​ចោរ​​ហាក់ដូច​ព្រហើន​​ទៅ​ព្រហើនទៅ​ហើយ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​លក់ដូរ និង​បើក​វី​ង​មួយ​កន្លែង ត្រូវ​ជន​មិន​ស្គាល់​មុខ (​ប្រុស​-​ស្រី​)២​នាក់ បន្លំ​ចូល​លួច​យក​គ្រឿងអលង្ការ និង​លុយ​គ្រប់​ប្រភេទ​អស់​គ្មាន​សល់ បង្ក​ឱ្យ​ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ស្ថិត​នៅ​ចំណុច​​ភូមិ​ក្រពើ​ខាងជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​ឡេ​ង ឡូញ ភេ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ រីឯ​ចោរ​មាន​គ្នា​២​នាក់​ប្រុស​១​ស្រី​១ បាន​ជិះ​ម៉ូតូ​មក​ឈប់​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ រួច​ម្នាក់​មក​ធ្វើ​ជា​ទិញ​អីវ៉ាន់ និង​ម្នាក់​ទៀត​បន្លំ​ចូល​ទៅ​រើ​កកាយ​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ដោយ​បាន​មាស​និង​លុយ​អស់​គ្នាន​សល់ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេច​នា​ត់​ភ្លាម​ៗ​តែ​ម្ដង ខណៈ​នៅផ្ទះ​នោះ គឺ​នៅ​តែ​កូនស្រី​ម្នាក់​ឯង ។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ និង​សាកសួរ​ដល់​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា បើ​តាម​ការ​ស្រាវជ្រាវ គឺ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​២​នាក់​នោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​០១០៥ ។ ហើយ​ជន​រង​គ្រោះ​មាន​មុខរបរ​លក់ដូរ​ផង និង​ទ​ទូល​ផ្ទេរ​លុយ​វី​ង​ផង ។ ក្នុង​ពេល​កើតហេតុ​នោះ គឺ​មាន​តែ​កូនស្រី​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​លក់ដូរ ទើប​មាន​បញ្ហា​នេះ​​កើតឡើង ។

ប្រភព​មន្ត្រី​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​ជន​រង​គ្រោះ​បាន​រាយការណ៍​ពី​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាត់បង់​រួម​មាន គ្រឿងមាស​ចំនួន​១​គីឡូ​,​លុយ​ខ្មែរ​៣០​លាន​រៀល​, លុយ​ដុល្លារ​៦០០០​ដុល្លារ និង​លុយ​ថៃ​១៤​ម៉ឺន​បាត ។ ជន​រង​គ្រោះ​អះអាង​ថា មាស​ទាំងនេះ មួយ​ចំនួន​ជា​របស់​បញ្ចាំ និង​លុយ​សម្រាប់​វេរ​ទៅ​ឱ្យ​អតិថិជន ដែល​ទុក​នៅ​ក្នុង​ថតទូ​នៅ​ក្នុងផ្ទះ ហើយ​ត្រូវ​ជនសង្ស័យ​ចូល​ទៅ​គាស់​រើ​កកាយ​យក​អស់​គ្មាន​សល់ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ជុំវិញ​ករណី​នេះ  សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត ។