ការ​បន្លំ​លួច​ទ្រព្យសម្បត្តិ និង​មាស​គ្រឿង​ មួយ​គីឡូក្រាម ​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី

ការ​បន្លំ​លួច​ទ្រព្យសម្បត្តិ និង​មាស​គ្រឿង​ មួយ​គីឡូក្រាម ​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី



បាត់ដំបង ​៖​ លុយកាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​មាស​គ្រឿង​ប្រមាណ​មួយ​គីឡូក្រាម​ត្រូវបាន​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​បន្លំ​ចូល​លួច​គ្មាន​សល់ ខណៈ​ដែល​ម្ចាស់ផ្ទះ​មានការ​ធ្វេសប្រហែស​ ដោយ​រើ​របស់របរ​ទាំងនេះ​ចេញ​មក​ខាងក្រៅ​ទូ​ទាំងអស់​ដើម្បី​ត្រួតពិនិត្យ ព្រោះ​វត្ថុ​ដ៏​មានតម្លៃ​ទាំងនេះ​សុទ្ធសឹងតែ​ជា​របស់​ដែល​គេ​យក​មក​ដាក់​បញ្ចាំ។

ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដោយ​ជនសង្ស័យ​មាន​ គ្នា​ចំនួន​៤​នាក់ មិន​ស្គាល់​សាវតារ ហើយ​ក្នុង​នោះ​មាន​មនុស្ស​ប្រុស​៣​នាក់ និង​ស្រី​ម្នាក់​ ​​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ ​គឺ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ហុងដា​c125​ស៊េរី​ឆ្នាំ​២០១៥ ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ០១០៥ និង​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក។ ពួកគេ​បានធ្វើ​សកម្មភាព ចូល​បន្លំ​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ឈ្មោះ ឡេង ឡុ​ញ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ រស់នៅ​ចំណុច​ខាងលើ ​​មាន​មុខរបរ​​​លក់​អង្ករ ​ លក់​ជីរ​កសិកម្ម​ បើក​កន្លែង​ផ្ញើ​លុយ វី​ង និង​ទទួល​ដាក់​បញ្ចាំ​របស់របរ​គ្រប់​ប្រភេទ។

តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​គាត់​បាន​រើ​របស់របរ​មានតម្លៃ​ទាំងអស់​ចេញពី​ក្នុង​ទូ ដើម្បី​ត្រួតពិនិត្យ រួចហើយ​គាត់​ក៏​មាន​ធុរៈ​ចេញទៅ​ខាងក្រៅ​ដោយ​ភ្លេច​មិនបាន​បញ្ចូល​របស់របរ​ទាំង​នេះ​ទៅក្នុង​ទូវិញ​ឡើយ​ ដោយ​របស់​ទាំងនេះ​គាត់​ដាក់​នៅ​ក្នុង​ធុង​ទឹកកក និង​ធុង​ស័ង្កសី ដោយសារ​កូនប្រុស ស្រី​ពីរ​នាក់​នៅចាំ​ផ្ទះ។ លុះ​គាត់​វិលត្រឡប់​មកវិញ​ទើប​ដឹងថា ទ្រព្យសម្បត្តិ​របស់គាត់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បន្លំ​ចូល​លួច​គ្មាន​សល់ ដោយ​របស់​ដែល​បាត់បង់​រួមមាន មាស​គ្រឿង​ទម្ងន់​១​គីឡូក្រាម ( ជា​របស់​ដែល​គេ​យក​មក​ដាក់​បញ្ចាំ ) ប្រាក់​ថៃ​ចំនួន ១៤​ម៉ឺន​បាត​ ប្រាក់​ខ្មែរ​ចំនួន ៣០ លាន​រៀល និង ប្រាក់​ដុល្លារ​ចំនួន ៦០០០ ដុល្លារ។

លោក​ម៉ី ឆេង​លី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ភ្នំ​សំពៅ បាន​បញ្ជាក់​ថា ​ជន​សង្ស័យ​ ដែល​មាន​គ្នា​ចំនួន​៤​នាក់​នោះ​ បាន​ធ្វើ​សកម្មភាព​យ៉ាង​ល្អ​ជាមួយ​នឹង​ក្មេងៗ​ ដែល​ជា​កូនប្រុស ស្រី​របស់​ម្ចាស់ផ្ទះ ដោយ​ម្នាក់​បាន​ធ្វើ​ជា​ទិញ​អង្ករ​ចំនួន​ពីរ​​ម៉ឺន​រៀល ហើយ​បាន​នាំ​កូនស្រី​ទៅ​រាប់​លុយ​ឲ្យ​នៅ​ខាង​មុខ​ផ្ទះ ដែល​លុយ​ទាំងនេះ​សុទ្ធតែ​ក្រដាសប្រាក់​៥០០ និង​១​ពាន់​រៀល ដែល​ជា​ការពិបាក​ក្នុង​ការ​រាប់។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា ទន្ទឹម​នឹង​ការ​រាប់​លុយ​បែប​យឺតៗ​ដើម្បី​មាន​ឱកាស​នោះ​ បក្ខ​ពួកវា​ម្នាក់ទៀត បាន​ដើរ​ទៅ​ខាងក្រោយ​ជាមួយ​នឹង​កូនប្រុស​របស់​ម្ចាស់ផ្ទះ ដើម្បី​រកមើល​ទិញ​ជីរ​កសិកម្ម ហើយគ្នា​វា​ម្នាក់ទៀត​នៅ​អង្គុយ​លើ​ម៉ូតូ​នៅ​ខាងក្រៅ​របង​ ដោយ​ស្ត្រី​ម្នាក់​ដែល​ជា​បក្ខពួក​ក្រុម​ចោរ បាន​លប​ចូល​ទៅក្នុង​ផ្ទះ​ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​ ដែល​ម្ចាស់ផ្ទះ​ទុកចោល​នៅ​ក្នុង​បន្ទប់ដេក ព្រោះ​សូម្បីតែ​សោ​​ទ្វារ​បន្ទប់​ក៏​មិនបាន​បិទ​ដែរ។ ដូច្នេះ​វា​ជា​ការ​ងាយ​បំផុត​ក្នុង​ការ​ចូល​លួច ព្រោះ​វា​ហាក់​ដូចជា​ជួន​គ្នា​មែនទែន។

បន្ទាប់ពី​ក្រុម​ចោរ​បាន​ចាកចេញ ហើយ​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ចូល​មក​ក្នុង​ក្រុង​បាត់ដំបង​រួចមក ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​អំពី​ការបាត់បង់​ទ្រព្យសម្បត្តិ​នេះ​ ពិសេស​គឺ​គ្រឿងអលង្ការ ​ដែល​ជា​​របស់​អតិថិជន​យក​មក​បញ្ចាំ ត្រូវ​បាត់បង់​គ្មាន​សល់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក៏​មាន​ប្រភព​ជាច្រើន​បាន​លួច​ខ្សឹប​តិចៗ​ថា វា​ដូចជា​ជួន​គ្នា​ខ្លាំង​ម្ល៉េះ​សម្រាប់​ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​បន្លំ​ចូល​លួច​ទ្រព្យសម្បត្តិ ជាមួយនឹង​ម្ចាស់ផ្ទះ​ដែល​បាន​រើ​យក​ទ្រព្យសម្បត្តិ​ចេញ​មក​ទាំង​អស់ហើយ មិនបាន​ដាក់​ចូល​ទូ​វិញ​ ព្រមទាំង​មិនបាន​បិទទ្វារ​បន្ទប់​ថែមទៀត។

ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង ​ទទួល​ផែន​​យុត្តិធម៌​ បាន​សង្កត់ធ្ងន់ថា លោក​កំពុង​ដុត​ដៃ ដុតជើង ជាមួយនឹង​សមត្ថកិច្ច​ជំនាញ​ដើម្បី​​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ក្នុង​រឿង​នេះ ក្នុង​គោលបំណង​តាម​ឃាត់​មុខសញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឲ្យបាន៕
ការ​បន្លំ​លួច​ទ្រព្យសម្បត្តិ និង​មាស​គ្រឿង​ មួយ​គីឡូក្រាម ​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី

ការ​បន្លំ​លួច​ទ្រព្យសម្បត្តិ និង​មាស​គ្រឿង​ មួយ​គីឡូក្រាម ​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី

ការ​បន្លំ​លួច​ទ្រព្យសម្បត្តិ និង​មាស​គ្រឿង​ មួយ​គីឡូក្រាម ​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី

ការ​បន្លំ​លួច​ទ្រព្យសម្បត្តិ និង​មាស​គ្រឿង​ មួយ​គីឡូក្រាម ​ស្ថិត​ក្នុង​ភាព​មិន​ប្រក្រតី