អ្នក​ជិះ​ម៉ូតូ​ទាំងអស់​គ្នា ប្រយ័ត្ន​ឆេះ​បែប​នេះ​ណា

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​អូស​រ៉ឺ​ម៉ក​១​គ្រឿង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ សេចក្តីរាយការណ៍​បាន​ឲ្យដឹងទៀតថា ការ​ឆេះ​នេះ​បណ្ដាល​មក​ពី​ចូលចាក់សាំងមិន​ព្រម​ពន្លត់​ម៉ាស៊ីវម៉ូតូ ។

តាម​ប្រភព​ពី​អ៊ុំ​ប្រុស​ម្នាក់​ដែល​ជា​អ្នកលក់​សាំង​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​កន្លែង​ថា មុន​ដំបូង មាន​ម៉ូតូ​ដឹក​ឥ​វ៉ា​ន់​របស់ សេង លី កាត់​កញ្ចក់ បាន​មក​ចាក់​សាំង​១​លី​ត្រ ប៉ុន្តែ​មិន​បាន​ពន្លត់​ម៉ាស៊ីន​ទេ ។ ខណៈនោះ​គាត់​បាន​ប្រាប់​អ្នក​បើក​ម៉ូតូ​ថា ក្មួយ​ពន្លត់​ម៉ូតូ​សិន​ទៅ ពេល​នោះ​អ្នក​បើក​ម៉ូតូ​មិន​ស្តាប់​តាម​គាត់​ទេ បែរជា​ឱ្យ​ចាក់​សាំង​មក​មិន​អី​ទេ ប៉ុន្តែ​ចាក់​សាំង​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ស្រាប់តែ​ឆេះ​ចេញពី​ធុងសាំង​យ៉ាង​សន្ធោរ​សន្ធៅ​តែ​ម្តង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ខ្លះ​នាំ​គ្នា​ជួយ​ពន្លត់ ខ្លះ​ជះ​ខ្សាច់ ខ្លះ​ជះ​ទឹក ប្រហែល​ជិត​១​ម៉ោង​ទើប​រលត់​អស់ទាំង​ស្រុង រួច​ក៏​នាំ​គ្នា​រុញ​ម៉ូតូ​ទាំង​ឥ​វ៉ា​ន់ យក​ទៅ​កន្លែង​ដើម្បី​ធ្វើការ​ដោះ​ដូរ​ម៉ូតូ​យក​ឥ​វ៉ា​ន់​ទៅ​ឱ្យ​ម៉ូយ ។

ចំណែក​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ឥ​វ៉ា​ន់ សេង លី កាត់​កញ្ចក់ នោះ​មានឈ្មោះ សា ប៉េង​ស៊ុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់​ឱ្យ សេង លី មាន​ទីលំនៅ​ភូមិ​ត្រាំ​នាគ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​ជិះ​ម៉ូតូ​ម៉ាក អឹ​ម​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1Q-5381 ពី​លិច​មក​កើត ៕