មិនដឹង​បើក​យ៉ាងម៉េច​ទេ បាន​ក្រឡាប់​ផ្ងារជើង​បែប​នេះ

រាជធានី​ភ្នំពេញ ៖ រថយន្ត MUSSO មួយ​គ្រឿង​បាន​បើក​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ ព្រោះតែ​អ្នកបើកបរ​រាង​ស្រវឹង ហើយ​រវល់​តែ​ចុច​ទូរស័ព្ទ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ចំណុច​ស្ពានថ្ម​ជិត​ច្រកចូល​កន្លែង​ចាក់សំរាម​ស៊ិ​ន​ទ្រី តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

តាម​សំដី​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​បាន​ឲ្យ​ថា រូប​គាត់​ទើបនឹង​ចេញ​មក​ពី​កម្មវិធី​ជប់លៀង​នៅផ្ទះ​របស់​មេ នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ ដោយ​បាន​បើករថយន្ត ម៉ាក​MUSSO ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02-2-4602 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​រាង​ស្រវឹង​បន្តិច​ផង លុះ​មក​ដល់​ចំណុច​ខាងលើ​រូប​គាត់​រវល់​តែ​ចុច​ទូរស័ព្ទ​មិន​បាន​មើលផ្លូវ​ច្បាស់ ព្រោះ​អី​ផ្លូវ​ពង្រីក​ធំ តែ​ស្ពាន​មិន​ទាន់​ពង្រីក ហើយ​អ្នក​ធ្វើ​មិន​បាន​ដាក់​ភ្លើង ឬ សញា​សម្គាល់​អ្វី​នោះ​ទេ ទើប​បណ្ដាល​ឲ្យ​រូប​គាត់​បើករថយន្ត​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ធ្វើ​ឲ្យ​រថយន្ត​របស់​គាត់​ផ្ងារ​ជើងទ្រ​មេឃ​តែ​ម្តង​ទៅ ហើយ​ភ្លាម​នោះ​ៗ​រូប​គាត់​បាន​ស្រ​វ៉េ​ស្រ​វ៉ា​បើកទ្វារ​រថយន្ត​ចេញ​មក​ក្រៅ​ទាំង​សភាព​ភ័យ​ស្លេកស្លាំង និង​ទទឹក​ទឹក​ស្អុយ​ជោគ​ពេញ​ខ្លួន តែ​មិន​រង​របួស​នោះ​ទេ ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ថា​មិន​មាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង សាធារណ​:  ហើយ​ឲ្យ​ម្ចាស់​រថយន្ត​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕