​លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ធ្វើការ​តស៊ូ ប៉ុន្ដែ​ការតស៊ូ​ដោយ​អហិង្សា​

ចំពោះមុខ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ថ្មីៗ​នេះ​បាន​បញ្ជាក់ថា យោងតាម​ស្ថានការណ៍​បច្ចុប្បន្ននេះ យើង​ត្រូវតែ​ធ្វើការ​តស៊ូ ប៉ុន្ដែ​ការតស៊ូ​ដោយ​អហិង្សា​។ ការបញ្ជាក់​របស់លោក កឹម សុខា យ៉ាង​ដូច្នេះ​គឺធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ជួបពិភាក្សា​ការងារ​ជាមួយ​យុវជន​ខេត្តកណ្ដាល និង​ខេត្តព្រៃវែង កាលពី​រសៀល ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក កឹម សុខា បាន​ពន្យល់ថា យើង​ដឹង​ហើយ​ថា គេ​កំពុង​ធ្វើ​ឲ្យ​យើង​ភ័យខ្លាច​។ ដូច្នេះ ដើម្បី​កុំ​ឲ្យ​គេ​បន្លាច​យើង​បាន យើង​ត្រូវ​រួបរួម​កម្លាំង​គ្នា​ឲ្យ​បាន​ច្រើន កាលណា​យើង​មាន​គ្នា​តិច គេ​អាច​បន្លាច​យើង​បាន​។ ដូច​ពាក្យ​ខ្មែរ​សាមញ្ញ​មួយ​និយាយថា បើ​គ្នា​តិច​ខ្មោចលង តែបើ​គ្នាច្រើន​យើង​លង​ខ្មោច​វិញ​។ យើង​មិន​ចេះតែ​ខ្លាច នូវ​អ្វីដែល​គេ​បន្លាច​យើង​ទេ​។ ប៉ុន្ដែ​យើង​ក៏​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​គេ​ខ្លាច​យើង​ដែរ​។ ផ្ទុយទៅវិញ​យើង​ចង់​ឲ្យ​ខ្មែរ​រួមរស់​ជាមួយគ្នា ដោយ​សុខដុមរមនា ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​កសាង​ប្រទេសជាតិ​ជាមួយគ្នា​។ លោក កឹម សុខា បាន​បញ្ជាក់ថា ខ្មែរ​តែមួយ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ខ្មែរ​ទាំងអស់គ្នា​ជា​អ្នកឈ្នះ គ្មានទេ​ការគុំកួន​សងសឹក​គ្នា​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលដៅ​ដដែល គឺ​ទៅ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ ដោយ​បរិ​យា​កា មុន​ការបោះឆ្នោត​បច្ចុប្បន្ននេះ មានការ​គាបសង្កត់​ខាង​នយោបាយ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល ដូច្នេះ​លោក​យល់ថា យើង​ត្រូវតែ​តស៊ូ ដើម្បី​សេរីភាព​នៅពេលនេះ តស៊ូ​ដោយ​អហិង្សា​។

​លោក កឹម សុខា បាន​បញ្ជាក់ថា សេរីភាព​នាំមក​នូវ​យុត្ដិធម៌ យុត្ដិធម៌​នាំមក​នូវ​សន្ដិភាព សន្ដិភាព​នាំមក​នូវ​សេចក្ដីសុខ​ចម្រើន​។ ដូច្នេះ​គ្មានទេ​យុត្ដិធម៌​ពិត​បើ​គ្មាន​សេរីភាព គ្មានទេ​សន្ដិភាព​ពិត​បើ​គ្មាន​យុត្ដិធម៌ គ្មានទេ​សេចក្ដីសុខ​ចម្រើន​ពិត បើ​គ្មាន​សន្ដិភាព​។ ដើម្បី​បុព្វហេតុ​ខាងលើនេះ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បោះឆ្នោត​ដើម្បី​ផ្លាស់ប្ដូរ យើង​ត្រូវ​តស៊ូ​ដើម្បី​សេរីភាព​៕

13494864_1385611184789510_6869948316348870365_n 13418804_1385611188122843_5845655773807290396_n13450241_1385610408122921_528765927396827183_n 13432197_1385611014789527_8221430364289322623_n