CNRP បួងសួង​នៅ​មុខ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម

ខេត្តសៀមរាប ៖ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​តាម​បណ្តាល​ខេត្ត​/​ក្រុង ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​អង្គរ​ប្រមាណ​ជិត​៦០០​អង្គ​/​នាក់ ទាំង​២​កន្លែង (​មុខ​ព្រះ​អង្គ​ចេក​​ព្រះ​អង្គ​ចម និង​នៅ​មុខ​អង្គរតូច​) បន្ទាប់​ពី​បួងសួង​នៅ​ខាង​មុខ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម រួច​សមត្ថកិច្ច និង​អាជ្ញាធរ​បាន​បង្គាប់​ឱ្យ​ពួក​គេ​ដោះ​អាវ​ដែល​មាន​ស្លាក​សញ្ញា «​ឈប់» នោះ​ចេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ២០១៦ នេះ ដែល​ដឹកនាំ​ដោយ​ព្រះ​នាម ធ​ម្មិ​កោ និង​អ្នកតំណាង លោក ស៊ឺ​ន ស៊ូ​ប៊ែ , លោក ប៉ុ​ល ហំ​, លោក ស៊ុន ឆៃ និង​អ្នកតំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត ព្រមទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​ចូល​រួច​យ៉ាងច្រើន​ផង​ដែរ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ពី​តាម​បណ្តា​ខេត្ត​/​ក្រុង ដែល​បាន​សុំ​ច្បាប់​នៅ​អាជ្ញាធរ​ខេត្ត​នោះ​ប្រមាណ​៧៥០​នាក់ ប៉ុន្តែ​ពួក​គាត់​ដែល​បាន​មក​ប្រមូលផ្តុំ​គ្នា​ទាំង​២​កន្លែង​នោះ (​មុខ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​នៅ​មុខ​អង្គរតូច​) ប្រមាណ​ជិត​៦០០​អង្គ​/​នាក់​តែ​ប៉ុណ្ណោះ​។ ហើយ​ការ​ពាក់អាវ​មាន​សញ្ញា «​ឈប់​» នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​នៅ​តំបន់​ទេសចរណ៍​នៃ​ខេត្តសៀមរាប​មួយ​នេះ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​ពួក​គាត់​បាន​អុជ​ធូប​បួងសួង និង​ជួបជុំ​គ្នា​នៅ​មុខ​ព្រះ​អង្គ​ចេក​ព្រះ​ចម​រួច​ហើយ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​នាំ​គ្នា​ទៅ​ប្រមូលផ្តុំ​នៅ​ខាង​មុខ​ប្រាសាទអង្គរវត្ត ដោយ​ពុំ​មាន​វត្តមាន​លោក កឹ​ម សុខា នោះ​ទេ​៕