លោក ហ៊ុន សែន ថា បក្ស​ប្រឆាំង​បង្កើត​រឿង​តូច​ទៅ​ជា​រឿង​ធំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​ថ្លែង​បញ្ឆិតបញ្ឆៀង​ទៅ​កាន់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ធ្វើ​រឿង​តូច​ឲ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ ជុំវិញ​ករណី​ដែល​លោក​មិន​ចូល​បំភ្លឺ នៅ​តុលាការ​តាម​ការ​កោះ​ហៅ​ចំនួន​៤​លើក។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ព្រឹក​ថ្ងៃទី២០ ខែ​មិថុនា លោក ហ៊ុន សែន បន្ថែម​ថា “ទៅ​ឲ្យ​គេ​សួរ​បន្តិច​ទៅ រួច​មក​វិញ​ទៅ​មាន​អ្នកណា​គេ​ចាប់។ បង្កើត​អា​រឿង​តួច​អោយ ទៅ​ជាង​រឿង​ធំ អា​ហ្នឹង​មក​ពី​អ្វី​មក​ពី​មេធាវី​ចេះ​ស្ទើរ”។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​ឡកឡឺយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទៅ​ធ្វើ​ពិធី​បួងសួង នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប​ដែរ ថា​ការ​បន់ស្រន់​មិន​អាច​ជួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​បាន នោះ​ទេ។ លោក​បន្ថែម​ថា មិន​បាច់​ទៅ​បួងសួង​ឯណា​ទេ កុំ​តែ​ទៅ​ធ្វើ​ខុស​ច្បាប់​ទៅ គឺ​គ្មាន​ទោស ទណ្ឌ​នោះ​ទេ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​បដិសេធ មិន​ចូល​ខ្លួន បន្ទាប់​ពី​លោក​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ការ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក​ក្នុង​នាម​ជា សាក្សី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចារកម្ម។ ការ​បដិសេធ​មិន​ចូល​ខ្លួន​នោះ ដោយ​លោក កឹម សុខា សំអាង​ថា មាន​អភ័យឯកសិទ្ធិសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។