តារា​សម្តែង​សឿ​ន វី​តា បាន​រាសី​ប្រពន្ធ​យោង

រាជធានី​ភ្នំពេញ ៖ លោក​សឿ​ន វី​តា ជា​តារា​សម្តែង​យូរ​ឆ្នាំ​មក​ហើយ ដោយ​ធ្លាប់​បង្ហាញ​ស្នាដៃ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន ។ លោក​វី​តា បាន​ចូល​រោងការ​ប៉ុន្មាន​ខែ​មុន ធ្វើ​ឱ្យ​លោក​បារម្ភ​ថា ការងារ​សម្តែង​នឹង​ធ្លាក់​ចុះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​មិន​ដូច្នោះ​ទេ ។

លោក​សឿ​ន វី​តា គិត​ថា តារា​ខ្មែរ​ប្រសិនបើ​រៀប​ការ​រួច​ហើយ​ច្បាស់​ជា​ការងារ​ស្រុត​ចុះ​មិន​ថា​បុរស ឬ​នារី​ទេ ។ ម្ល៉ោះហើយ​ទើប​លោក​វី​តា ត្រៀម​ចិត្ត​ទទួល​រឿង​នោះ ដោយ​ងាក​ទៅ​រកមុខ​ជំនួញ​ផ្សេង​វិញ ។ មិន​ដូច​ការ​គិត​ស្រាប់តែ​លោក​សឿ​ន វី​តា ទទួល​បាន​ការងារ​សម្តែង​ភាពយន្ត​ភាគ​ខ្នាត​ធំ​ជូន​ផលិតកម្ម ល្បី​ៗ​ជា​ច្រើន​រឿង ។ ស្នាដៃ​លោក​វី​តា សម្តែង​បាន​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍​ល្បី​ពេញ​និយម ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​សម្តែង​សឿ​ន វី​តា និយាយ​ថា «​ក្រោយ​រៀប​ការ​ហើយ ខ្ញុំ​គិត​ថា​អាជីព​សម្តែង​អាច​មិនសូវ​ល្អ​ដូច​មុន​ឡើយ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មាន​កិច្ចការ​សម្តែង​ភាពយន្ត​ដល់​ទៅ​៥​រឿង ដែល​តម្រូវ​ឱ្យ​ខ្ញុំ​ត្រូវ​បែងចែក​ពេលវេលា​ឱ្យ​ល្អ​ត្រូវ​តាម​វេន ចៀសវាង​ការ​ជាន់​គ្នា​ទៀត​ផង ។ ផ្ទុយ​ពី​មុន​មួយ​ខែ ពីរ​ខែ​អត់​មាន​អ្នក​ណា​ហៅ​សោះ ស្ងាត់​ឈឹង ប៉ុន្តែ​ពេល​នេះ​រកតែ​ពេល​ទទួលទាន​បាយ​មិន​បាន​ឡើយ ។ មិន​នឹកគិត​ស្មាន​ដល់​ទេ​តាំងពី​ការ​ហើយ​មក គឺ​ការងារ​ស្រាប់តែ​មាន​ច្រើន​ខុស​ពី​មុន ។ អាច​ថា​មក​ពី​ប្រពន្ធ​ជួយ​យោង​រាសី​ក៏​ថា​បាន ព្រោះ​ការងារ​មាន​ច្រើន​ណាស់​បូក​ទាំង​ជំនួញ​ក្រៅ​សិល្បៈ​ទៀត ។ ទាក់ទង​នឹង​បណ្តា​ខ្សែ​រឿង​ទាំង​៥​ដែល​ខ្ញុំ​កំពុង​តែ​មាន​ក្នុង​ដៃ រួម​មាន​ក្នុង​ផលិតកម្ម​ភី​អ​ប្រូ​ដាក​សិន​របស់​អ្នក​នាង​ព្រំ រ​ដ្ឋា មាន​ពីរ​រឿង គឺ​រឿង​«​វិ​ថី​នារី​» និង​រឿង «​ផ្កា​រីក​ក្នុង​ចិត្ត​»​។ ពីរ​រឿង​ទៀត​ក្នុង​ផលិតកម្ម​អិ​ល​ឌី​ភី​ក​ឆើ គឺ​រឿង​«​ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ​» និង​រឿង «​ទី​បញ្ចប់​» ។ រឿង​ចុង​ក្រោយ​គឺ​រឿង «​ផ្កា​បួន​ទង​» ដែល​ថត​ជា​តួឯក​កម្សត់​ស្រុកស្រែ​» ។

នៅ​មាន​មួយ​រឿង​ទៀត​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ តែ​លោក​សឿ​ន វី​តា បដិសេធ​ព្រោះ​អត់​ពេល​សម្តែង​ជូន ។

ចំពោះ​តម្លៃ​ខ្លួន​លោក​សឿ​ន វី​តា មិន​ទាមទារ​ទេ អាស្រ័យ​លើ​ផលិតកម្ម​ផ្តល់​ជូន​ក្នុង​ភាពសមរម្យ តែ​មិន​ដល់​រាប់​ពាន់​ដូច​គេ​ទេ ។

ក្រោយ​រៀប​ការ​រួច លោក​សឿ​ន វី​តា ចង់​ផ្អាក​ការងារ​សិល្បៈ​ងាក​ទៅ​រកស៊ី​ម្តង ប៉ុន្តែ​ផលិតករ និង​មិត្ត​សិល្បករ​លើកទឹកចិត្ត​ថា ឈាន​ជើង​តាំងពី​ជណ្តើរ​ជាន់​ទី​១​ដល់ទី​៥​ហើយ កុំ​ចោល ដូច្នេះ​លោក​ក៏​បន្ត​អាជីព​សម្តែង​ទៀត​។ សម្រាប់​ផលិតករ ឬ​ផលិតកម្ម​មួយ​ចំនួន នៅ​លីវ​ឬ​មាន​ប្តី​-​ប្រពន្ធ​មិន​សំខាន់​ទេ ឲ្យ​តែ​ចេះ​សម្តែង​មាន​ទេព​កោសល្យ​ល្អ ។

លោក​សឿ​ន វី​តា មាន​ភរិយា​ឈ្មោះ​ស៊ឹ​ម សូ​ដា​ណេ ប្រកប​របរ​អ៊ុតសក់ លាប​ក្រចក ។​ក្រៅពី​មុខរបរ​សិល្បៈ​លោក​វី​តា ប្រកប​អាជីវកម្ម​រថយន្ត​តាក់ស៊ី ដោយ​មាន​រថយន្ត​ច្រើន​គ្រឿង ។

អ្នក​ខេត្តបន្ទាយមានជ័យ​លោក​សឿ​ន វី​តា ចូលរួម​សម្តែង​ច្រើន​ក្នុង​ផលិតកម្ម​មហាហង្ស​ដូច​ជា​រឿង​«​ឆ្អែតចិត្ត​» «​ពេជ្រ​ក្នុង​បេះដូង​» «​ម្ចាស់​គំនុំ​ពី​អតីតជាតិ​» និង​រឿង «​រលក​បោក​ខ្សាច់​» ជាដើម ៕