បឹងកេត លត់អាស៊ីអឺរ៉ុប ៥-០ ដើម្បីរក្សាឱកាសប្រជែងជាមួយក្រុមទ័ព

ក្រុម​បឹង​កេតអង្គរ បាន​ប្រើ​​រយៈ​ពេល​៤៥​នាទី នៅ​ក្នុង​តង់​ទី​២ ដើម្បី​លត់​ក្រុម​អាស៊ីអឺរ៉ុប​របស់​ហូត​៥​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃអាទិត្យ ម្សិល​មិញ ដើម្បី​រក្សា​ឱកាស​ប្រជែង​យក​ពាន​ជាមួយ​ក្រុមក្រសួង​ការពារជាតិ(ទ័ព) ខណៈ​ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង ក៏​បាន​ផ្តួល​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា(ស៊ីម៉ាក់) ដើម្បីឡើង​ទៅ​កាន់​លេខ​រៀង​ទី​៣​ផង​ដែរ ដោយ​បាន​ទម្លាក់​​ក្រុម​ណាហ្គាវើល មក​ទី​តាំង​លេខ​៤វិញ។

beongket1

សម្រាប់​ការ​ប្រកួត​នៅពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ម្សិល​មិញ​នោះ ក្រុម​បឹង​កេតអង្គរ បាន មិន​អាចប្រើ​ការ​វាយ​លុក​រក​បាន​គ្រាប់បាល់​នៅតង់​ទី​១​នោះ​ឡើយ ហើយ​ក្រុម​មួយ​នេះ​ក៏​បានជួប​ការ​បារម្ភៗ​ម្តង ពី​ការ​វាយ​បក​ភ្លាមៗ​​របស់​​ក្រុម​អាស៊ីអឺរ៉ុប​ ផង​ដែរ។ ប៉ុន្តែ​នៅ​តង់​ទី​២ បឹង​កេត ​អាច​រក​បាន​រហូត​ដល់​៥​គ្រាប់ ដើម្បី​ឈ្នះ​អាស៊ីអឺរ៉ុប ៥-០ ដោយ​គ្រាប់បាល់​ទាំង​នោះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ចំនួន២​គ្រាប់ នៅនាទីទី​៦៤ និង​៧៣ និង Omogba ២​គ្រាប់ នៅនាទីទី​៥០ និង​៨៤ និង រស់ សំអឿន ១​គ្រាប់ នៅ​នាទីទី​៨៣។

beongket2

ការ​បន្ត​ឈ្នះ​លើ​ក្រុម​អាស៊ីអឺរ៉ុប ក្នុង​ជើង​ទី​២​នេះ បាន​ជួយ​ឲ្យ​បឹង​កេត មាន​ឱកាស​១០០ភាគ​រយ ក្នុង​ប្រជែង​យក​លេខ​១​ជាមួយ​​ក្រុមទ័ព បើ​ទោះ​បីជា​​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​​នៃ​សមាជិក​ក្រុមជម្រើសជាតិ​កូរ៉េខាង​ជើង Ri Hyok Chol បាន​រក​២​គ្រាប់​តែ​ម្នាក់​ឯង នៅនាទីទី​៣៧ និង ៤៥+១ ដើម្បី​ជួយ​ឲ្យ​ក្រុម​ទ័ព ឈ្នះ​ក្រុម​ប៉ូលិស ២-០ ដើម្បី​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​​ក៏​ដោយ ព្រោះ​ជ័យ​ជម្នះ​របស់​បឹង​​កេត កាល​ពី​ម្សិល​មិញ បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​២៧​ពិន្ទុ​ស្មើ​ក្រុម​ទ័ព ដដែល។

beongket3

beongket4

ចំណែក​​ក្រុម​ព្រះខ័ន​រាជស្វាយ​រៀង បាន​យក​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ៥-៣ នៅ​ពហុកីឡដ្ឋានជាតិ កាល​ពី​ម្សិល​មិញ​នោះ​ដែរ ដើម្បីឡើង​ទៅ​ឈរនៅ​លេខ​រៀង​ទី​៣វិញ​ ដោយមាន​១៩​ពិន្ទុ និង​បាន​ទម្លាក់​ក្រុម​ណាហ្គាវើល ដែល​បាន​ឡើង​មកកាន់​លេខ​រៀង​ទី​៣នេះ តាម​រយៈ​ការ​យក​ឈ្នះ​ក្រុម​វេស្ទើន ២-០ កាល​ពី​ថ្ងៃ​សៅរ៍ ឲ្យ​ធ្លាក់​ទៅ​ឈរ​នៅលេខ​រៀង​ទី​៤​វិញ​ដដែរ ដោយ​មាន​១៧ពិន្ទុ។ ចំណែក​ក្រុម​ម្ចាស់​ជើង​ឯក​ភ្នំពេញ​ក្រោន បាន​​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុមខេមបូឌាន​ថាយហ្គឺរ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​នៃ​កីឡដ្ឋាន RSN កាល​ពី​យប់​ថ្ងៃ​សុក្រុះ៕