និស្សិត​ជាប់​អាហារូបករណ៍​ ចង់​អភិវឌ្ឍន៍​ស្រុក​ខ្មែរ​ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​បារាំង

ជារឿយៗ សង្គម​ខ្មែរ​តែង​ផ្ដល់​តម្លៃ​ឲ្យ​បុរស​ច្រើន​ជាង​ស្ត្រី​ដោយ​ហេតុ​ផល​វប្បធម៌​ ឬ​ប្រពៃណី​ជាដើម។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ រដ្ឋាភិបាល​ អង្គការ​សង្គមសីវិល និង​ក្រុម​ស្ត្រី​មួយ​ចំនួន បាន​និង​កំពុងតែ​ជំរុញ លើក​តម្កើង និង​ផ្ដល់​ឱកាស​ដល់​ស្ត្រី​ក្នុង​កិច្ច​ការងារ​សង្គម និង​នយោបាយ​។
 
និត​ នីតិការ ជា​នារី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​នារី​ខ្មែរ​ផ្សេងទៀត ​ដែល​មាន​ទេពកោសល្យ និង​សមត្ថភាព​ពិត​ ដែល​នឹង​ទៅ​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេស​ជាតិ​នា​ពេល​អនាគត។ មិន​តែ​ប៉ុណ្ណោះ​នាង​គឺ​ជា​គំរូ​ដ៏ល្អ​ដល់​យុវតី​ខ្មែរ​ផ្សេងទៀត​ ដើម្បី​ជា​ក្លាយ​ជា​ធនធាន​ដ៏​មាន​តម្លៃ​ក្នុង​សង្គម។

 

ចុះ​តើ នីតិការ ជា​នរណា? នីតិការ ជា​និស្សិត​នារី​ខ្មែរ​ដែល​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​ឆ្នាំទី ២ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង ក្រោយ​ពី​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​នៅ​ឆ្នាំ ​២០១៤ កន្លង​ទៅ​នេះ។

 

និស្សិត​ជាប់​អាហារូបករណ៍​ ចង់​អភិវឌ្ឍន៍​ស្រុក​ខ្មែរ​ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​បារាំង

 

 

នីតិការ ជា​អតីត​សិស្ស​វិទ្យាល័យ​ព្រះមុនីវង្ស ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​សិក្សាឆ្នាំ ២០១០​នៅ​ខេត្ត​បាត់ដំបង រួចនាង​បាន​បន្តការ​សិក្សា​ថ្នាក់​នីតិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។

 

អង្គុយ​ក្នុង​ផ្ទះ​ស្នាក់​របស់​សាកលវិទ្យាល័យ យុវតីអាយុ ២៣ឆ្នាំ ពូកែ​វោហារ និង​រួសរាយ​រាក់​ទាក់​រូប​នេះ​បាន​រៀបរាប់​អំពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​ដើម្បី​អាច​ទទួល​បាន​អាហារូបករណ៍​មក​សិក្សា​នៅ​អឺរ៉ុប​តាម​បំណង​ប្រាថ្នា។

 

ជោគជ័យ​មិនមែន​អាច​សម្រេច​បាន​ក្នុងរយៈ​ពេល​មួយ​ថ្ងៃទេ វា​អាស្រ័យ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ភាព​ឆ្លាតវៃ និង​ការរៀបចំ​គម្រោង ដើម្បី​ទៅ​ដល់​គោដៅ។ រីឯ នីតិការ មុននឹង​ទទួល​បាន​អាហារូបករណ៍ នាង​បានមានបំណង និង​ត្រៀម​ជាស្រេច​សម្រាប់​រស់នៅ និង​សិក្សា​នៅ​បរទេស។

 

និស្សិត​ជាប់​អាហារូបករណ៍​ ចង់​អភិវឌ្ឍន៍​ស្រុក​ខ្មែរ​ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​បារាំង

 

នីតិការ បាន​ឲ្យដឹងថា នាង​បាន​ចាប់ផ្តើម​រៀន​ភាសា​បារាំង​តាំងតែពីនាង​នៅ​ខេត្តបាត់ដំបង​មក​ម្ល៉េះ។​ បន្ទាប់ពី​ចូលរៀន​នៅសាកលវិទ្យល័យ នាង​បាន​បន្ត​ថ្នាក់​ពិសេស​នីតិសាស្ត្រ ជា​ភាសា​បារាំង​នៅ​ឆ្នាំ​ទី២។

 

ដំណឹង​នៃ​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅក្នុង​សាសា ដោយ​ជា​និស្សិត​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​និស្សិត​ឆ្នើម​ផ្សេង​ពី​ចំណាត់​ថ្នាក់​លេខ ១​ ដល់ ១០ នីតិការ​បាន​ដាក់​ពាក្យ​អាហារូបករណ៍​ដើម្បី​បន្តការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេសបារាំង។

 

ដំបូង​នាង​ស្រាវជ្រាវ​តាមរយៈ​អ៊ីនធឺណិត​ និង​ជ្រើសរើស​សាកលវិទ្យាល័យ​ដែល​ខ្លួន​ចង់​ដាក់​ពាក្យ​ រួច​ផ្ញើ​អ៊ីម៉ែល​ណែនាំខ្លួន គោលបំណង និង​ស្នើសុំ​ទៅ​សិក្សា​នៅ​ទីនោះ។

 

នីតិការ បាន​និយាយថា និស្សិត​ត្រូវ​អាច​ប្រើប្រាស់​ភាសា​បារាំង​កម្រិត​ DELF. B2 ដែល​អាចសរសេរ ស្ដាប់ និង​និយាយ​សម្រាប់​ថ្នាក់រៀន។

 
និស្សិត​ជាប់​អាហារូបករណ៍​ ចង់​អភិវឌ្ឍន៍​ស្រុក​ខ្មែរ​ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​បារាំង

 

មិន​ត្រឹម​រៀន​ភាសា​បារាំង និង​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​នៅ​ប្រទេស​បារាំង​ប៉ុណ្ណោះ​ទេ នាង​បាន​សិក្សា​ស្វែង​យល់​បន្ថែម​ពី​ភូមិសាស្ត្រ ម្ហូបអាហារ តំបន់​ទេសចរណ៍ អរិយធម៌ វប្បធម៌ និង​ប្រពៃណី​របស់​គេ​ផងដែរ។​

 

ជោគជ័យ​នៅ​មិន​ឆ្ងាយពីដៃ… ដោយសារ​មាន​ការ​ខិតខំប្រឹងប្រែង និង​ត្រៀមខ្លួន នីតិការ បាន​សម្រេច​គោលបំណង​ដោយ​ទទួល​បាន​អាហារូបករណ៍ Excellent Eiffel ដើម្បី​​សិក្សា​បន្តថ្នាក់​អនុបណ្ឌិត ផ្នែក​ច្បាប់ ជំនាញ​នីតិ​ធុរ​កិច្ច និង​ពន្ធដារ នៅ​សាកល​វិទ្យា​ល័យប៉ារីស៨។

 

នីតិការ បាននិយាយថា «ខ្ញុំមានក្តី​រំភើបរីករាយ​យ៉ាង​ខ្លាំងចំពោះ​ការ​ទទួល​បាន​អាហារូបករណ៍ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​តាម​បំណង។ ហើយ​ខ្ញុំគិតថា​យុវជន​ផ្សេងទៀត ពិសេស​នារី​ៗ​ក៏​ធ្វើ​បាន​ដូច​ខ្ញុំ​ដែរ… គេច្រើន​តែនិយាយ​ថាស្រ្តី​មុជមិនជ្រៅទៅ​មិនឆ្ងាយ ឥឡូវ​យើង​ដែល​ជាស្រ្តីត្រូវ​តែ​ផ្លាស់ប្តូរ។ សម្រាប់​ស្ត្រី សូម​ឈប់​ប្រើ ភេទ ជាការដោះសារ។ យើង​មានសិទ្ធិ​ស្មើគ្នា និង​អាច​សម្រេច​ជោគជ័យ​បាន​ដូច​បរុស រីឯ​សង្គម​គួរផ្តល់​ឱកាស​ដល់​ស្ត្រី​ឲ្យ​បាន​ស្មើនឹង​បុរស។

 

នាង​បានបន្ថែមថា មិនគ្រាន់តែ​សិក្សា​ចំណេះដឹង​នៅ​សាកលវិទ្យាល័យ​ប៉ុណ្ណោះ​ទេ នាង​បានយល់​ដឹង​បន្ថែមទៀត​ពីសិល្បៈ វប្បធម៌ ប្រពៃណី​ជនជាតិបារាំង​ថែមទៀត។

 
និស្សិត​ជាប់​អាហារូបករណ៍​ ចង់​អភិវឌ្ឍន៍​ស្រុក​ខ្មែរ​ ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​បារាំង

 

នីតិការបន្តថា «ខ្ញុំសង្កេតឃើញថា ប្រជាជន​បារាំង​នៅទីនេះ យក​ការអប់រំ និង​ការ​អភិរក្ស​វប្បធម៌ដ៏​ថ្លៃថ្លា​របស់​គេ​ជាជាង​សម្ភារៈនិយម បើទោះបីជា​មានបច្ចេកវិទ្យា​ទំនើប​យ៉ាងណាក៏ដោយ ក៏គេមិន​អាច​បំភ្លេច​នូវ​វប្បធម៌​ដ៏អស្ចារ្យ​របស់​គេបាន​ដែរ។ និយាយពី​វប្បធម៌ នៅទីនេះ​ខ្ញុំចង់​សំដៅលើ​សារមន្ទីរ​ តន្ត្រី ភាពយន្ត និង​អាហារ​ជាដើម។ មិនខុស​ទៅនឹង​ប្រទេស​យើងទេ បើទោះបីជា​យើង​កំពុង​​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​យើង​គួរ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​វប្បធម៌​ដែល​វាឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​​របស់​ខ្លួន និង​មោទកភាព​ជាតិ។ ខ្ញុំចង់​ឃើញ​កម្ពុជា​យើង​ធ្វើ​បាន​ដូចគេ​ ហើយ​ខ្ញុំជឿជាក់​ថា​ យើង​អាច​ធ្វើបាន​ ហើយ​បើ​យើង​ទាំងអស់​រួបរួម​គ្នា​យើង​ពិតជា​អាច​ធ្វើ​អោយ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ។ ដូចនេះ ខ្ញុំនឹង​សម្រេច​ចិត្ត​ថា​នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម ក្រោយពេល​ក្រេបជញ្ជក់​ចំណេះ​ដឹង​នៅ​ទីនេះ»។

 

អត្ថបទ៖ កើត-អ៊ូជេ​ ចន្ទ្រា
រូបថត៖ ចន្ទ្រា និង ប្រភព​ផ្ដល់​ឲ្យ