ពិព័រណ៍​គម្រោង «ព្រៃ» នាំ​យុវជន និង​តារា​ល្បី​សង្គ្រោះ​សត្វ​ជិត​ផុត​ពូជ

ភ្នំពេញ៖ ដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហាប្រឈមនៃសត្វព្រៃបម្រុងផុតពូជ យុវជនមួយក្រុមនឹងនាំមកនូវកម្មវិធីពិព័រណ៍គឺ គម្រោង «ព្រៃ» នៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ។

ពិព័រណ៍​គម្រោង «ព្រៃ» នាំ​យុវជន និង​តារា​ល្បី​សង្គ្រោះ​សត្វ​ជិត​ផុត​ពូជ
ការថតរូបសម្រាប់តាំងពិព័រណ៍បង្ហាញអំពីភាពស្រស់ស្អាត រួមទាំងការឈឺចាប់របស់សត្វព្រៃ។ Athena Zelandonii

ក្នុងចំណោមយុវជនស្នេហាធម្មជាតិទាំងនោះ លោក បូ សកលកិត្យា ជាអ្នកផ្ដើមគំនិតរៀបចំកម្មវិធីពិព័រណ៍គម្រោង «ព្រៃ» បានបង្ហាញឲ្យដឹងថា លោកបានគិតពីគម្រោងនេះតាំងពី ២ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែលោកមិនទាន់រកបានធនធានមនុស្ស និងពេលវេលាមួយឲ្យសមស្របដូចពេលនេះ។

អ្នកផ្ដួចផ្ដើមគំនិតវ័យ ២៥ ឆ្នាំរូបនេះបាននិយាយថា៖ «អ្វីដែលធ្វើឲ្យខ្ញុំរឹងតែចង់បង្កើតកម្មវិធីនេះឡើងគឺខ្ញុំសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ អាកាសធាតុ និងធម្មជាតិមានការប្រែប្រួលខ្លាំងដូចជាកាលពីប៉ុន្មានខែមុនមានភាពរាំងស្ងួតនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលបង្កឲ្យសត្វព្រៃប្រឈមនឹងការផុតពូជស្លាប់ជាបន្តបន្ទាប់»។

ក្រោយពីស្គាល់អ្នកមាននិស្ស័យក្នុងការរៀបចំកម្មវិធីដូចគ្នាមក លោកក៏បានសម្រេចចិត្តបង្កើតជាក្រុមស្ម័គ្រចិត្តធ្វើការងារនេះ ដោយរិះរកគំនិតថ្មីដើម្បីទាក់ទាញប្រជាជន ជាពិសេសយុវវ័យតាមរយៈការតំាងពិព័រណ៍រូបថតមនុស្សតុបតែងជាសត្វ ការសម្តែងសិល្បៈ និងការបង្ហាញម៉ូដជាដើម។

ពិព័រណ៍​គម្រោង «ព្រៃ» នាំ​យុវជន និង​តារា​ល្បី​សង្គ្រោះ​សត្វ​ជិត​ផុត​ពូជ
កញ្ញា ដូ ពុទ្ធមូលីតា ធ្វើការតុបតែងខ្លួនមនុស្សជារូបសត្វ។ Athena Zelandonii

អ្នកជំនាញខាងផ្នែកតុបតែងកញ្ញា ដូ ពុទ្ធមូលីតា (Apple Love) ដែលជួយធ្វើការផាត់មុខ និងខ្លួនជាសត្វសម្រាប់ការថតរូបបង្ហាញក្នុងពិព័រណ៍នេះ ក៏ធ្លាប់មានគំនិតចង់អភិរក្សទៅលើបញ្ហាសត្វព្រៃបន្ទាប់ពីបានឮដំណឹងថា ដំរីឈ្មោះ សំបូរ បានស្លាប់នៅខេត្តសៀមរាបកាលពីខែមេសា។

កញ្ញាវ័យ ២៤ ឆ្នាំបានបង្កើតគម្រោងមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា #love100animals ដើម្បីបង្ហោះនូវព័ត៌មាន និងរូបថតសត្វនឹងផុតពូជទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗ។

ការបង្ហាញម៉ូដតុបតែងជាសត្វព្រៃទំាង ១៦ ប្រភេទក៏ដូចជាការតាំងពិព័រណ៍រូបថត កម្មវិធីសម្ដែងសិល្បៈ ស្បែកធំ និងរបាំ គឺជាការរៀបចំដើម្បីចែករំលែកនូវចំណេះដឹង ផ្សព្វផ្សាយព័ត៌មាន និងបន្តការធ្វើសកម្មភាពចូលរួមជួយអភិរក្សដោយផ្ទាល់ និងជាប្រយោលចំពោះសត្វដែលជិតផុតពូជពីជម្រកក្នុងព្រៃ។

កញ្ញា អំាង សិរីរតន៍ ជាអ្នកសម្របសម្រួលកម្មវិធីយុវជន និងការងារបោះជំរំក្នុងក្រុម អេកូយុវទូត (YEA) ដែលបានធ្វើការងារជាច្រើនដើម្បី បរិស្ថាន បានឲ្យដឹងថា៖ «ក្រុមពួកយើងនឹងធ្វើការពន្យល់លើរូបនីមួយៗ ហើយវាជាឱកាសមួយល្អក្នុងការជួយផ្សព្វផ្សាយពីសារៈសំខាន់នៃបរិស្ថាន រួមទាំងចែករំលែកចំណេះដឹងបន្តទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្ដិ»។

ក្រុមការងារបានប្រមូលព័ត៌មានអំពីប្រភេទសត្វដែលជិតផុតពូជមានដូចជា ក្រពើត្រី ឬក្រពើភ្នំ ត្មាត រំពេទន្លេ ខ្លាពពក និងប្រភេទសត្វជាច្រើនប្រភេទទៀត រួចធ្វើការថតជាលក្ខណៈសិល្បៈ ដែលអាចបង្ហាញពីភាពស្រស់ស្អាត រួមទាំងការឈឺចាប់របស់សត្វទាំងនោះ ដើម្បីពញ្ញាក់ស្មារតីអ្នកចូលរួមទស្សនាពិព័រណ៍។

ជាមួយការចូលរួមពីមូលនិធិសត្វព្រៃ WWF ក្រុមអេកូយុវទូត YEA ក្រុមរបាំ ក្រុមល្ខោនស្បែកធំ តារាល្បីៗដូចជា ឡូរ៉ា ម៉ម កញ្ញា មាន សូនីតា រួមទាំងក្រុមយុវជនផ្សេងៗទៀត គម្រោង «ព្រៃ» នឹងរំលេចរូបរាងនៅថ្ងៃសៅរ៍ ទី ២៥ មិថុនា ២០១៦ ចាប់ពីម៉ោង ៦:៣០ នាទីល្ងាច នៅភោជនីយដ្ឋាន Kai Fun Eatery (ចូលរួមដោយសេរី)។

ការរាយការណ៍ព័ត៌មានពីបទល្មើសផ្សេងៗទាក់ទងនឹងធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ សូមទំនាក់ទំនងលេខបន្ទាន់ ០១២ ៥០០ ០៩៤៕

ប្រភព៖ postkhmer

  • ពិព័រណ៍​គម្រោង «ព្រៃ» នាំ​យុវជន និង​តារា​ល្បី​សង្គ្រោះ​សត្វ​ជិត​ផុត​ពូជ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:កំសាន្ត
Tags: