អ៊ឺរ៉ូ២០១៦៖ ក្រូអាស៊ី បើកឆាកយកឈ្នះ ទួរគី

ក្រុមបាល់ទាត់ជម្រើសជាតិទួរគី បានយកឈ្នះក្រុមទួរគី ក្នុងពិន្ទុ១ទល់នឹង០ នៅពេលប្រកួត​បើកឆាក នៃវគ្គ​ជម្រុះ នៅ​ក្នុង​ក្រុម D។ ជ័យជំនះ​នេះ បានមកពីការទាត់បាល់ ពីចំងាយ របស់​កីឡាករក្រូអាស៊ី ឈ្មោះ «Luka Modric» នៅ​នាទី​ទី៤១។
អ៊ឺរ៉ូ២០១៦៖ ក្រូអាស៊ី បើកឆាកយកឈ្នះ ទួរគី

កីឡាករក្រុមក្រូអាស៊ី លោតអោបកីឡាករ «Luka Modric» បន្ទាប់ពីកីឡាកររូបនេះ រកគ្រាប់បាល់បានរួច។ (រូបថតទ្វីសធើរ)

អាចនិយាយថា ជោគជ័យរបស់ក្រុមជម្រើសជាតិ ក្រូអាស៊ី ពិតជាស័ក្ដិសមហើយ។ ជាមួយនឹងថ្វីជើង នៃ​កីឡាករ​ល្បីៗ ដូចជា «Modric» និង«Ivan Rakitic» ដែលសុទ្ធតែទាត់ នៅក្នុងក្រុមធំៗ នៅទ្វីប​អ៊ឺរ៉ុប​ខាង​លិច​នោះ ក្រុមក្រូអាស៊ី បានធ្វើឲ្យប្រកួតបើកឆាក សម្រាប់ក្រុម D ពោរពេញទៅដោយភាពមានប្រៀប ដោយ​សង្កត់​ពី​លើ​ក្រុម​ទួរគីសឹងតែទាំងស្រុង។

រីឯក្រុមទួរគី វិញ លេងមិនសូវស្រុះគ្នា ប្រើកម្លាំងខ្លាំងជ្រុល ហើយតែបោះបាល់ឲ្យគ្នា ឬទាត់បាល់បញ្ចូលទី ច្រើន​តែខុសទិសដៅ។

ប៉ុន្តែក្រុមទួរគី ក៏មិនជាអន់ណាស់ណានោះដែរ ដោយហេតុថា នៅវគ្គពាក់កណ្ដាលម៉ោងទីពីរ ក្រុម​នេះ​បាន​បើក​ការវាយប្រហារ ត្រឡប់ទៅវិញ បើទោះជាត្រូវជួប​នឹងខ្សែការពារដ៏រឹងមាំ របស់ក្រុមក្រូអាស៊ីក៏ដោយ ហើយ​ជាពិសេស ក្រុមទួរគី ក៏បានធ្វើការរការពារយ៉ាងខ្លាំងក្លាដែរ នៅចំពោះការវាយលុក របស់​ក្រុមគូប្រជែង​របស់​ខ្លួន។

សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖