Rock ផ្ដើម​ផលិត​បទ​ចម្រៀង​ឡើង​វិញ ជាមួយ​នឹង​យុទ្ធសាស្ត្រ​ថ្មី

ផលិតកម្ម Rock ចាប់​ផ្ដើម​ផលិត​បទ​ចម្រៀង​ម្ដង​ទៀត ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផលិត​បទ​ចម្រៀង Original Song សម្រាប់​ចែកចាយ​នៅ​ប្រទេស​កម្ពុជា និង​ទៅ​កាន់​ទីផ្សារ​ពិភព​លោក។

 

Rock ផ្ដើម​ផលិត​បទ​ចម្រៀង​ឡើង​វិញ ជាមួយ​នឹង​យុទ្ធសាស្ត្រ​ថ្មីលោក Raindy នាយក​ផ្នែក​ទីផ្សារ

​លោក Raindy ជា​នាយក​ផ្នែក​ទីផ្សារ​ផលិតកម្ម​និយាយ​ថា គំនិត​នៃ​ការ​បង្កើត​ផលិត​បទ​ចម្រៀង​ឡើង​វិញ​នេះ​គ្រោង​ជាង​មួយ​ឆ្នាំ​មក​ហើយ។ លោក​អះអាង​ថា កន្លង​មក​ផលិតកម្ម Rock មិន​បាន​បិទ​ទ្វា​ដូច​ការ​លើក​ឡើង​កន្លង​មក​ទេ។ ប៉ុន្តែ​ផលិត​បាន​ផ្ដោត​ទៅ​លើ​ការ​ផលិត​ភាពយន្ត​ដើម្បី​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ CTN, My TV និង CNC ជា​ដើម។

 

លោក Raindy ថ្លែង​ថា៖ “កន្លង​មក​បង​ប្អូន​មួយ​ចំនួន​គាត់​យល់​ច្រឡំ​ថា Rock បិទ​ទ្វា ប៉ុន្តែ​យើង​មិន​ដែល​បិទ​ទេ គ្រាន់​យើង​ផ្ដោត​ទៅ​លើ​ការ​ផលិត​រឿង​វិញ​ម្ដង”។ ប្រធាន​ផ្នែក​​ទីផ្សារ​រូប​នេះ​បាន​បន្ថែម​ថា ទោះ​បី​ជា​យ៉ាង​ណា Rock Music នឹង​សម្ពោធ​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា​ខាង​មុខ​នេះ។

 

ដោយ​សារ​ទីផ្សារ​ចម្រៀង​នៅ​ប្រទេស​កម្ពុជា​តូច​ចង្អៀត ប្រធាន​ផ្នែក​ទីផ្សារ​ខាង​លើ​បាន​អះអាង​ថា Rock Music នឹង​នាំ​យក​បទ​ចម្រៀង​ទាំង​នោះ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ដោយ​មាន​ការ​សហការ​ពី​ស្ថាប័ន​ជា​ច្រើន​លើ​ឆាក​អន្តរជាតិ។ ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​សហការ​ពី​អ្នក​និពន្ធ​ល្បីៗ​មក​ពី​សហរដ្ឋ​អាមេរិក, ប្រទេស​កូរ៉េ និង​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ជំរុញ​ឱ្យ​បទ​ចម្រៀង​របស់ Rock អាច​ទៅ​ដល់​ពិភព​លោក​ផង​ដែរ។

 

ប្រធាន​ផ្នែក​ទីផ្សារ​ដដែល​បន្ថែម​ថា អ្នក​ឧកញ៉ា គិត ធាង ជា​ថ្នាក់​លើ​របស់​លោក ក៏​បាន​លើក​ឡើង​ជា​សំណើ​ឱ្យ​កៀរគរ​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Rock ពី​មុន​មក​រួម​ដំណើរ​ជាមួយ​គ្នា​ជា​ថ្មី​ផង​ដែរ។ ហើយ​ក្នុង​នាម​លោក​បាន​ទាក់ទង​ទៅ​តារា​ចម្រៀង​ទាំង​នោះ​រួច​ហើយ ប៉ុន្តែ​ត្រូវ​ទុក​ពេល​សម្រាប់​ពួក​គេ​ពិចារណា​សិន។

 

Rock ផ្ដើម​ផលិត​បទ​ចម្រៀង​ឡើង​វិញ ជាមួយ​នឹង​យុទ្ធសាស្ត្រ​ថ្មី​លោក Mohamad

លោក Mohamad អ្នក​ចាត់​ការ​ទូទៅ Rock Entertainment បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ល្ងាច​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​ កន្លង​ទៅ​ថា ការ​សម្រេច​ផលិត​បទ​ចម្រៀង​ឡើង​វិញ ដោយ​មាន​ការ​ផ្ដួចផ្ដើម​ពី​អ្នក​ឧកញ៉ា គិត ធាង ដែល​ជា​បុគ្គល​ស្រលាញ់​វិស័យ​សិល្បៈ។ ហើយ​បាន​ចំណាយ​ទុន​ជា​ច្រើន ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​បញ្ចេញ​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​ របស់​ពួក​គេ។

 

លោក​បន្ត​ម្យ៉ាង​ទៀត​ថា ក្នុង​នាម​លោក​ផ្ទាល់​ក៏​មាន​បំណង​ចង់​បង្ហាញ​ដល់​បរទេស​ឱ្យ​ដឹង​ថា កូន​ខ្មែរ​នៅ​កម្ពុជា​ក៏​មាន​សមត្ថភាព​ផលិត​បទ​ចម្រៀង​ថ្មីៗ​ផង​ដែរ។

 

“ចំពោះ ​ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន ហើយ​ពិបាក​ក្នុង​ការ​និយាយ ដោយ​សារ​តែ​ខ្ញុំ​មាន​ឱកាស​ចែកចាយ​បទ​ពិសោធន៍​ទៅ​លើ​វិស័យ Original Song មួយ​នេះ​ដល់​កូន​ខ្មែរ ហើយ​ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ទាំង​ឆាក​ជាតិ និង​អន្តរជាតិ”។ Mohamad ថ្លែង​យ៉ាង​ដូច្នេះ។ បុរស​ស្បែក​​ខ្មៅ​រូប​នេះ​បាន​បន្ត​ថា ការ​ហៅ​ឈ្មោះ​ថ្មី​ជា Rock Music នេះ​ពិត​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ផលិតកម្ម​ដទៃ ដោយ​ផ្ដោត​តែ​លើ​ការ​បង្កើត​បទ​ចម្រៀង​ថ្មី ឬ Original Song ប៉ុណ្ណោះ៕

 

Rock ផ្ដើម​ផលិត​បទ​ចម្រៀង​ឡើង​វិញ ជាមួយ​នឹង​យុទ្ធសាស្ត្រ​ថ្មីក្រុម​តារា​ចម្រៀង​នៅ Rock Music

អត្ថបទ៖ សំ ជំនាញ