លោក អេង ឆៃអ៊ាង បញ្ជាក់ថា ការបោះឆ្នោត​មិន​ត្រឹមត្រូវ​ឡើយ បើ​នយោបាយ​នៅតែ​ក្តៅគគុក​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្មីៗ​នេះ​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ និង​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើសិនជា​ភាព​តានតឹង​នយោបាយ​នៅតែ​បន្ត​ក្ដៅគគុក​រហូតដល់​ការបោះឆ្នោត នោះ​ការបោះឆ្នោត​ដែលមាន​លក្ខណៈ​ប្រជាធិបតេយ្យ​នឹង​មិនអាច​កើតមាន​ឡើយ​។ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា សេរីភាព និង​យុត្តិធម៌ នៃ​ការបោះឆ្នោត​នេះ ក៏​មិនអាច​ប្រព្រឹត្តទៅបាន​ត្រឹមត្រូវ​ឡើយ បើ​នៅតែមាន​ការគាបសង្កត់ និង​គំរាមកំហែង​ត​ទៀត​។​

​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា គណបក្ស​សង្គ្រោះ​ជាតិ មានការ​ព្រួយបារម្ភ ហេតុអ្វី​យើង​មានការ​ព្រួយបារម្ភ ព្រោះ​ឆ្នាំ​ក្រោយនេះ​បោះឆ្នោត​ហើយ គឺ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ​២០១៧ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ។ តែ​ឥឡូវនេះ​មិនទាន់​បោះឆ្នោត​ផង វា​មានរឿង​ក្តៅគគុក​មិនទាន់​ចប់ ហើយ​បើសិន​ក្តៅគគុក​តទៅទៀត តើ​ការបោះឆ្នោត​ដោយ​សេរី​ទេ មិនអាច​សេរី​បានទេ មិនអាច​យុត្តិធម៌​បានទេ ព្រោះ​គេ​ចាប់​តំណាងរាស្ត្រ​គណបក្សនយោបាយ​ធំ​មួយ​ដាក់គុក គេ​ដេញ​ប្រធាន​គណបក្ស​មិន​ឲ្យ​នៅ​ស្រុក គេ​ចង់​ចាប់​អនុប្រធាន​គណបក្ស​ទៀត តើ​ការបោះឆ្នោត​បាន​ត្រឹមត្រូវ​ទេ គឺ​អត់​ទេ ។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា ការប្រកាស​កាលបរិច្ឆេទ ថ្ងៃ​-​ខែ សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់ជាតិ ដែល​គ្រោង​រៀបចំ​ធ្វើ​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨​នោះ មិន​គ្រប់គ្រាន់​ទេ ដើម្បី​ធានាថា​ការបោះឆ្នោត​ទាំងពីរ​នោះ នឹងមាន​លក្ខណៈ​អាច​ជឿទុកចិត្ត​បាន ហើយ​អាច​ទទួលយកបាន សម្រាប់​ប្រជារាស្ត្រ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ដែល​បញ្ហា​ទាំងនេះ​ជា​ល្បិចកល​នយោបាយ​។

​លោក សម រង្ស៊ី បាន​ពន្យល់ថា បញ្ហា​ធ្ងន់ធ្ងរ គឺ​ក្នុង​កាលៈទេសៈ​ដែលមាន​ការគាបសង្កត់​ផ្នែក​នយោបាយ​ដូច​សព្វថ្ងៃ ការ​គ្រាន់តែ​ប្រកាស​ពី​កាលបរិច្ឆេទ​បែបនេះ អាចធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ អំពី​បំណង​ពិតប្រាកដ​របស់​រដ្ឋាភិបាល ពីព្រោះ​វា​អាច​បង្វែរ​អារម្មណ៍​ពី​ទង្វើ​ជាក់ស្តែង​របស់​រដ្ឋាភិបាល ដែល​កំពុងតែ​ត្រៀម​ល្បិចកល​ដើម្បី​ដណ្តើមយក​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ខាងមុខ ទោះជា​ប្រជាប្រិយភាព​របស់ខ្លួន​បាន​ធ្លាក់ចុះ​យ៉ាងណាក៏ដោយ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ជា​ចុងក្រោយ​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច​សព្វថ្ងៃ ត្រូវ​យល់​ឲ្យ​ច្បាស់​ថា ក្នុង​របប​ប្រជាធិបតេយ្យ​អាស្រ័យ​សភា ការបោះឆ្នោត​នីមួយៗ ត្រូវតែមាន​ការចូលរួម​ដាច់ខាត ពី​ប្រធាន​គណបក្សជំទាស់​។ បើ​មិន​ដូច្នោះ​ទេ ការបោះឆ្នោត​នោះ​គ្មាន​ន័យ និង​គ្មាន​តម្លៃ​ទាល់តែសោះ​៕

13346458_806745512760746_1039580846564366640_n 13394202_810090739092890_3442331582142144008_n