ងើប​តាំងពី​ម៉ោង ៣យប់​ងងុយដេក​ខ្លាំង​ តែ​ចំណូល​វិញ​មិនធម្មតា

ងើប​តាំងពី​ម៉ោង ៣យប់​ងងុយដេក​ខ្លាំង​ តែ​ចំណូល​វិញ​មិនធម្មតា

 

 

ភាគច្រើន​ប្រជាជន​ក្នុង​ភូមិ​ បាន​ស្គាល់​ស្ត្រី​ម្នាក់​ជា​អ្នក​លក់​អាកោ​ ព្រោះ​នៅ​ក្នុង​ភូមិ​មិន​តិច​ជាង ១០ភូមិ​ ស្ត្រី​រូប​នេះ​បាន​ដើរ​លក់​អាកោ​ជាង ២០ ឆ្នាំ​មក​ហើយ។  ក្នុង​គ្រួសារ​តូច​មួយ​មាន​សមាជិក ៤នាក់ ស្ថិតនៅ​ក្នុង​ភូមិ​គមមហា ឃុំវិហារធំ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​ចាប់​របរ​ជា​អ្នកធ្វើ​នំអាកោ​រលក់​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ត្រូវ​ងើប​តាំង​ពី​ម៉ោង ៣ យប់​ធ្វើ​នំ។

 

ងើប​តាំងពី​ម៉ោង ៣យប់​ងងុយដេក​ខ្លាំង​ តែ​ចំណូល​វិញ​មិនធម្មតា

 

អ្នក​ស្រី ណាត សុខ​គា បាន​រៀបរាប់​ប្រាប់ Sabayទាំង​ទឹកមុខ​ញញឹម និង​ដៃ​ចាប់​អាកោ​ដាក់​ក្នុង​ថង់​លក់​ឱ្យ​ភ្ញៀវ​របស់​គាត់​ថា៖ “ មុខរបរ​នេះ​ខ្ញុំ​​ប្រកប​មិន​តិចជាង ២០ឆ្នាំ​ទេ ហើយ​ជា​មុខរបរ​ដែល​នឿយហត់​គ្រប់​សមាជិក​ទាំងអស់​នៅ​ក្នុង​គ្រួសារ និង​ជាពិសេស​ងងុយដេក​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​ងើប​តាំងពី​ម៉ោង ៣យប់ ​ធ្វើ​រហូតដល់​ម៉ោង ៩ព្រឹក​ទើប​ហើយ ”។

 

អ្នក​លក់​អាកោ​​ដដែល​បាន​បន្តថា៖ “មួយថ្ងៃ​ខ្ញុំ​លក់​នំអាកោ ២លើក លើក​ទី១ចាប់ពី​ម៉ោង ៥ព្រឹក រហូតដល់​ម៉ោង ១០ព្រឹក និង​លើក​ទី២ ចាប់ពី​ម៉ោង១២រសៀល​ដល់​ម៉ោង ៣រសៀល ។ ការងារ​ធ្វើ​អាកោ​ភាគច្រើន​គឺ​ប្ដី​ខ្ញុំ ចំណែក​ខ្ញុំ​​បាន​ជួយ​ធ្វើ​តែ​ពី​ម៉ោង ៣យប់​ដល់​ម៉ោង ៥ព្រឹក និង​ ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៥ល្ងាច ។ មួយថ្ងៃ​ខ្ញុំ​​ធ្វើ២ដង លើក​ទី ១ចាប់ពី​ម៉ោង ៣យប់​ដល់​ម៉ោង៩ព្រឹក សម្រាប់​លក់​ពេល​រសៀល និង​លើក​ទី២ ចាប់ពី​ម៉ោង ១១ រសៀល​ដល់​ម៉ោង ៥ល្ងាច សម្រាប់​លក់​ពេលព្រឹក​វិញ ” ។

 

ក្នុង​មួយ​ខែ​ការ​លក់​នំអាកោ​របស់​គាត់ អាច​រក​ចំណូល​បាន​ប្រហែល​ជាង ២ ០០០ ០០០ រៀល ឬ ជាង ៥០០ ដុល្លារ​អា​មេ​រិច ដោយ​កាត់​ការ​ចំណាយ​រួចរាល់​ទាំង​ដើមទុន និង​ម្ហូបអាហារ​ប្រចាំថ្ងៃ។ តែ​បើ​រដូវ​ពិធី​មង្គលការ​វិញ​មិនសូវ​សល់​ទេ ព្រោះ​មួយថ្ងៃ​មិនតិច​ជាង ២រោង និង​រហូតដល់​ថ្ងៃ​ខ្លះ ៥ ទៅ ៦រោង ក៏​មាន ” ។ អ្នកស្រី សុខ​គា ថ្លែង ៕

 

ងើប​តាំងពី​ម៉ោង ៣យប់​ងងុយដេក​ខ្លាំង​ តែ​ចំណូល​វិញ​មិនធម្មតា

 

អត្ថបទ៖ ឌឿន អ៊ី