ហេតុ​អ្វី​គ្រូពេទ្យ​ត្រូវ​បំពេញភារកិច្ច​​ដោយ​គ្មាន​ការ​បំភិត​បំ​ភ័យ?

នៅ​ក្នុង​មួយ​រយ​:​កាល​ចុង​ក្រោយ​នេះ​ មានរឿង​រ៉ាវ​ប្តឹងប្តល់​​គ្រូពេទ្យ​មួយ​ចំនួន ​បាន​កើត​មាន​​ដោយ​ធ្វើ​ឱ្យ​​គ្រូពេទ្យ​​កាន់តែ​មានការ​ភ័យ​ខ្លាច​ នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាជន ​។

ករណី​ប្តឹងប្តល់​ខ្លះ ​ត្រូវ​បាន​គេ​យល់​ថា​ សម​នឹង​កើតឡើង​ដោយសារ​ភាព​ធ្វេស​ប្រ​ហែស​​របស់​គ្រូពេទ្យ ​។ ប៉ុន្តែ​ទន្ទឹម​នោះ គ្រូពេទ្យ​មួយ​ចំនួន​និយាយ​ថា ​ការ​ប្តឹងប្ត​ល់​ខ្លះ​ មិនមែន​ដោយសារ​កំហុស​បច្ចេកទេស​របស់​គ្រូពេទ្យ​ទេ ​ប៉ុន្តែ​វា​ដោយសារ​តែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ​ដែល​ហួស​ពី​សមត្ថភាព​របស់​គ្រូពេទ្យ​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ ។

អ្វី​ដែល​គួរ​ឱ្យ​​បារម្ភ​នោះ ការ​ប្តឹងប្ត​ល់​ទាំងនោះ​ បាន​ធ្វើឱ្យ​​គ្រូពេទ្យ​មួយ​ចំនួន ​មានការ​ភ័យ​ខ្លាច​រហូត​ដល់​លែង​ហ៊ាន​ពិនិត្យ​ និង​ព្យាបាល​ជំងឺ ​ដែល​ធ្ងន់ធ្ងរ​ដែល​សម​នឹង​ទទួល​បានការ​ព្យាបាល​យ៉ាង​រហ័ស​បំផុត​ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ​។ គ្រូពេទ្យ​ទាំងនោះ​មិន​ចង់​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​ប្តឹងប្តល់ ​ដោយសារ​តែ​ការ​ពិនិត្យ​ជំងឺ​ដែល​ធ្ងន់ធ្ងរ​ឡើយ​ ។

បើសិនជា​មាន​គ្រូពេទ្យ​កាន់តែ​ច្រើន​ឡើង​ៗ​ បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ជា​ជាង​ការ​បំពេញភារកិច្ច​ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​នោះ វា​នឹង​ធ្វើឱ្យ​​ជីវិត​មនុស្ស​កាន់តែ​ច្រើន ​អាច​នឹង​ស្លាប់​ដោយសារ​តែ​មិន​អាច​ទទួល​បានការ​ព្យាបាល​យ៉ាង​ទាន់​ពេលវេលា​ ។

តើ​គេ​គួរ​បន្ទោស​អ្នក​ណា? ជា​ការ​ពិត​ណាស់​ គ្រូពេទ្យ​ត្រូវ​តែ​បំពេញភារកិច្ច​សង្គ្រោះ​ជីវិត​មនុស្ស​ ។ នេះ​ជា​បេសកកម្ម​ចម្បង​របស់​គ្រូ​ពេទ្យ ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​​ក៏​ដោយ​ចុះ គេ​ត្រូវ​តែ​បង្កើត​ឱ្យ​​បាន​បរិយាកាស​ការងារ​​ដ៏​ល្អ​មួយ​ សម្រាប់​គ្រូពេទ្យ​ ដើម្បី​កុំ​ឱ្យ​ពួក​គេ​បំពេញភារកិច្ច​ ដោយ​មានការ​ភ័យ​ខ្លាច ​និង​មានការ​បំភិតបំភ័យ​ ។ វា​ជា​ធម្មជាតិ​នៃ​ការ​គិត​របស់​មនុស្ស​ដែល​នឹង​មិន​ធ្វើ​អ្វីមួយ ​ដែល​នឹង​នាំទុក្ខ​ដាក់ខ្លួន​ឡើយ ​។ នេះ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ទទួល​ស្គាល់​ ។

ក្នុង​ន័យ​នេះ វា​មិនមែន​មាន​ន័យ​ថា ​គ្រូពេទ្យ​ទាំងអស់​ មាន​អភ័យ​ឯក​សិទ្ធិ​​រួច​ផុត​ពី​ការ​ទទួលខុស ត្រូវ​ចំពោះ​មុខ​ច្បាប់​ឡើយ​ ។ គ្រូពេទ្យ ​ដែល​បំពេញភារកិច្ច​តាម​ការ​ទទួលខុសត្រូវ​ និង​ត្រឹមត្រូវ​តាម​បច្ចេកទេស​សម​នឹង​ទទួល​បានការ​ការពារ​យ៉ាង​ពេញលេញ ខណ​:​ដែល​គ្រូពេទ្យ​ដែល​ខិលខូច​សម​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ​។

ប្រទេស​កម្ពុជា ​ត្រូវការ​យន្តការ​ដ៏​មាន​ប្រ​សិទ្ធ​ភាព ​និង​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​ផ្តល់​កិច្ច​ការពារ​ដល់​គ្រូពេទ្យ​ ដើម្បី​ឱ្យ​​ពួក​គេ​អាច​បំពេញ​ភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ​។ ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​ត្រូវការ​យន្តការ​ដែល​មាន​ប្រ​សិ​ទ្ធ​​ភាព​និង​ម៉ឺងម៉ាត់​ដូច​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ខុស​ក្រមសីលធម៌​ ដោយ​គ្រូពេទ្យ​ខិលខូច​មួយ​ចំនួន​តូច ​។

យន្តការ​ការពារ​គ្រូពេទ្យ​ត្រឹមត្រូវ​ និង​យន្តការ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​គ្រូពេទ្យ​ខិលខូច​​ ត្រូវធ្វើ​ព្រម​គ្នា ​ដើម្បី​ស្តារ​ជំនឿ​ទំនុកចិត្ត​របស់​សាធារណជន ​និង​ដើម្បី​ឱ្យ​​គ្រូពេទ្យ​អាច​បំពេញការងារ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​កាន់តែ​ច្រើន​ ៕