ISUZU ចេញ​រថយន្ត​ទំនើប​ពីរ​ម៉ូដែល ធន់​នឹង​ការ​បើកបរ​កាត់​ទឹក

Isuzu D-Max Blue Power និង MU-X Blue Power សុទ្ធ​តែ​ជា​រថយន្ត​ម៉ាស៊ូត​មាន​មុខងារ​ធន់​ការ​បើកបរ​កាត់​ទឹក​បាន​នាំ​ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា ប្រជែង​ម៉ាក​រថយន្ត​ល្បីៗ​ក្នុង​ស្រុក។

 

ISUZU ចេញ​រថយន្ត​ទំនើប​ពីរ​ម៉ូដែល ធន់​នឹង​ការ​បើកបរ​កាត់​ទឹក

ISUZU MU-X Blue Power 

 

រថយន្ត​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​បំពាក់​បច្ចេកវិទ្យា​ថ្មី Insight របស់​ក្រុមហ៊ុន Isuzu។ បច្ចេកវិទ្យា​នេះ អាច​ប្រមូល​រាល់​ទិន្នន័យ​ទាក់ទង​នឹង​ឥរិយាបថ​របស់​អ្នក​បើកបរ ហើយ​វិភាគ​ចេញ​ជា​របាយការណ៍​ពន្យល់​ដល់​អ្នក​បើកបរ​វិញ ដោយ​ផ្អែក​លើ ៥ ចំណុច​មាន ល្បឿន និង​អត្រា​ប្រើប្រាស់​ប្រេង​ឥន្ធនៈ ហ្គៀររ៉ង់ទី​ម៉ាស៊ី, បម្រែបម្រួល​ជុំ​ម៉ាស៊ីន, ការ​ប្រើប្រាស់​ហ្រ្វាំង និង​ការ​ជាន់​ហ្គ៊ែរ​បង្កើន​ល្បឿន។

 

ផ្អែក​លើ​ទិន្នន័យ​នេះ អ្នក​បើកបរ​នឹង​ដឹង​ថា​ត្រូវ​កែប្រែ​និង​ប្រុង​ប្រយ័ត្ន​ចំណុច​ណា​ខ្លះ ដើម្បី​ធានា​សុវត្ថិភាព​ពេល​បើកបរ។ រថយន្ត​ទាំង​ពីរ​ម៉ូដែល បំពាក់​ប្រព័ន្ធ​ការពារ​ហ្វ្រាំង​ជាប់​គាំង ABS, ពោង​ខ្យល់ SRS ពីរ​និង​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ប្រភេទ Pretensioner និង​គ្រោង​ឆ្អឺង​រថយន្ត​រឹងមាំ​ការពារ​ការ​ប៉ះ​ទង្គិច​និង​មិន​ងាយ​ច្រេះ។

 

ISUZU ចេញ​រថយន្ត​ទំនើប​ពីរ​ម៉ូដែល ធន់​នឹង​ការ​បើកបរ​កាត់​ទឹក

ISUZU D-Max Blue Power 

 

ឧបករណ៍​បំពង​សំឡេង​ប្រភេទ Surround Sound ត្រូវ​បាន​បំពាក់​នៅ​ដំបូល​រថយន្ត នាំ​ឲ្យ​បទ​ពិសោធន៍​ថ្មី​សម្រាប់​ការ​ធ្វើ​ដំណើរ។

 

បើ​តាម​តំណាង​ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខូអិល​ធីឌី ​នាំ​ចូល​រថយន្ត​ម៉ាក ISUZU ផ្លូវ​ការ អះអាង​ថា​ រថយន្ត​ភីកអាប់ D-Max Blue Power និង​រថយន្ត​ប្រភេទ SUV MU-X Blue Power សុទ្ធ​តែ​ជា​រថយន្ត​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ប្រទេស​ថៃ។ កាន់​តែ​ពិសេស វា​ធន់​នឹង​ការ​បើកបរ​លើ​ផ្លូវ​លិច​ទឹក​ជ្រៅ​បាន​យ៉ាង​ល្អ។ ក្រុមហ៊ុន​ជឿជាក់​ថា​វត្តមាន​រថយន្ត​ទំនើប​ទាំង​ពីរ​នឹង​ទទួល​បាន​ជោគជ័យ​ដូចគ្នា​សម្រាប់​ទីផ្សារ​គោលដៅ​កម្ពុជា​និង​ឡាវ។

 

រថយន្ត​ទាំង​ពីរ​តម្លៃ​ចាប់​ពី ២៨ ០០០ដុល្លារ ដល់​ទៅ ៤៥ ០០០ដុល្លារ៕

 

អត្ថបទ៖ ប៉ែត ផាន់និត