ស្តាប់​បុរសម្នាក់​​និយាយ​​ពីការធ្វើពុត​ជាស្លាប់ ពេល​បាញ់យ៉ាង​​រង្គាលក្នុង​ក្លិប​​ខ្ទើយ​

បុរស​អាយុ២៩​ឆ្នាំ​​ម្នាក់ ​បាន​រួច​​ជីវិតពី​​ការ​បាញ់​​សម្លាប់​ទ្រង់ទ្រាយ​ធំ​​នៅ​ក្លឹ​ប​ខ្ទើយ ​(​សម្រាប់​មនុស្ស​ភេទ​​ទី​៣) នា​ក្រុង​ Orlando សហរដ្ឋអាមេរិក​ ។ គាត់​បាន​រៀបរាប់​ប្រាប់​រឿង​របស់​​គាត់​ ទាំង​គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​​លើ​គ្រែ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ​មិថុនា​ ​២០១៦ កន្លង​ទៅ​នេះ មាន​ហេតុការណ៍បាញ់ប្រហារ​​យ៉ាង​រង្គាល​មួយ​បាន​កើតឡើង នៅ​ក្នុង​ក្លិប​រា​ត្រី សម្រាប់​មនុស្ស​ស្រលាញ់​​ភេទ​ដូច​​គ្នា (​ខ្ទើយ​) មួយ​​កន្លែង ក្នុង​ទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ដែល​​​បង្ក​ឡើង​​ដោយ​ខ្មាន់កាំភ្លើង​តែ​ម្នាក់​​ប៉ុណ្ណោះ បណ្តាល​ឱ្យ​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ និង​​រង​​របួស​ ។

ខ្មាន់​កាំភ្លើង​រូប​នោះមានឈ្មោះ​​ Omar Mateen អាយុ​២៩​ឆ្នាំ បាន​បើក​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​នៅ​ក្នុង​ក្លិបរា​ត្រី សម្រាប់​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​មួយ​​កន្លែង កាលពី​វេលា​ម៉ោង​​២​ទៀប​ភ្លឺ (​ម៉ោង​ក្នុង​តំបន់​) បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥០​នាក់​ស្លាប់ និង​រង​របួស​ចំនួន​៥៣​នាក់ផ្សេង​ទៀត​។ ក្នុង​ចំណោម​អ្នក​រង​របួស​នោះ ក៏​មាន​លោក Felipe Marrero ដែល​ជា​អ្នក​ចូល​កម្សាន្ត​​ក្នុង​ក្លិប​​នោះ​ដែរ​ ។ ការ​រួច​ពី​​ស្លាប់​នេះ គឺ​ចាត់​ទុក​ថា ​ជា​សំណាងល្អ​មួយ​​ក្នុង​​​១ពាន់គ្រោះថ្នាក់​ ​​។ គាត់​ត្រូវ​​បាន​ជន​ដៃដល់ Omar Mateen បាញ់​​ចំ​កណ្តាល​ខ្នង​៤​គ្រាប់​​ជាប់​ៗ​គ្នា នៅ​ពេល​ដែល​រូប​​លោក​កំពុង​ធ្វើ​ពុត​​ស្លាប់ ​។

គាត់​​បាន​​ប្រាប់​ថា កាលនោះ​គឺ ​ម៉ោង​២​ទៀប​ភ្លឺ​នៅ​ពេល​ដែល​លោក​​បានឮសំឡេង​កាំភ្លើង​បន្លឺ​ឡើង​ ។ មនុស្ស​គ្រប់​គ្នា​បាន​ផ្អើល​រត់​ឈូ​​ឆរ​។ វា​ជា​សំណាងល្អ​ដែរ ដែល​​​លោក​កំពុង​តែ​នៅ​ជិត​សា​ឡុ​ង​ស្រាប់ ​។ លោក​ក៏​បាន​ពួន​នៅ​​ជិត​នោះ ហើយ​ធ្វើ​ពុត​ជាស្លាប់ ​។ ​ក្នុងពេល​នោះ​ គាត់​ធុំក្លិន​ឈាម​ស្រស់​ជុំវិញ​ខ្លួ​ន​របស់​លោក និង​ស្នូរ​កាំភ្លើង​ចេះ​តែ​​បន្ត​បន្លឺ​ ។ បន្តិច​មក សំឡេង​ស្នូរ​កាំភ្លើង​ក៏​ឈប់​ ។ គាត់​បានឮ​សូរ​សំឡេង​ដាក់​គ្រាប់កាំភ្លើង​របស់​ខ្មាន់​កាំភ្លើង ​។ គ្រាប់​នោះ​ហើយ​​ជា​គ្រាប់​ទាំង​៤​ ដែលទម្លុះ​ខ្នង​របស់​​លោក ព្រោះ​ជន​​ដៃ​គិត​ថា ​លោក​បាន​​ស្លាប់​ហើយ ក៏​បាន​បាញ់​​លេង ​។

លោក​ត្រូវ​បាន​បញ្ជូន​​មកកាន់​​មន្ទីរពេទ្យ​ បន្ទាប់​ពី​ការ​​កើតហេតុ​ ។ លោក​បាន​ប្រកាស​​សុំ​វិភាគទាន​តាម​អ៊ីន​​ធើរ​ណេ​ត ព្រោះ​លោក​កំពុង​មាន​ភាព​ខ្វះខាត​ការ​ចំណាយ​​ទៅ​លើ​ថ្លៃ​ពេទ្យ ​។