឃឹម​ផង និង​ត្រូវ​មហា​ជន​ជេរប្រទេច​រឿង​គេ​ថា​លក់ខ្លួន​នេះ ។ លោក​បាន​ត្រឹមតែ​បង្ហាញ​ការ​តូចចិត្ត និង​ថា​ការ​ប្រដាល់​មិន​ជួយ ឱ្យ​លោក​បាន​រស់​ដោយ​ស្រួល​ឱ្យ​សម​នឹង​អ្វី​ដែល​លោក​ចង់បាន​។

យ៉ាងណាមិញ លោក​មិន​ទាន់​ប្រកាស​ថា​នឹង​ឈប់​ប្រដាល់​ដូច​គ្នា​នឹង​កីឡាករ​មួយ​ចំនួន​ដែល​អស់សង្ឃឹម​ក្រោយ​អាជីព​ប្រដាល់​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​កីឡាករ​ទាំងនោះ​ល្អ​តែ​មើល​នោះ​ទេ ។