គ្រូស្នេហ៍ (ភាគ​ទី​១) ចេញ​ផ្សាយ​ព្រឹក​នេះ!

ភាគ​ទី​១
ជា​លើក​ដំបូង​បង្អស់​ដែល​ខ្ញុំ​បាន​ឃើញ​ដា​រ៉ាវី ខ្ញុំ​បាន​លង់​ស្រឡាញ់​គេ​ភ្លាមៗ​ទៅ​ហើយ ទោះបីជា​ខ្ញុំ​ជឿ​ថា​ស្នេហា​នេះ​គ្មាន​លទ្ធផល​ក៏​ដោយ។
ខ្ញុំ​ស្គាល់​ម្តាយ​នាង ព្រោះ​គាត់​តែងតែ​មក​រក​ខ្ញុំ​ឱ្យជួយ​ទស្ស​ទាយ​ពី​អនាគត​មុខ​ការ​ប្តី​គាត់​ដែល​ជា​មន្ត្រីរាជការ​តួនាទី​ធំ ចំណែក​ដារ៉ាវី​មិន​បាន​មាន​និស្ស័យ​ជឿ​រឿង​អស់​នេះ​ទេ គេ​គ្រាន់តែ​បើក​ឡាន​ជូន​ម្តាយ​គេ​មក ក៏​​ខ្ញុំ​មាន​ឱកាស​ឃើញ​គេ ហើយ​កើត​ការ​រំភើប​យ៉ាង​ខ្លាំង។
ខ្ញុំ​បាន​លាក់​អារម្មណ៍​របស់​ខ្ញុំ​យ៉ាង​ជិត ព្រោះ​ខ្ញុំ​មាន​របរ​ជា​គ្រូស្នេហ៍​ស័ក្ដិសិទ្ធិ​មាន​អ្នក​តាម​ស្ដាប់​ឱវាទ​មក​ជា​ហូរហែ។​ បើ​ឱ្យគេ​ដឹង​ថា ខ្ញុំ​ក៏​មាន​ស្នេហា​ដូច​ប្រុស​កំលោះ​ដទៃ ខ្ញុំ​ត្រូវ​សាប​ជំនឿ​មិន​ខាន។

 

នាង​អង្គុយ​ឆ្ងាយ​ពី​ខ្ញុំ ប៉ុន្តែ​ចម្ងាយ​ប៉ុណ្ណឹង​ហើយ ខ្ញុំ​សឹង​ថា​មិនអាច​បន្ត​តស៊ូ​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​ភាព​ស្រស់​ស្អាត​របស់​នាង​បាន​ផង។
នៅ​ទី​នោះ នាង​អង្គុយ​ចុច​ទូរ​សព្ទ​មិន​បាន​ខ្វល់​នឹង​ខ្ញុំ ហើយ​មិន​ដឹង​ឡើយ​ថា គ្រូស្នេហ៍​ម្នាក់​នេះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​នាង។
បេះដូង​របស់​ខ្ញុំ​រក្សា​ទុក​រូប​នាង ​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​គិត​អំពី​នាង​ជាប់​កែវ​ភ្នែក​មិន​ថា​យប់​មិន​ថា​ថ្ងៃ។
រហូត​ដល់​សប្តាហ៍​ថ្មី ម្តាយ​នាង​បាន​មក​ដល់​សាជាថ្មី តែ​គ្មាន​នាង​មក​តាម​ទេ។ ពេល​ខ្ញុំ​កំពុង​ត្រៀម​ចិត្ត​នឹង​​សួរនាំ​អំពី​រឿង​នៅ​ផ្ទះ​គាត់ ព្រម​ទាំង​ឆៀង​ដល់​រឿង​របស់​កូនៗ​គាត់ គាត់​បាន​នាំ​មក​ឱ្យ​ខ្ញុំ​មុន​នូវ​ដំណឹង​គួរ​ឱ្យ​អស់​សង្ឃឹម​ថា៖
«គ្រូ​ក្មេង​ជួយ​មើល​មើល៍ កូន​វី​ខ្ញុំ​លើក​ទៅ​ឱ្យ​កូន​ប្រុស​ឧកញ៉ា​សា​វិន​នោះ ជា​គូ​ព្រេង​នឹង​គ្នា​មែន​ដែរ​ទេ?»
«បាទ!»
ខ្ញុំ​ឆ្លើយ ហើយ​ធ្វើ​ជា​ធ្មេច​ភ្នែក​ភាវនា។ តាម​ពិត​ជា​លេស​ក្នុង​ការ​លេប​កំបាំង​ភាព​តក់ស្លុត​សម្ងំ​ទុក​ទៅ​ជ្រាលជ្រៅ​ក្នុង​ស្រទាប់​បេះដូង។

 

កូនស្រី​អ្នកមាន​នោះ​កំពុងមាន​ទ្រនំ​ហើយ។ នាង​មិនមែន​សម្រាប់​ខ្ញុំ​ទេ ទាំង​មុខ​របរ​ឋានៈ​សង្គម និង​ស្ថានភាព​ជាក់ស្តែង។ ជា​ការ​ពិត​ណាស់ រឿង​មើល​ទស្សន៍ទាយ​គូ​ព្រេង​ឱ្យ​កូន​ៗ​របស់​ពួក​ជំទាវ វា​បាន​ឮ​ស៊ាំ​ត្រចៀក​ណាស់​ទៅ​ហើយ ប៉ុន្តែ​ពាក្យ​មួយ​ឃ្លា​នេះ​ដូច​ជា​សម្លាប់​ខ្ញុំ​ទាំង​រស់​មែន។
«អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​នេះ​​ នឹង​នាំ​មក​នូវ​ករណី​អាក្រក់​មួយ​ចំនួន​ប៉ះពាល់​​ដល់​ឯកឧត្ដម​ជា​ប៉ា!»
ខ្ញុំ​និយាយ​ទៅ​តាម​ចិត្ត​ទោសៈ ព្រោះ​ការ​គន់គូរ​ឃើញ​ថា នាង​និង​អា​អន្ទិត​កូនប្រុស​ឧកញ៉ា​សា​វិ​ន​នោះ បើ​បាន​គ្នា​មែន​គឺ​វាសនា​ល្អ​ណាស់។ ប្រការ​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​នឹង​វាសនា​ដោយ​ច្រណែន​ខឹង។

 

ជំទាវ​នេះ​ថ្លោះ​ទឹក​មុខ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​មាន​អំណរ។
«អូ? ប៉ះពាល់​រាសី​ប៉ា​វា?!»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

គ្រូស្នេហ៍ (ភាគ​ទី​១) ចេញ​ផ្សាយ​ព្រឹក​នេះ!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ