ទណ្ឌិត​ជនជាតិ​ថៃ​ម្នាក់​ប៉ង​រត់​ចេញពី​ពន្ធនាគារ​មិន​បាន​សម្រេច

ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ដល់​កងកម្លាំង​នគរបាល​ខេត្ត ព្រោះតែ​ទណ្ឌិត​ម្នាក់​ជា​ជនជាតិ​ថៃ​បាន​ព្យាយាម​រត់​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មិន​បាន​សម្រេច​ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​កងកម្លាំង​នគរបាល​ខេត្ត​ស្រាវជ្រាវ​ដេញ​តាម​ចាប់​ត្រឡប់​មក​វិញ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ មិថុនា ២០១៦ ។

តាម​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ដែល​ព្យាយាម​រត់​ចេញពី​ពន្ធនាគារ​នោះ ឈ្មោះ គៀង​កៃ ស៊ី​សាវ៉ា​ត់ ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ទណ្ឌិត​នេះ​ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា ឥឡូវ​ជាប់​ពន្ធនាគារ​ទើបបាន​២​ឆ្នាំ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​បញ្ចេញ​ទណ្ឌិត និង​ពិរុទ្ធជន​មក​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​នៅ​ទីធ្លា​ខាងក្រៅ ក៏​ស្រាប់តែ​ឈ្មោះ​គៀង​កៃ ស៊ី​សាវ៉ា​ត់ បាន​លួច​រត់ ហើយ​បាន​ផ្តល់​ព័ត៌មាន​នេះ ដល់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​សុំ​កម្លាំង​សហការ​ស្រាវជ្រាវ រហូត​ដល់​ជាង​១១​ព្រឹក​ថ្ងៃ​ដដែល ទើប​រក​ឃើញ​ឈ្មោះ​គៀង​កៃ ស៊ី​សាវ៉ា​ត់ នេះ នៅ​មាត់​ស្ទឹង​ចម្ងាយ​ពី​ពន្ធនាគារ​ប្រហែល​៣០០​ម៉ែត្រ ហើយ​បាន​ចាប់​យក​មក​ដាក់​ក្នុង​ពន្ធនាគារ​វិញ​៕