អំពើពុករលួយ​របស់​លោក ខាត់ សារ៉ាត់ ប្រធាន​ច្រក​អន្តរជាតិ​បាវិត និង​បក្ខពួក​ត្រូវបាន​លាតត្រដាង​

ប្រហែលជា​មានទំនាស់​ផលប្រយោជន៍​ទើប​សមត្ថកិច្ច​នៅ​ច្រក​អន្តរជាតិ​បាវិត​មួយចំនួន បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ខាត់ សារ៉ាត់ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​បាវិត​ជា​សាធារណៈ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការ​បើកដៃ​ឲ្យ​ក្មួយ​ឈ្មោះ សីហា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​ជា​រឿង​ដែល​ថ្នាក់លើ​មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​លោក ខាត់ សារ៉ាត់ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​បាវិត កំពុង​បណ្ដោយ​ឲ្យ​ក្មួយ​របស់ខ្លួន​ឈ្មោះ សីហា ប្រមូល​លុយ​តាម​គ្រប់​រូបភាព​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ជាពិសេស​ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ខាត់ សារ៉ាត់ និង​ក្មួយប្រុស​ឈ្មោះ សីហា ដែលជា​កូន​អភិបាលរង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ប្រភពពី​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ច្រក​បាវិត​បាន​ឲ្យ​ដឹងថា នៅ​ច្រក​នេះ​នរណា​ក៏​ស្គាល់ឈ្មោះ សីហា ដែលជា​ក្មួយ​របស់លោក ខាត់ សារ៉ាត់ ដែរ​ព្រោះ​ជននេះ​ទទួលបាន​អំណាច​ពិសេស​ពី​ពូ​របស់ខ្លួន ហើយ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​រឿង​ប្រមូល​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍ និង​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​ចេញចូល​តាម​ច្រក​បាវិត សុទ្ធតែ​ឃុបឃិត​ជាមួយ​ឈ្មោះ សីហា ដើម្បី​សម្រួល​មុខរបរ​របស់ខ្លួន​ព្រោះ​ឈ្មោះ សីហា នេះ​គឺជា​តំណាង​របស់លោក ខាត់ សារ៉ាត់ ពេញមុខ​តែម្តង​។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ចេញចូល​តាម​ច្រក​បាវិត​ត្រូវ​បង់លុយ​ក្នុង​១​គ្រឿង​១០​ទៅ​២០​ដុល្លារ ហើយ​ត្រូវ​ដក​លុយ​នេះ​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​ឲ្យ​លោក សីហា ផងដែរ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​រថយន្តក្រុង​ព្រៃវែង ដែល​សម្បូរ​ភ្ញៀវ​ដឹក​ចេញចូល​តាម​ច្រក​អន្តរជាតិ​បាវិត​ច្រើនជាងគេ គឺ​ក្រុមហ៊ុន​វ៉ាង​រ៉ិ​ច ហើយ​អ្នកបើកបរ​រថយន្តក្រុង​ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​ឈ្មោះ សីហា ដែល​ពូកែ​ខាង​ប្រមូល​លុយ​ក្រោម​តុ​។ ប្រភព​បាន​បង្ហើប​ថា​កាលពី​ថ្ងៃទី​១៨ ខែមិថុនា រថយន្តក្រុង​ក្រុមហ៊ុន​វ៉ាង​រ៉ិ​ច ដឹក​ភ្ញៀវ​ពេញ​ហើយ​ក្នុងចំណោម​ភ្ញៀវ​ទាំងអស់នោះ គឺ​១១​នាក់​អស់​មាន​លិខិតឆ្លងដែន ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​សម្របសម្រួល​បង់ប្រាក់​ឲ្យ​លោក សីហា ទើប​គេ​អាច​ចូល​ស្រុក​ខ្មែរ​យ៉ាង​រលូន​។ ជាងនេះទៅទៀត​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​របស់​ក្រុមហ៊ុន​វ៉ាង​រ៉ិ​ច ដែល​បង្កប់​ទំនិញគេចពន្ធ​នៅ​បាត​ខាងក្រោម​យ៉ាងច្រើន ដោយ​ម្ចាស់​រថយន្ត​ត្រូវ​បង់លុយ​ឲ្យ​ឈ្មោះ សីហា តាម​ការកំណត់​។

ការដែល​លោក ខាត់ សារ៉ាត់ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​បាវិត បើកដៃ​ឲ្យ​ក្មួយ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ គឺ​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​មួយចំនួន​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​ពួកគេ​បាត់បង់​ការងារ បាត់បង់​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​មានការ​ទម្លាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខាត់ សារ៉ាត់ និង​ក្មួយ​ឈ្មោះ សីហា ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់លើ​បាន​ដឹងឮ​ផងដែរ​។ ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​បាវិត​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​កុង​ទឺ​ន័​រ​ចេញចូល​ឆ្លងដែន​ដឹកទំនិញ​ត្រូវ​បង់លុយ​ឲ្យ​លោក សីហា ពី​១៥០០​ទៅ​៣០០០​ដុល្លារ​អាមេរិក​ទើប​អាច​ដំណើរការ​យ៉ាង​រលូន​។ ឥឡូវនេះ​លោក ខាត់ សារ៉ាត់ មិន​ប្រើប្រាស់​មន្ត្រីក្រោមឱវាទ​ឲ្យ​ធ្វើការ​តាម​តួនាទី​នោះទេ គឺ​ប្រើតែ​ក្មួយ​របស់ខ្លួន​ឈ្មោះ សីហា ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​៕

Bavet drr