កីឡា​ការិនី​ប៉េតង់​ស្វាយអន្ទរ​៤​នាក់​​មក​បង្ហាញ​​សមត្ថភាព​នៅ​ភ្នំពេញ​

កីឡា​ការិនី​ប៉េតង់​ស្វាយអន្ទរ​៤​នាក់​​មក​បង្ហាញ​​សមត្ថភាព​នៅ​ភ្នំពេញ​

 

​កីឡា​ការិនី​ប៉េតង់​នៅ​វិទ្យាល័យ​​ស្វាយ​អន្ទរ​ទទួល​បាន​ឱកាស​មក​ ចូល​រួម​ប្រកួត​ពាន​រង្វាន់​ ស​ ខេង​ លើក​ទី​ ១៦​ ពី​ថ្ងៃ​ទី​ ១៧​ដល់​២០​ មិថុនា​ ២០១៦​ ក្រោម​ការ​បង្ហាត់​បង្ហាញ​ និង​ទំនុក​បម្រុង​ពី​កីឡា​ការិនី​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា​ អ៊ុន ស្រីយ៉ា។

 

កីឡា​ការិនី​​ជម្រើស​ជាតិ​ អ៊ុន ស្រីយ៉ាង​ថា ក្រុម​ប៉េតង់​នារី​ស្វាយអន្ទរ​ ទាំង​៤​រូប​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ដែល​ត្រូវ​ទាមទារ​ឲ្យ​កែ​លម្អ​មាន​ដូច​ជា​របៀប​លេង​ បច្ចេកទេស​លេង​ សីលធម៌​រស់​នៅ​ វិន័យ​ ការ​គោរព​ពេល​វេលា​ សមត្ថភាព​ផ្ទាល់​ខ្លួន។ ពេល​ហ្វឹកហាត់​ត្រូវ​មាន​គ្រូ​បង្វឹក​ណែនាំ​ និង​ចំណុច​សំខាន់​ត្រូវ​មាន​ចិត្ត​សមាធិ​ខ្ពស់។ ​

 

យ៉ាង​ណា​ក៏​កីឡា​ការិនី​ជម្រើស​ជាតិ​រូប​នេះ​បាន​សម្តែង​ភាព​រីករាយ​ ​ចំពោះ​ពួក​គេ​ដែល​មាន​ឱកាស​បាន​បញ្ចេញ​សមត្ថភាព​បាន​ចំនួន​២​ប្រកួត​ ដោយ​ប្រកួត​ចុង​ក្រោយ​ចាញ់​គូ​ប្រកួត​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ស្រីយ៉ា​បាន​ណែនាំ​ពួក​គេ​ឲ្យ​ខិត​ខំ​ហ្វឹក​ហាត់​ជាង​នេះ​ និង​ត្រូវ​យក​ចំណុច​ខ្វះ​ខាត​ទៅ​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​បន្ថែម​ទៀត។

 

កីឡា​ការិនី​ប៉េតង់​ស្វាយអន្ទរ​៤​នាក់​​មក​បង្ហាញ​​សមត្ថភាព​នៅ​ភ្នំពេញ​ កីឡាការិនី​ប៉េតង់​ស្វាយអន្ទរ​ទាំង​៤​នាក់

 

ងាក​មក​កីឡា​ការិនី​ទាំង​៤​រូប​បាន​ឲ្យដឹ​ងថា​ នេះ​ជា​លើក​ទី​១​ សម្រាប់​ពួក​គេ​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ផ្លូវការ​ និង​ជា​ពានរង្វាន់​ព្រឹត្តិការណ៍​ធំ​ ហើយ​ថែម​ទាំង​មាន​កីឡាករ កីឡា​ការិនី​ចូល​រួម​ប្រកួត​ច្រើន​បែប​នេះ។ បើ​ទោះ​បី​ជា​លទ្ធផល​ប្រកួត​ចាញ់​ផ្ទួន​ៗ​យ៉ាង​ណា​ក្តី​ ក៏​អ្នក​ទាំង​៤​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​សម្រាប់​កែ​លំអ​ខ្វះ​ខាត​របស់​ខ្លួន​​នា​ពេល​ខាង​មុខ។

 

កីឡា​ការិនី​ទាំង​៤​រូប​ សូម​សំណូម​ពរ​យ៉ាង​ទទូច​ទៅ​កាន់​ក្រុម​ហ៊ុន​ និង​សប្បុរស​ជន​នានា​​ជួយ​សាង​សង់​ទីលាន​ហ្វឹក​ហាត់​ចំនួន​៣​តារាង​បន្ថែម​ទៀត​ និង​សូម​ជួយ​ឧបត្ថម្ភ​ជា​ឯក​សណ្ឋាន​ក្រុម​ សម្ភារៈ​ហ្វឹកហាត់​ ពិសេស​គឺ​គ្រាប់​ប៊ូល​ប្រកួត​ផ្លូវ​ការ​ ហើយ​ស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​សូម​បញ្ជូន​គ្រូ​ ឬ​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ទៅ​បង្ហាត់​សិស្ស​សាលា​នៅ​ស្រុក​ស្វាយ​អន្ទរ​បន្ត​ទៀត​ ព្រោះ​ថា​នៅ​ទី​នោះ​មាន​សិស្ស​សាលា​ចាប់​អារម្មណ៍​នឹង​កីឡា​ប៉េតង់​ច្រើន​ជាង​មុន។ ​កីឡា​ការិនី​វ័យ​ក្មេង​ទាំង​៤​នាក់​គឺ​​ផាត ធាង – ឈីម ដាលីន-សឺុ សៀវម៉េង និង​សាន-ស្រីណាត់។

 

 

កីឡា​ប៉េតង់​ស្វាយ​អន្ទរហាក់​មាន​ប្រជា​ប្រិយ​ភាព​ច្រើន​ បន្ទាប់​ពី​កីឡា​បាល់ទះ​ បាល់​ទាត់​ ដោយ​កំពុង​តែ​សាង​សង់​ទីលាន​ហ្វឹកហាត់​នៅ​វិទ្យាល័យ​ស្វាយ​អន្ទរ​១​តារាង​ជិត​រួច​រាល់​ហើយ​ ហើយ​មាន​សាលា​បឋម​សិក្សា​ អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ផ្សេង​ទៀត​ក្នុង​ស្រុក​គ្រោង​នឹង​សាង​សង់​ទីលាន​ប៉េតង់​ជា​បន្ទ​បន្ទាប់៕

 

កីឡា​ការិនី​ប៉េតង់​ស្វាយអន្ទរ​៤​នាក់​​មក​បង្ហាញ​​សមត្ថភាព​នៅ​ភ្នំពេញ​

 

អត្ថបទ៖ ស៊ុម សារិទ្ធ​