អ្នកមាន​លុយ​មានអំណាច កំពុង​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទ​ន្លូ​ង និង​ឃុំ​ជាំ​ក្រវៀន បាននាំគ្នា​ចុះ​ពិនិត្យ​ស្ថានភាព​ដីធ្លី​របស់​ពួកគាត់​ក្រោយពេល​មាន​ជន​មិន​ស្គាល់មុខ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ និង​កាយ​ជា​ប្រឡាយ​ព័ទ្ធ​ក្បាលដី​របស់​ពួកគាត់​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​២​ព្រួយបារម្ភ​ពី​ការបាត់បង់​ដីចម្ការ​របស់​ពួកគាត់ ហើយ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក​មេមត់ និង​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​អ្នកមាន​លុយ អ្នកមានអំណាច នៅតែ​បំពាន​លើ​ដីធ្លី​របស់​ពួកគាត់​ឥតឈប់ឈរ ហើយ​ពួកគាត់​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រឈម​ជាមួយ​អ្នកមាន​លុយ អ្នកមានអំណាច បានឡើយ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា អ្នកភូមិ​ប្រមាណ​៦០​នាក់​បាន​លើកគ្នា​ទៅកាន់​តំបន់​ដី​មាន​ជម្លោះ​ចំណុច​ស្រែ​រំពា​ក់ ដើម្បី​មើល​ពី​ស្ថានភាព​ជន​មិន​ស្គាល់មុខ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ក្បាលដី​របស់​ពួកគាត់​។ តំបន់​មាន​ជម្លោះដីធ្លី​នោះ​គឺ​ចំណុច​ទួល​ប្រ​ម៉ា និង​តំបន់​មួយចំនួនទៀត​ដែល​កាលពី​ឆ្នាំ​២០១៥ អាជ្ញាធរខេត្ត​ត្បូងឃ្មុំ បានធ្វើ​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ដើម្បី​សម្គាល់​ក្បាលដី និង​ចំនួន​គ្រួសារ​រួច​អស់ហើយ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ដំណោះស្រាយ​ជម្លោះដីធ្លី​មាន​ចំនួន​ជាង​៣០០​គ្រួសារ​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​១០០០​ហិកតា​ដែលមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ម៉ែន សារុន ប៉ុន្តែ​ក្រោយមក​អ្នកមាន​លុយ អ្នកមានអំណាច មួយចំនួន​បាន​ចូលទៅ​កាន់កាប់ ចំណែក​ដី​ខ្លះ​របស់​ប្រជាពលរដ្ឋ​រហូត​បង្ក​សកម្មភាព​ដើរ​ដុត​រោង​ចាំចម្ការ​របស់​ប្រជាពលរដ្ឋ​។

​ប្រជាពលរដ្ឋ​ឃុំ​ជាំ​ក្រវៀន និង​ឃុំ​ទ​ន្លូ​ង បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ស្រុក និង​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​សកម្មភាព​ឈូសឆាយ​ក្បាលដី​ប្រជាពលរដ្ឋ​ជាថ្មី​នេះ បាន​កើតឡើង​ស្របពេល​អាជ្ញាធរ​ឃុំ​ជាំ​ក្រវៀន កោះហៅ​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទៅ​ប្រជុំ​នៅ​សាលាឃុំ​ជាច្រើនលើក​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ករណីនេះ​បាន​ឲ្យ​ដឹងថា កន្លងមក​ចំណាត់ការ​របស់​អាជ្ញាធ​រ​គ្រប់​លំដាប់ថ្នាក់​មិន​ទទួលជោគជ័យ​ឡើយ ហើយ​ហាក់ដូចជា​លំអៀង​ទៅរក​ក្រុមហ៊ុន និង​បុគ្គល​អ្នកមាន​លុយ អ្នកមានអំណាច​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ដោះស្រាយ​បញ្ហាដីធ្លី​ក្នុង​ឃុំ​ទ​ន្លូ​ង និង​ឃុំ​ជាំ​ក្រវៀន ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អំពើហិង្សា​កើតចេញពី​ជម្លោះដីធ្លី​នេះ​៕

IMG_4856លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ c7dc1cd1-71a6-4ba3-83a5-c9d005117679