មេបញ្ជាការ​កង​រាជអាវុធហត្ត​​បដិសេធ​ថា​ ខ្លួន​​​មិន​ជាប់ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​​រឹបអូសឈើគ្រញូង

សមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំងនិយាយថា រថយន្តមួយគ្រឿងដែលផ្ទុកឈើគ្រញូង ត្រូវចាប់បានកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបើកដេញតាមបណ្តោយផ្លូវជាតិលេខ៥។  ទោះជា យ៉ាងណា លោក ហង្ស សុជាតិ បានអះអាងថា លោកមិនដឹងរឿងនេះទេ។ លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស មានប្រសាសន៍កាលពីម្សិលមិញថា កងរាជអាវុធហត្ថខេត្តបានបើកដេញតាមរថយន្តតូយ៉ូតាកាមរី ហើយបានផ្ទុះអាវុធប្រាំគ្រាប់ មុនពេលរថយន្តនោះឈប់នៅម៉ោងប្រហែល ៧និង៣០នាទីព្រឹក។ លោកបន្តថា “ខ្ញុំឮស្នូរផ្ទុះអាវុធប្រាំគ្រាប់ ហើយកម្លាំងនគរបាលរបស់ខ្ញុំក៏បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យមើលការផ្ទុះអាវុធនោះ។ យើងបានឃើញកងរាជអាវុធហត្ថខេត្តប្រហែល១០នាក់ចេញពីរថយន្តមួយបាំងកន្លះមួយគ្រឿង ហើយឃាត់រថយន្តតូយ៉ូតាកាមរីនោះ រួចយកវាទៅបាត់”។ លោកបានលើកឡើងទៀតថា មុនពេលពួកគេទាំងអស់ចាកចេញ “ខ្ញុំឃើញលោក ហង្ស សុជាតិ នៅទីនោះជាមួយមន្ត្រីកងរាជអាវុធហត្ថផ្សេងទៀតព័ទ្ធជុំវិញឡាន”។លោកបានបញ្ជាក់ថា លោកបានឃើញឈើប្រណីតមានតម្លៃប៉ុន្មានដុំនៅក្នុងឃ្លុបរថយន្ត ព្រមទាំងអ្នកបើកបរ មុនពេលត្រូវសមត្ថកិច្ចនាំទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តហើយលោកមិនដឹងថាមានអ្វីកើតឡើងទេបន្ទាប់ពីនោះ។ លោក ហង្ស សុជាតិ បានច្រានចោលការរៀបរាប់នេះ ដោយអះអាងថា លោក និងមន្ត្រីរបស់លោកមិនបានឃាត់រថយន្តដឹកឈើគ្រញូងទេកាលពីថ្ងៃសោរ៍ ហើយបានច្រានចោលសេចក្ដីរាយការណ៍គ្មានប្រភពច្បាស់លាស់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលលើកឡើងថា អ្នកបើកបររថយន្តនោះបានសូកប៉ាន់កងរាជអាវុធហត្ថ។ លោកបកស្រាយថា “ខ្ញុំមិនបានឃាត់រថយន្ត ហើយដោះលែងអ្នកបើកបរជាថ្នូរនឹងប្រាក់១០.០០០ដុល្លារទេ ព័ត៌មាននេះមិនពិតទេ។ យើងល្បាតតាមផ្លូវជាតិលេខ៥ ហើយមេបញ្ជាការរបស់ខ្ញុំបានបញ្ជាឲ្យខ្ញុំចុះទៅមើលហេតុការណ៍ការផ្ទុះអាវុធ ប៉ុន្តែ យើងរកមិនឃើញអ្វីទេ ហើយខ្ញុំក៏ត្រឡប់មកការិយាល័យរបស់ខ្ញុំវិញ”។ លោកបានបន្តថា លោកក៏បានទូរស័ព្ទទៅលោក ឌិន សំបុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកដែរទាក់ទិនស្នូរផ្ទុះអាវុធ ប៉ុន្តែថា គាត់មិនបានដឹងរឿងដែរ។ ទោះជាយ៉ាងណា លោក ឌិន សំបុន បានឆ្លើយតបថា កងរាជអាវុធហត្ថពិតជាបានឃាត់រថយន្តមួយគ្រឿងដែលរត់ពន្ធឈើគ្រញូងប្រាកដមែន ហើយថា លោក ហង្ស សុជាតិ គឺជាអ្នកទទួលបន្ទុក។ មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម លោកបានបញ្ជាក់ថា “មេបញ្ជាការរង ហង្ស សុជាតិ បានដឹកនាំប្រតិបត្តិការឃាត់រថយន្តនោះ ហើយគាត់បានបញ្ជាឲ្យអ្នកបើកបរយករថយន្តនោះទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត”៕ សុខុម © 2016, ខេមបូឌា ដេលី. All rights reserved. […]

The post មេបញ្ជាការ​កង​រាជអាវុធហត្ត​​បដិសេធ​ថា​ ខ្លួន​​​មិន​ជាប់ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​​រឹបអូសឈើគ្រញូង appeared first on The Cambodia Daily.