រឿងអាស្រូវ​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​លាតត្រដាង​

កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ប្រដេញ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង ហើយ​ត្រូវ​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដោះលែង​វិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង រិះគន់​យ៉ាងខ្លាំង​ព្រោះ​មានការ​បង្ហើប​ឲ្យ​ដឹងថា ការដោះលែង​រថយន្ត​ដឹកឈើ​គ្រញូង​និង​អ្នកបើកបរ គឺ​ឈ្មួញ​ម្ចាស់​ឈើ​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​។ មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង អំពាវនាវ​ឲ្យ​ថ្នាក់លើ​ពិនិត្យ​ករណី​ខាងលើនេះ​ផង ព្រោះ​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង មាន​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​លុយកាក់​ច្រើនលើក​មកហើយ​។

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ពួកគេ​តាម​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-7492 ដោយ​ដេញតាម​តាំងពី​ស្រុក​បរិបូរណ៍ ទៅ​ចាប់បាន​នៅ​ចំណុច​ជើងភ្នំ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដោយមាន​ការផ្ទុះអាវុធ​៥​គ្រាប់​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ខាងលើ​ដឹកឈើ​ធំៗ​ចំនួន​៣​ដុំ​និង​ឈើ​សន្លឹក​មានមុខ​កាត់​កម្រាស់​១​តឹក​ប្រវែង​ជាង​២​ម៉ែត្រ​តម្លៃ​មិន​ក្រោម​៥​ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ​។ ប៉ុន្តែ​ក្រោយមក​ទាំង​រថយន្ត​ដឹកឈើ ទាំង​អ្នកបើកបរ​រថយន្ត​ត្រូវគេ​ដោះលែង​ស្ងាត់ៗ​នៅពេល​ម្ចាស់​ឈើ​មាន​ទំនាក់ទំនង​ជាមួយ​លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ឈ្មួញ​ឈើ​ឈ្មោះ សាន្ត បូ​ណា រស់នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទាក់ទង​ដោះស្រាយ​ហើយ​ទីបំផុត​ឈ្មួញ​រូបនេះ​ចំណាយលុយ​១២០០០​ដុល្លារ ដើម្បី​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដោះលែង​រថយន្ត​ដឹកឈើ​របស់ខ្លួន​។ ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ផ្ទាល់​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ត្រូវបាន​គេ​ដឹក​ចេញពី​តំបន់​ព្រំដែន​ខ្មែរ​-​សៀម នៃ​ទឹកដី​ខេត្តបន្ទាយមានជ័យ ហើយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​នៃ​ទឹកដី​ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ​។ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឈ្មោះ សាន្ត បូ​ណា ល្បីឈ្មោះ​ជា​យូរ​មកហើយ​ខាង​រត់ការ​ជាមួយ​សមត្ថកិច្ច ហើយ​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ក៏មាន​ទំនាក់ទំនង​ជាមួយ​លោក មាស សុវណ្ណ ដើម្បី​ឲ្យ​ដោះលែង​រថយន្ត​ដឹកឈើ​ប្រណីត​របស់ខ្លួន​យ៉ាង​រលូន​តែម្តង​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​មើលរំលង​នោះទេ​ចំពោះ​ទង្វើ​របស់លោក មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ព្រោះ​សកម្មភាព​របស់​មន្ត្រី​រូបនេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​កងរាជអាវុធហត្ថ​ទាំងមូល​តែម្តង​៕

KA-444444KDលោក មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង pm-meas-sovan1 pm-meas-sovan