មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​បង្ក្រាប​បទល្មើស​ហើយ​ជំរិត​យកលុយ​ពី​ឈ្មួញ​កាន់តែច្រើន​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តក្រចេះ ជាបន្ទាន់​។ ដោយហេតុថា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ស្នួល និង​ក្រុង​ក្រចេះ មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ផ្ទុយទៅវិញ​ពួកគេ​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​។ ប្រការ​នេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ នៅតែ​កើតមាន​ឥតឈប់ឈរ ហើយ​ឈ្មួញ​ខ្លះ​ក៏​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយសារតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជំរិត​យកលុយ​ច្រើនពេក​។

​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្តក្រចេះ ដែលជា​អ្នក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​បាន​ឲ្យ​ដឹងថា ពួកគេ​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​មួយរយៈ​ដោយសារ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដំឡើងថ្លៃ​ក្បាល​រថយន្ត​ដឹកឈើ​កាន់តែ​ខ្ពស់ ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ផលចំណេញ​។ ទន្ទឹមនឹងនេះ​សកម្មជន​ការពារ​ព្រៃឈើ​បាន​លើកឡើងថា ការដែល​ឈ្មួញ​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​គឺជា​រឿង​ល្អ ប៉ុន្តែ​អ្វីដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្រូវ​ពិនិត្យ​នោះ​គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ មិនដែល​បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​ទេ ហើយ​គិតតែ​ពី​គាប​សង្កាត់​យកលុយ​ពី​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ជាពិសេស​នាយផ្នែក​និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ចិត្រ​បុរី ស្រុក​សំបូរ ស្រុក​ស្នួល និង​ក្រុង​ក្រចេះ កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

តាម​ការ​បង្ហើប​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មួយចំនួន​នៅក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​នៅពេលដែល​ពួកគេ​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​កែច្នៃ​ត​ទ្រុង​អាច​ផ្ទុក​បាន​ប្រមាណ​១០​ម៉ែត្រគូប​ជា​ឈើ​ប្រភេទ​លេខ​២ ត្រូវ​បង់លុយ​ទៅ​ឲ្យ​លោក បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ក្នុង​១​រថយន្ត​៣២​ម៉ឺន​រៀល​និង​បង់​ទៅ​ឲ្យ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ៣២​ម៉ឺន​រៀល​ដូចគ្នា​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​យកទៅ​ឲ្យ​លោក ទ្រី សុភ័ក្ត្រ គឺ​លោក អៀវ ហាក់ ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​ប៉ុណ្ណោះ​៕

1_19-04-2016_3លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទabc-2 abc-3 abc-2-1