ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ពី​បទ​លួច​វាយ​ប្លន់​គោក្របី និង​គំរាម​សម្លាប់

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​សម្ថ​កិច្ច​នគរបាល​ស្រុក​បារាយណ៍​សហ​ការណ៍​ជាមួយ នឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ធ្វើការ​ឃាត់​បាន​ពី​បទ​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់ និង​គំរាម​សម្លាប់ ។ លោក​វរសេនីយ៍ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ការិយាល័យ​យុត្តិធម៌ និង​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា ក្រោម​ការ​សម្របសម្រួល​កិច្ច​សហ​ប្រតិបត្តិ​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ជូ សំ​អាន ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ផង​នោះ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​របស់​លោក​បាន​សហ​ការណ៍​ជាមួយនឹង​កម្លាំង​សម្ថ​កិច្ច​នគរបាល​ស្រុក​បារាយណ៍ ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ នៅ​ចំណុច​ភូមិ​ក្រ​វ៉ា  ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​ទៅ​លើ​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លង​មកនេះ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​រួម​មាន​ទី​១.​ឈ្មោះ សឿង រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​២.​ឈ្មោះ កង បឿន ហៅ​បឺត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ទី​៣.​ឈ្មោះ យាន យ៉េ​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ ឃុំ​កើ​ហេតុ​ខាងលើ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​នូវ​អំពើ​របស់​ពួក​គេ​ដែល​បាន​ប្រព្រឹត្ត​មួយ​ចំនួន ក៏​ប៉ុន្តែ​ខាង​សមត្ថកិច្ច​វិញ​បាន​រក​ឃើញ​នូវ​ភស្តុ​តាង​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​ទាំង​៣ ។

បើ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​កន្លង​មក​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន​បក្ខពួក​ជា​ច្រើន​ដែល តែងតែ​ធ្វើ​សកម្មភាព​លួច​គោ ក្របី របស់​ប្រជាពលរដ្ឋ​(​ប្លន់​)​គោក្របី និង​ករណី​ឃាតកម្ម​ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​បានដឹង​រឿង​របស់​ពួក​គេ ហើយ​ដើរ​និយាយ​នោះ ពួក​គេ​នឹង​សម្លាប់​បំបិទមាត់​តែ​ម្តង កន្លង​មក​មាន​ប្រជាពលរដ្ឋ​ត្រូវ​បាន​ពួក​គេ​សម្លាប់ ជនសង្ស័យ​ទាំង​៣​តែង​ធ្វើ​សកម្មភាព​នៅ​ពេល​ណា​ដែល​ប្រជាពលរដ្ឋ​ទៅ​ឃ្វាលគោ​ក្របី​ដាច់​សង្វែង គឺ​ពួក​គេ​តែងតែ​ចាប់​វាយ​ម្ចាស់​ចង រួច​ដឹកគោ​ក្របី​ទាំងអស់​ដែល​គេ​ប្លន់​បាន​ឡើង​ឡាន​លក់​ឲ្យ​អ្នក​ចាំ​ទទួល​ទិញ​ដែល​ខាង​សមត្ថកិច្ច​កំពុង​តែ​តាមដាន​រឿង​នេះ ។ គួ​រំលឹក​ថា​កាលពី​ខែមីនា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​បក្ខពួក​របស់​ពួក​គេ​ចំនួន​៤​នាក់ ម្តង​រួច​មក​ហើយ ឥឡូវ​ចាប់​បាន​៣​នាក់​ទៀត​សរុប​ចំនួន​៧​នាក់​ហើយ​យក​មក​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​នៅ​ស្អែក​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​៕