ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០-២៧​មិថុនា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា អាកាសធាតុ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៧ ខែ​មិថុនា នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កើត​ឡើង​អូស​កាត់​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​តំបន់​មួយ​ចំនួន។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ថ្ងៃ​ទី​១៩ មិថុនា អំពាវនាវ​ឲ្យ​អ្នក​ទេសចរ​តាម​កោះ​នានា​ក្នុង​លំហ​សមុទ្រ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើត​ឡើង​ជា​យថាហេតុ។

តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នោះ ដូចជា​នៅ​តំបន់​វាល​ទំនាប មាន​ខេត្ត​កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ពិសេស​រាជធានី​ភ្នំពេញ។ តំបន់​ខ្ពង់​រាប មាន​ខេត្ត​កំពង់ចាម ក្រចេះ ពិសេស​ខេត្ត​ត្បូងឃ្មុំ។ តំបន់​មាត់​សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​នៅ​លើ​ផ្ទៃ​សមុទ្រ​នឹង​មាន​ខ្យល់​បក់​បោក​ខ្លាំង។

ការ​ធ្លាក់​ភ្លៀង​បណ្ដាល​មក​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ អាច​នឹង​ធ្វើ​ឲ្យ​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង ដូចជា រាជធានី​ភ្នំពេញ កំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ និង​កំណាត់​ផ្លូវ​ជាតិ​លេខ​៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។