ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ អាច​ព្យាបាល​ជា​ដែរឬទេ​?

ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ អាច​ព្យាបាល​ជា​ដែរឬទេ​?


ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ អាច​ព្យាបាល​ជា​ដែរឬទេ​?

​ស្ត្រី​មាន​ក្រពេញ​អូវ៉ែ​ចំនួន​ពីរ​គ្រាប់ ដែល​អម​សងខាង​ស្បូន​។ ក្រពេញ​នេះ​មាន​ទំហំ​ប៉ុន​ផ្លែ​អាល់​ម៉ុន ដែល​មាន​តួនាទី​ផលិត​មេ​ជីវិត​ញី ព្រមទាំង​អ័រម៉ូន​អឺ​ស្ត្រូ​សែន និង​ប្រូ​ហ្សេ​សស្តេ​រ៉ូន​។

​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ ច្រើន​តែ​មិន​អាច​រកឃើញ​ទេ ទាល់តែ​វា​មាន​ការរីក​រាលដាល ដល់​សរីរាង្គ​ក្នុង​អាង​ត្រគាក និង​ពោះ​។ ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ ជំងឺមហារីក​ប្រភេទ​នេះ ច្រើន​តែ​ពិបាក​ព្យាបាល ព្រមទាំង​បង្ក​គ្រោះថ្នាក់ ដល់​អាយុជីវិត​ទៀតផង​។ ករណី​ជំងឺ​មហារីក​នេះ ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ការព្យាបាល តែងតែ​ទទួលបាន​នូវ​ភាពជោគជ័យ​ច្រើន​។
​ការវះកាត់ និង​ប្រើ​ថ្នាំ​ជំងឺមហារីក គឺជា​ជម្រើស សម្រាប់​ព្យាបាល​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែនេះ​។

​ការព្យាបាល​
​ការព្យាបាល​ជំងឺ​មហារីក​ក្រពេញ​អូ​វ៉ែ ច្រើន​តែ​មាន​ការ​ផ្សំ​ចូលគ្នា ដោយ​ការវះកាត់​ផង និង​ប្រើ​ថ្នាំ​ជំងឺមហារីក​ផង​។

​ការវះកាត់​
​ជាទូទៅ ការព្យាបាល​ត្រូវ​តែមាន ការ​កាត់​ចោល​នូវ​ក្រពេញ​អូវ៉ែ​ទាំងសងខាង បំពង់​ដៃ​ស្បូន ស្បូន ព្រមទាំង​កូនកណ្តុរ​ដែល​នៅ​ជិតៗ ព្រមទាំង​ជាលិកា​ខ្លាញ់​ក្នុង​ពោះ (Omentum) ដែល​មហារីក​ក្រពេញ​អូវ៉ែ​រាលដាល​ដល់​។ គ្រូពេទ្យ​វះ ក៏​នឹង​កាត់​ដុំ​មហារីក​ចេញ ពី​ពោះ​របស់​អ្នក​ឲ្យបាន​ច្រើន តាម​តែ​អាច​ធ្វើទៅបាន​។

​ការវះកាត់​ដែល​មិនសូវ​ប៉ះពាល់​ច្រើន ប្រហែលជា​អាច​ធ្វើបាន បើសិន​ជា​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​អ្នក ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ ដឹង​ទាន់ពេលវេលា​បំផុត​។ សម្រាប់​ស្ត្រី​ដែលមាន ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ដំណាក់កាល​ទី​១ ការវះកាត់ ប្រហែលជា​ត្រូវ​កាត់​ក្រពេញ​អូវ៉ែ​ម្ខាង ព្រមទាំង​បំពង់​ដៃ​ស្បូន​របស់​វា​ចោល​។ ដំណើការ​នេះ ប្រហែលជា​អាច​ជួយ​ឲ្យ​ស្ត្រី នៅ​មាន​លទ្ធភាព​យក​កូន​បាន​ទៀត​។

​ការប្រើ​ថ្នាំ​ជំងឺមហារីក​
​ក្រោយ​ពី​វះកាត់​រួច អ្នក​នឹង​ត្រូវ​បន្ត​ការព្យាបាល ជាមួយ​ថ្នាំ​មហារីក​ទៀត ដើម្បី​សម្លាប់​កោសិកា​មហារីក​ដែល​នៅសល់​។ ថ្នាំ​ជំងឺមហារីក អាច​ប្រើ​ជា​ការចាក់​តាម​សរសៃ​វ៉ែន ឬ​បញ្ចូល​ទៅក្នុង​ពោះ ដោយផ្ទាល់​តែម្តង​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។