ឈ្មួញ​ជីករណ្ដៅ​ដី​ក្នុង​ខេត្តកំពង់ឆ្នាំង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​អាង​មាន​លោកស្នងការ​ជា​ខ្នងបង្អែក​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​រលាប្អៀរ បាន​ឲ្យ​ដឹងថា​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នៅ​ចុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ត្រូវ​ឈ្មួញ​ជីករណ្ដៅ​ដី​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ឆ្នាំង ហាក់ដូចជា​ខ្លាច​អំណាច​ឈ្មួញ​ជីករណ្ដៅ​ដី​ដោយសារតែ​ដឹងថា ឈ្មួញ​ម្នាក់​នោះ​មាន​លោក ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​ជា​ខ្នងបង្អែក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​កំពុង​ត្រូវគេ​ជីក​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ​បំផុត​។

កាលពី​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ អ្នកសារព័ត៌មាន​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ចុះទៅ​ដល់ទី​តាំង​រណ្ដៅ​ដី​នៅជាប់​ចុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ហើយ​ឃើញ​គ្រឿងចក្រ​រាប់សិប​គ្រឿង​កំពុង​ជីក​កកាយ​ដីព្រៃ​លិច​ទឹក​តំបន់​៣ ដើម្បី​យក​អាចម៍ដី​ទៅ​លក់​យ៉ាង​ពេញបន្ទុក​។ មានការ​សង្ស័យថា មន្ត្រី​អាជ្ញាធរ និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ម្ចាស់​រណ្ដៅ​ដី ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង និង​មន្ទីរ​ពាក់ព័ន្ធ កំពុងតែ​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ជីករណ្ដៅ​ដី​ធ្វើ​អាជីវកម្ម​ជម្រៅ​ដល់​ក្បាល​ប្រេត​ទៅហើយ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ខ្សា​ម បាន​ឲ្យ​ដឹងថា​ចំណុច​ដែល​ឈ្មួញ​ជីករណ្ដៅ​នោះ គឺជា​តំបន់​៣​ព្រៃរនាម​លិច​ទឹក​ជម្រក​ត្រី​ពង​កូន ហើយ​ឥឡូវនេះ​រណ្ដៅ​ដី​មាន​ទំហំ​ធំ​និង​ជម្រៅ​ដល់​ក្បាល​ប្រេត​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អាចម៍ដី​ដែល​ជីក​យក​ចេញពី​តំបន់​ព្រៃ​លិច​ទឹក​នោះ ត្រូវគេ​យកទៅលក់​នៅតាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​ក្នុង​មួយថ្ងៃៗ​មាន​គ្រឿងចក្រ​រាប់សិប​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ជាប់​ព្រំប្រទល់​ស្រុក​រលាប្អៀរ បាន​អំពាវនាវ​ឲ្យ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ឈ្មួញ​ជីករណ្ដៅ​ដី​ដែលមាន​លោកស្នងការ​ជា​ខ្នងបង្អែក កំពុង​បង្ហាញ​ភាព​ក្រអឺតក្រទម​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

ប្រាក់-វុឌ្ឍីលោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង k-dick-land k-dick-land2