ឧត្តមស្នងការ​​អ.ស.ប​ ទទួល​បន្ទុក​​ជនភៀសខ្លួន​​បារម្ភពី​​ទំនោរ​​​​ស្អប់​​ជនបរទេសនៅ​​​​អឺរ៉ុប​​​

ថ្ងៃចន្ទ២០មិថុនានេះ ជាទិវាពិភពលោកនៃជនភៀសខ្លួន។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោកហ្វ៊ីលីប៉ូ ហ្ក្រង់ឌី Filippo Grandi បានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពជនភៀសខ្លួននៅអឺរ៉ុប។ គំនិតជាតិនិយមស្អប់ជនបរទេសហាក់កំពុងគ្របដណ្តប់ទឹកដីអឺរ៉ុប រាល់ថ្ងៃ។ លោកហ្ក្រង់ឌីចាត់ទុកបរាជ័យក្នុងដំណោះស្រាយបញ្ហាជនភៀសខ្លួន ថាជាបរាជ័យផ្នែកនយោបាយ មិនមែនជាបរាជ័យផ្នែកជំនួយទេ។

ឧត្តមស្នងការ​​អ.ស.ប​ ទទួល​បន្ទុក​​ជនភៀសខ្លួន​​បារម្ភពី​​ទំនោរ​​​​ស្អប់​​ជនបរទេសនៅ​​​​អឺរ៉ុប​​​

សម្រាប់លោកហ្ក្រង់ឌី ជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អឺរ៉ុបមិនបានអនុវត្តដំណោះស្រាយលំហូចូលជនភៀសខ្លួន ស្របតាមការសម្រេចរបស់សមាជិកខ្លួន កាលពីឆ្នាំមុនទេ។ មូលហេតុគឺថា ជាជាងសហការគ្នា រួបរួមគ្នាដោះស្រាយបញ្ហា ប្រទេសនិមួយៗដោះស្រាយតាមតែនយោបាយជាតិផ្ទាល់ខ្លួន រៀងៗខ្លួន។

ផលវិបាកគឺថា មានប្រទេសតិចតួចណាស់ ដែលយល់ព្រមទទួលយកជនភៀសខ្លួន។ ប្រទេសអឺរ៉ុបជាច្រើនបានបិទព្រំដែនមិនអោយជនភៀសខ្លួនចូលទឹកដីខ្លួន។

លោកហ្ក្រង់ឌី លើកឡើងថា អ្នកនយោបាយអឺរ៉ុបត្រូវតែពន្យល់គ្រប់គ្នាថា អន្តោប្រវេសន៍ ក៏ចូលរួមក្នុងការអភិវឌ្ឍន៍សង្គមដែរ។ អ្នកនយោបាយអឺរ៉ុបត្រូវពន្យល់ថា ជនភៀសខ្លួនមិនមែនជាគ្រោះថ្នាក់សម្រាប់អឺរ៉ុបទេ។ ផ្ទុយទៅវិញ ពួកគេត្រូវការការការពារ ព្រោះពួកគេរត់គេចពីតំបន់គ្រោះថ្នាក់ ដើម្បីការពារអាយុជីវិត។

ឧត្តមស្នងការអសបទទួលបន្ទុកជនភៀសខ្លួនក៏បារម្ភផងដែរ ពីប្រជាជនស៊ីវិលនៅតាមប្រទេសសង្គ្រាម ពិសេសនៅតំបន់ដើមបូព៌ា។ ប្រជាជនទាំងនោះ កំពុងភៀសខ្លួនពីផ្ទះសម្បែង ជាប់ផុងខ្លួនក្នុងតំបន់គ្រោះថ្នាក់ ដែលក្រុមសង្គ្រោះពិបាកចូលទៅជួយពួកគេ។

ម្សិលមិញ ក្នុងដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ លោកហ្ក្រង់ឌី បានលើកសរសើរពីអ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាប្រទេសជាប់របងជាមួយអាហ្វហ្កានីស្ថាន ថាជាប្រទេសគាំទ្រខ្លាំងក្លាដល់ជនភៀសខ្លួនអាហ្វហ្កានីស្ថាន។ បច្ចប្បន្ន អ៊ីរ៉ង់មានជនភៀសខ្លួនអាហ្វហ្កានីស្ថាន ជិត១លាននាក់។ ឆ្នាំ២០១៥កន្លងទៅ ប្រមុខដឹកនាំសាសនា ខាមេណី ថែមទាំងបានចេញក្រិត្យច្បាប់ជួយអោយកុមារអាហ្វហ្កានីស្ថាន អាចបានចូលសាលារៀនរបស់អ៊ីរ៉ង់ទៀតផង។

ក្រោយពីទស្សនកិច្ចអ៊ីរ៉ង់ថ្ងៃអាទិត្យម្សិលមិញ នៅថ្ងៃចន្ទ២០មិថុនានេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន លោកហ្ក្រង់ឌី ចូលរួមប្រារព្ធទីវាពិភពលោកជនភៀសខ្លួន នៅអាហ្វហ្កានីស្ថាន។ លោកសម្រេចរើសយកតំបន់នេះ ជាកន្លែងប្រារព្ធទិវា ក៏ដោយសារតែក្នុងតំបន់ អាជ្ញាធរកំពុងប្រឈមនឹងវិបត្តិជនភៀសខ្លួនជាពលរដ្ឋអាហ្វហ្កានីស្ថាន៕

ប្រភពៈ RFI