ស្រវឹង​បើក​ចេញពី​កន្លែង​ផឹកស៊ី​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ខូច​អស់​៤​គ្រឿង របួស​សន្តិសុខ​ម្នាក់​

ស្រវឹង​បើក​ចេញពី​កន្លែង​ផឹកស៊ី​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ខូច​អស់​៤​គ្រឿង របួស​សន្តិសុខ​ម្នាក់​



ភ្នំពេញ ​៖​ បុរស​ម្នាក់ ​ចេញពី​កន្លែង​ផឹកស៊ី ស្រវឹង ​រួច​បើក​រថយន្ត Highlander មួយ​គ្រឿង​ជ្រុល​ទៅ​បុក​រះ ម៉ូតូ​ជាច្រើន​គ្រឿង​នៅមុខ​ហាង​ផឹកស៊ី យីហោ «​បុប្ផា​គិរីរម្យ​» បង្ក​ឲ្យ​សន្តិសុខ​ ដែល​យាម​ម៉ូតូ​រង​ម្នាក់​របួស​ធ្ងន់ ត្រូវ​ជើង​ទាំងសងខាង។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី វេលា ម៉ោង​១២​និង៣០​នាទី រំលង​អធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​២៨១ ​​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំការមន។

សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ ​បើក​រថយន្ត​ម៉ាក​Highlander​ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ​2N-0979 បើក​ចេញពី​ហាង​ផឹកស៊ី។ ពេល​​កំពុង​បើក​​មក​មុខ​តិចៗ មិនបាន​ប៉ុន្មាន​ម៉ែត្រ​ផង ​ស្រាប់​តែ​​​ឃើញ​រថយន្ត ស្ទុះ​ទៅ​បុក​ម៉ូតូ ដែល​ចត​នៅមុខ​ហាង​បណ្ដាល​ឲ្យ​ខូចខាត​ជាច្រើន​គ្រឿង និង​បាន​ជ្រុល​ទៅ​បុក​សន្តិសុខ ដែល​កំពុងតែ​ឈរ​យាម​កន្លែង​ផ្ញើម៉ូតូ បណ្ដាល​ឲ្យ​រង​របួស​ជើង​ទាំង​២​ផង​ដែរ។

ក្រោយ​កើតហេតុ ម្ចាស់​រថយន្ត​ដឹង​ថា​ ខ្លួន​ស្រវឹង ខុស​បាន​សុំ ចរចា​សង​សំណង ទៅ​ឲ្យ​ម្ចាស់​ម៉ូតូ និង​សន្តិសុខ​ដែល​រង​របួស ដើម្បី​បញ្ចប់​រឿង៕
ស្រវឹង​បើក​ចេញពី​កន្លែង​ផឹកស៊ី​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ខូច​អស់​៤​គ្រឿង របួស​សន្តិសុខ​ម្នាក់​