ទីបំផុត ថែល ថៃ ក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ ដូចការបោះឆ្នោត ដែលបានគិតទុកមុនមែន! (មានវីដេអូ)

ភ្នំពេញ៖ នៅទីបំផុត កម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Cambodia រដូវកាលទី២ ប្រចាំប្រទេសកម្ពុជា បានរកឃើញជើងខ្លាំង ដែលទទួលជ័យលាភី លើកពានហើយ កាលពីយប់មិញនេះ។

បេក្ខជន និងបេក្ខនារីទាំង៤ ដែលត្រូវចូលខ្លួនទៅកាន់វគ្គផ្ដាច់ព្រ័ត្រ មានដូចជា កញ្ញា ឈីន រតនៈ លោក ថែល ថៃ កញ្ញា សាន ស្រីឡៃ និងលោក ឃី សុឃុន បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ ដើម្បីក្លាយជាម្ចាស់ជ័យលាភី The Voice Cambodia ប្រចាំរដូវកាលទី២ ឆ្នាំ២០១៦។

បេក្ខជនម្នាក់ ដែលទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេបំផុតនោះ គឺបានទៅលើ បេក្ខជន ថែលថៃ ជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា។ ហើយជ័យជំនះនេះ ក៏ទទួលបានទឹកប្រាក់១០០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រា ក្នុងផលិតកម្មហង្សមាសផងដែរ។ 

មុនថ្ងៃប្រកាសលទ្ធផល The Voice Cambodia រដូវកាលទី២នេះដែរ ទំព័រហ្វេសប៊ុកផេក Khmerload ក៏បានធ្វើការស្ទង់មតិ តាមរយៈមុខងារ Poll ដែលមានដំបូងគេបំផុត និងមានតែមួយគត់នៅកម្ពុជា ថាតើបេក្ខជនរូបណា នឹងអាចក្លាយជាម្ចាស់ជ័យលាភី ដែលការស្ទង់មតិនេះ បានចាប់ផ្ដើមកាលពីរសៀលថ្ងៃទី១៦ ដល់ព្រឹកថ្ងៃទី១៨ មិថុនា ដោយមានការចូលរួមបោះឆ្នោតគាំទ្រជាង ៣ម៉ឺនសម្លេង។ បើតាមការបោះឆ្នោតពីប្រិយមិត្តនៅលើបណ្ដាញសង្គម តាមរយៈទំព័រហ្វេសប៊ុកផេក Khmerload បានបង្ហាញលទ្ធផលឲ្យឃើញថា លោក ថែល ថៃ បានទទួលការបោះឆ្នោតគាំទ្រច្រើនជាងគេចំនួន ៣៧% ខណៈដែលសម្លេងឆ្នោតយ៉ាងប្រកិតដែរនោះ ៣២% បានទៅលើកញ្ញា ឈីន រតនៈ។ ស្របពេលដែល លោក ឃី សុឃុន បានទទួលការគាំទ្រតែ ១៧% និងកញ្ញា សាន ស្រីឡៃ បានសម្លេងតិចជាងគេ ១៤%។

អ្វីដែលរឹតតែពិសេសនោះ គឺមានការបញ្ចេញមតិមួយចំនួន បានសរសេរថា៖

«ខ្ញុំទាយថាBថែលថៃជាអ្នកលើកពាន ព្រោះសម្លេងថែលថៃល្អ ច្រៀងបានគ្រប់បទ ហើយគាត់ច្រៀងពិរោះ ជូនពរឲ្យថែលថៃលើកពាន»

ខណៈអ្នកផ្សេងទៀតដែលគាំទ្រ កញ្ញា ឈីន រតនៈ វិញបាននិយាយថា៖

«សម្រាប់ខ្ញុំក្នុងចំណោមអ្នកទាំងបួន គឺ ឈីន រតនៈ ទើបសមជាម្ចាស់ពាន The Voice Cambodia Season 2 ព្រោះថាសម្លេងពិរោះ អាចច្រៀងបត់បែនទៅតាមបទចម្រៀង ច្រៀងអង់គ្លេសក៏បានល្អ ហើយថែមទាំងស្រស់ស្អាតផង ជូនពរឲ្យជោគជ័យ»

ក្នុងនោះ លោក ថែល ថៃ ទទួលបានសម្លេងគាំទ្រច្រើនជាងគេបំផុត តាមរយៈការស្ទង់មតិនៅលើទំព័រហ្វេសប៊ុកផេក Khmerload ដែលរូបគេជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា។ គួររំលឹកផងដែរថា កញ្ញក៏ធ្លាប់ត្រូវបានគេរិះគន់អំពីការជ្រើសរើសកូនក្រុម និងបេក្ខជនមិនបានល្អផងដែរ ទាំងនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ និង Cambodia Idol កន្លងមក ដោយមានការមើលឃើញថា រាល់បេក្ខជន ដែលកញ្ញាមិនបានជ្រើសរើស សុទ្ធតែបានលើកពាន។ ទោះយ៉ាងណា ពេលនេះអ្វីៗបានបញ្ជាក់ឡើងវិញហើយថា លើកនេះ «កញ្ញា» ពិតជាជ្រើសរើសកូនក្រុមបានល្អពិតមែន។

អ្វីដែលមិននឹកស្មានដល់នោះ គឺការស្ទាបស្ទង់មតិ តាមរយៈទំព័រផេក Khmerload ពិតជាត្រឹមត្រូវប្រាកដមែន ដែលបេក្ខជន ថែល ថៃ បានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ ដូចអ្វីដែលប្រិយមិត្តបានគិតទុកជាមុន និងបោះឆ្នោតគាំទ្រ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload