តែងតាំង​លោក អ៊ី ឆៃ​តេង ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​បម្រើ​ការងារ​អ្នកខ្លះ​រាប់សិប​ឆ្នាំ​មកហើយ​នោះ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការតែងតាំង​លោក អ៊ី ឆែ​តេង ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង​។ ដោយហេតុថា​លោក អ៊ី ឆៃ​តេង ពុំមាន​អតីត​ភាពជា​មន្ត្រី​ភូមិបាល​ក្នុងស្រុក​សំរោង​ទង​ទេ ហើយ​ធ្លាប់មាន​រឿងអាស្រូវ​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឧដុង្គ ទៀតផង​បែរជា​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម គួរពិនិត្យមើល​ភាពមិនប្រក្រតី​នេះ​ជាបន្ទាន់​។

​ប្រភពពី​មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា ការតែងតាំង​លោក អ៊ី ឆៃ​តេង មក​ធ្វើជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង​នាពេលនេះ គឺ​ពុំមាន​តម្លាភាព​ហើយ​មិន​ឲ្យ​តម្លៃ​ទៅលើ​មន្ត្រី​ភូមិបាល​ស្រុក​សំរោង​ទង ដែលមាន​អតីតភាព​ការងារ​រាប់សិប​ឆ្នាំ​មកហើយ​នោះទេ​។ ជាងនេះទៅទៀត​លោក អ៊ី ឆៃ​តេង ការ​នៅ​ធ្វើជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឧដុង្គ ធ្លាប់មាន​រឿងអាស្រូវ​យ៉ាងច្រើន​ដូចជា លួច​ធ្វើ​ប្លង់ដី​ថ្មី​ជាន់​លើ​ប្លង់​ចាស់​ជាច្រើន​ករណី និង​ចេញ​ប្លង់ដី​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជាដើម​។ រឿងអាស្រូវ​ទាំងអស់នោះ​មិនទាន់​ដោះស្រាយ​ចប់សព្វគ្រប់​នៅឡើយ ហើយ​លោក អ៊ី ឆៃ​តេង ធ្លាប់​សារភាព​កំហុស​របស់ខ្លួន​ទៀតផង ប៉ុន្តែ​មន្ត្រី​រូបនេះ​បែរជា​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ហួសហេតុ​។

​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​លើកឡើងថា​ការតែងតាំង​លោក អ៊ី ឆៃ​តេង ជា​ប្រធានការិយាល័យ​ភូមិបាល​ជំនួស​លោក ជួប វណ្ណៈ ដែល​ត្រូវ​ចូលនិវត្តន៍​នោះ ប្រហែល​ជាមាន​អន្តរាគមន៍​ពី​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ ទើប​អ្វីៗ​អាច​សម្រេច​ទៅបាន​។ ទោះជា​យ៉ាងណា​រឿងអាស្រូវ​ទាំងឡាយ​របស់លោក អ៊ី ឆៃ​តេង ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​រួចមកហើយ ជាពិសេស​មន្ត្រី​ភូមិបាល​ស្រុក​សំរោង​ទង មិន​ស្វាគមន៍​វត្តមាន​លោក អ៊ី ឆៃ​តេង នោះទេ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​លោក អ៊ី ឆែ​តេង ធ្លាប់មាន​រឿងអាស្រូវរ​ហូត​ត្រូវ​ដក​បញ្ឈរជើង​មួយរយៈ ប៉ុន្តែ​ឥឡូវនេះ​បែរជា​ទទួលបាន​តួនាទី​ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង យ៉ាង​ក្រអឺតក្រទម​ទៅវិញ​៕

20-6-20162​លោក អ៊ី ឆៃ​តេង 20-6-2016-12 20-6-2016-2