ផ្អើល​ពេញ​ភូមិ ! ព្រលឹង​ជន​រង​គ្រោះ​មក​សណ្ឋិត​ទាមទារ​រក​យុត្តិធម៌

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រលឹង​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​មក​សណ្ឋិត​ចូល​រូប​ម្តាយមីង​ដើម្បី​ទាមទារ​រក​យុត្តិធម៌ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្រលឹង​ជន​រង​គ្រោះ​ដែល​បាន​មក​ចូល​រូប​នោះ​ឈ្មោះ អ៊ុ​ង វត្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​កាល​នៅ​រស់​ជា​អាជីវករ​លក់ដូរ​) ។ ជន​រង​គ្រោះ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦​មិថុនា ហើយ​ត្រូវ​បាន​គេ​យក​ទៅ​កប់​កាលពី​ថ្ងៃ​ទី​១៧​មិថុនា នៅ​វត្ត​លើ ក្រុងព្រះសីហនុ ។ កាល​នៅរ​ស់ជន​រង​គ្រោះ​មាន​ប្រពន្ធ​ឈ្មោះ ឈិ​ត សុផល អាយុ​៣៥​ឆ្នាំ មានកូន​៣​នាក់ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ព្រលឹង​ជន​រង​គ្រោះ​បាន​មក​សណ្ឋិត​ចូល​រូប​ម្តាយមីង​របស់​ខ្លួន​ឈ្មោះ យន្ត ប៉ុក អាយុ​៤០​ឆ្នាំ ដើម្បី​ទាមទារ​រក​យុត្តិធម៌ មាន​ដូច​ជា ៖ ទី​១-​ទាមទារ​ឲ្យ​ម្តាយបង្កើត​របស់​ខ្លួន​គាស់​សព​របស់​ខ្លួន​ដែល​គេ​យក​ទៅ​កប់​នោះ​យក​មក​បូជា​វិញ ។ ទី​២-​ការ​ស្លាប់​របស់​ខ្លួន​គឺ​មិនមែន​ស្លាប់​ដោយសារ​ខ្យល់គ និង​ជំងឺលើសឈាម​ទេ ការ​ពិត​គឺ​ស្លាប់​ដោយ​មាន​គេ​រឹត​ក​សម្លាប់​ពេល​ស្រវឹង ព្រោះ​មាន​ស្នា​មរឹតក និង​ជាំ​នៅ​កំភ្លៀង​ខាងឆ្វេង ឬ​ខាងស្តាំ (​ព្រលឹង​ចាំ​មិន​ច្បាស់​ព្រោះ​ពេល​គេ​សម្លាប់​នោះ​ស្រវឹង​) ។