ការ​ផ្ដល់​អាហា​រូប​ករណ៍​ឲ្យ​តែ​ស្ត្រី​បរិសុទ្ធ​នៅ​អាហ្វ្រិក​ខាង​ត្បូង កំពុង​ចម្រូងចម្រាស់

ផែនការ​ផ្ដល់​អាហារូបករណ៍​ថ្នាក់​មហាវិទ្យាល័យ​ដ៏​ចម្រូងចម្រាស​ឲ្យ​តែ​ស្ត្រី​អាហ្វ្រិក​ខាង​ត្បូង​ដែល​នៅ​តែ​ក្រមុំ​បរិសុទ្ធ​ ត្រូវ​ចាត់​ទុក​ថា​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ដើម្បី​សមភាព​យេនឌ័រ​ កាល​ពី​ថ្ងៃ​សុក្រ។

 

ការ​ផ្ដល់​អាហារូបករណ៍​ឲ្យ​តែ​ស្ត្រី​បរិសុទ្ធ​របស់​អភិបាល​ស្រុក​មួយ​រូប ត្រូវ​បាន​គេ​លើក​យក​និយាយ​វែកញែក​ពេញ​ប្រទេស​កាល​ពី​ខែ​មករា កន្លង​ទៅ ដោយ​អ្នក​រិះគន់​បាន​និយាយ​ថា រឿង​ភាព​បរិសុទ្ធ​គឺ​ជា​រឿង​ហួស​សម័យ​ហើយ ខណៈ​ដែល​អ្នក​អភិរក្ស​និយម​ថា វា​នឹង​ជួយ​អភិរក្ស​ដល់​វប្បធម៌​អាហ្វ្រិក។

 

ការ​ផ្ដល់​អាហា​រូប​ករណ៍​ឲ្យ​តែ​ស្ត្រី​បរិសុទ្ធ​នៅ​អាហ្វ្រិក​ខាង​ត្បូង កំពុង​ចម្រូងចម្រាស់

 

កាល​ពី​ថ្ងៃ​សុក្រ គណៈកម្មការ​យេនឌ័រ បាន​និយាយ​ថា កម្មវិធី​គឺ​រើសអើង​ចំពោះ​ស្ត្រី ព្រោះ​សិស្ស​ប្រុស​មិន​ត្រូវ​បាន​គេ​ធ្វើ​តេស្ដ​មើល​ភាព​បរិសុទ្ធ​ដូច​ស្ត្រី ខណៈ​ក្រុម​សិទ្ធិ​មនុស្ស​គាំទ្រ​នឹង​ការ​ប្រកាស​របស់​គណៈកម្មការ។

 

ស្ត្រី​ដែល​ទទួល​អាហារូបករណ៍ ត្រូវ​គេ​ធ្វើ​តេស្ដ​លើ​ភាព​បរិសុទ្ធ​រៀង​រាល់​ពេល​ពួកគេ​ត្រលប់​មក​ពី​ផ្ទះ​ក្នុង​ពេល​វិស្សមកាល​ម្ដងៗ ហើយ​អាច​បាត់បង់​អាហារូបករណ៍​វិញ បើ​សិន​ពួកគេ​រួម​ភេទ។

 

លោកស្រី Dudu Mazibuko ដែល​ជា​អភិបាល​ស្រុក​ Uthukela ផ្ដួចផ្ដើម​កម្មវិធី​នេះ បាន​និយាយ​កាល​ពី​ខែ​មករា​ថា វា​នឹង​ជួយ​កាត់​បន្ថយ​អត្រា​មាន​ផ្ទៃ​ពោះ​របស់​ក្មេង​ជំទង់ និង​ការ​រីក​រាល​ដាល​មេរោគ​ហ៊ីវ ឬ​ជំងឺ​អេដស៍៕

 

ដោយ៖ សុផាត
ប្រភព៖ Reuters