អ៊ឺរ៉ូ២០១៦៖ អៀរឡង់-​ស៊ុយអែត ប្រកួត​បើក​ក្រុម E មិន​ឈ្នះ​មិន​ចាញ់

ការប្រកួតបើកក្រុម E រវាងក្រុមជម្រើសជាតិអៀរឡង់ និងក្រុមស៊ុយអែដ បានបញ្ចប់ទៅ ដោយ​ពិន្ទុ ១-១ គ្មាន​ឈ្នះ​គ្មាន​ចាញ់។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏ក្រុមអៀរឡង់ មានឱកាស​ច្រើន​ជាង​ក្រុម​​ស៊ុយអែដ ហើយ​នៅខ្វះ​តែ​បន្តិច​ប៉ុណ្ណោះ ដើម្បី​យក​ជ័យជំនះ ពីការប្រកួតនេះ។
អ៊ឺរ៉ូ២០១៦៖ អៀរឡង់-​ស៊ុយអែត ប្រកួត​បើក​ក្រុម E មិន​ឈ្នះ​មិន​ចាញ់

ពីឆ្វេងមកស្ដាំ៖ កីឡាករ «O'Shea» របស់អៀរឡង់ និងកីឡាករ «Ibrahimovic» របសស៊ុយអែដ។ (រូបថតទ្វីសធើរ)

គឺក្រុមជម្រើសជាតិអៀរឡង់ ជាអ្នករកគ្រាប់បាល់បានមុន នៅក្នុងការប្រកួតបើកឆាក ប្រចាំពូល E នៅក្នុង​កីឡា​ដ្ឋាន «Stade de France» នៃក្រុងសាំងដឺនី (Saint-Denis) ជាប់ខាងជើងរដ្ឋធានីប៉ារីស កាលពីថ្ងៃចន្ទទី១៣ ខែ​មិថុនា​នេះ។

ប៉ុន្តែក្រុមអៀរឡង់ ត្រូវរង់ចាំរហូតដល់ពាក់កណ្ដាលម៉ោងទី២ បើទោះជាក្រុមនេះមានប្រៀប លើក្រុមស៊ុយអែដ និងមានឱកាស ទាត់បញ្ចូលទីជាច្រើនដង នៅក្នុងពាក់កណ្ដាលម៉ោងដំបូងក៏ដោយ។ នៅនាទីទី៤៨ កីឡាករ​ខ្សែ​ប្រយុទ្ធ «Hoolahan» បានទទួលបាល់ពីកីឡាករ «Coleman» ហើយបានទាត់ភ្លាមៗ ធ្វើឲ្យអ្នក​ចាំទី​របស់​ស៊ុយអែដ គ្មានពេលនឹងមើលពីទិសដៅ របស់បាល់មួយគ្រាប់នេះឡើយ។

ប៉ុន្តែក៏ដោយសារកីឡាករ «Clark» ខ្សែការពាររបស់អៀរឡង់ដែរ ដែលជាអ្នកយកក្បាលបុកបាល់ បញ្ចូល​ទៅ​ក្នុង​ទី​ខ្លួនឯង បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ​ល្បីឈ្មោះ «Ibrahimovic» របស់ស៊ុយអែដ បានបញ្ជូនបាល់ ​មកពី​ស្លាប​ខាង​ឆ្វេង ធ្វើឲ្យក្រុមស៊ុយអែដ រកបានពិន្ទុ១ទល់នឹង១ វិញនៅនាទីទី៧១។

យ៉ាងណា ស្ថានភាពគ្រប់គ្រង និងបញ្ជូនបាល់ ទាក់ទងនឹងការវាយលុក របស់ក្រុមអៀរឡង់ មានសភាព​ខ្លាំង​ក្លាជាងក្រុមស៊ុយអែដ។ កីឡាកររួមក្រុម របស់កីឡាករខ្សែប្រយុទ្ធស៊ុយអែដ «Ibrahimovic» ត្រូវការ​ពេល​វេលា​ច្រើន​ជ្រុល មុននឹងបញ្ចេញបាល់ពីជើង របស់កីឡាករម្នាក់ៗ។ ជាពិសេស បើទោះជាខ្លួនត្រូវបាននាំមុខ ដោយ​គ្រាប់​បាល់​មួយ​គ្រាប់​ របស់ក្រុមអៀរឡង់ក៏ដោយ តែក្រុមស៊ុយអែដ នៅតែគ្មានប្រតិកម្មអ្វីខ្លាំង ឬមិនបាន​បង្ក​គ្រោះ​ថ្នាក់​ណា​មួយ ដល់ខ្សែការពាររបស់ក្រុមអៀរឡង់។ ចន្លោះវាយលុកប៉ុន្មានដង របស់ក្រុមស៊ុយអែដនោះ មិនមាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទាល់តែសោះ។

ជាលទ្ធផលចុងក្រោយ ក្រុមទាំងពីរទទួលបានមួយពិន្ទុដូចគ្នា ហើយត្រូវរង់ចាំការប្រកួត រវាងក្រុមប៊ែលហ្សិក និងក្រុមអ៊ីតាលី នៅយប់នេះ ដើម្បីដឹងពីលទ្ធផលនៃជុំទីមួយ សម្រាប់ពូល E នៅក្នុងវគ្គជម្រុះ។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖