មូលហេតុ​ដែល​មាស​អាច​នឹង​ឡើងថ្លៃ​10% នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ

សព្វ​ថ្ងៃនេះ មាស​គឺជា​ឧបករណ៍​វាស់​ស្ទង់​ពី​ហានិភ័យ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ ហើយ​ត្រូវ​បាន​គេ​ជឿជាក់​ថា វា​អាច​នឹង​ហក់​ឡើង​១០% បន្ទាប់​ពី​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​មួយ​ពី​ប្រធាន​អ្នកវិភាគ​លោហៈ​មាន​តម្លៃ លោក James Steel របស់​ធនាគារ HSBC ដែល​បាន​ផ្ញើ​ទៅ​កាន់​អតិថិជន ។

យោង​តាម​របាយការណ៍ ប្រសិនបើ​អង់គ្លេស​សម្រេច​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃ​ទី​២៣ មិថុនា​នោះ តម្លៃ​មាស​អាច​នឹង​កើនឡើង​១០% ស្មើនឹង​១.៤០០​ដុល្លារ​ក្នុង​១​អោន (1 ounce ស្មើនឹង​ជាង​៣១​ក្រាម​) ខណៈ​ដែល​វិនិយោគិន​បាន​សម្លឹង​ឃើញ​ថា លោហៈធាតុ​ដ៏​មាន​តម្លៃ​នេះ​បាន​ផ្តល់​នូវ​ទីជម្រក​ដ៏​មាន​សុវត្ថិភាព​មួយ​ក្នុង​ពេលវេលា​ដែល​មិន​ប្រាកដប្រជា ។​កាន់តែ​សំខាន់​ទៅ​ទៀត​នោះ មាស​ក៏​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ភាព​ស្ទាក់ស្ទើរ​នៃ​បណ្ដា​វិនិយោគិន​ក្នុង​ការ​ផ្លាស់​ទៅ​ចាយប្រាក់​ផោន ឬ​ក៏​ប្រាក់​អឺ​រ៉ូ​នៅ​ពេល​បោះ​ឆ្នោត​ផង​ដែរ ។

តម្លៃ​មាស​កើនឡើង​ដោយសារ​ភាព​មិន​ប្រាកដប្រជា ៖

យោង​តាម​ទស្សនវិស័យ​របស់​ធនាគារ​HSBC ឱ្យ​ដឹង​ថា មាស​នឹង​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​លំហូរ​សាច់ប្រាក់ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ចាកចេញ​របស់​ចក្រភព​អង់គ្លេស ខណៈ​ដែល​ភាព​មិន​ប្រាកដប្រជា​ត្រូវ​បាន​ជំរុញ​ដោយ​ការ​បោះ​ឆ្នោត និង​គួរតែ​ទាក់ទង​នឹង​ការ​ទិញ​មាស​ដើម្បី​បង្កើន​តម្លៃ ។ ក្នុង​ពេល​មិន​ប្រាកដប្រជា​នេះ មាស​គឺជា​ជម្រក​ទ្រព្យ​របស់​វិនិយោគិន​ភាគច្រើន ។

ជា​ទូទៅ ភាព​ទន់ខ្សោយ​នៃ​ប្រាក់​អឺ​រ៉ូ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​មាស ខណៈ​ដែល​មាស​មាន​ទំនាក់ទំនង​នឹង​ប្រាក់​ដុល្លារ ។ ទោះ​យ៉ាងណា​ក្តី ធនាគារ HSBC បាន​ព្យាករ​ថា ប្រសិនបើ​លំហូរ​សាច់ប្រាក់​អង់គ្លេស និង​អឺ​រ៉ូ​ចុះ​ខ្សោយ គឺ​វា​អាច​នឹង​ផ្លាស់​ប្តូរ​ប្រាក់​ស្វ៊ី​ស ប្រាក់​បារាំង (CHF) និង​ប្រាក់​យេ​ន​ជប៉ុន​ដូចនឹង​មាស​ដែរ ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ធនាគារ HSBC បាន​ឲ្យ​ដឹង​ថា ៖ « មាស​មិន​ជាប់​ទាក់ទង ឬ​ពឹងផ្អែក​លើ​អាជ្ញាធរ​រូបិយប័ណ្ណ ឬ​ក៏​គោលនយោបាយ​សេដ្ឋកិច្ច​ណាមួយ​ឡើយ » ។
ចាប់តាំងពី​ដើមខែ​មិថុនា​មក ប្រាក់​យេ​ន​ជប៉ុន ប្រាក់ CHF និង​មាស​បាន​កើនឡើង​ខណៈ​ដែល​អង់គ្លេស​បាន​បង្ហាញ​នូវ​យុទ្ធនាការ​ចាកចេញ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បោះ​ឆ្នោត​របស់​អង់គ្លេស គេ​អាច​មើលឃើញ​ថា នឹង​មានការ​កើនឡើង​នៅ​ក្នុង​ខែមិថុនា​នេះ ។

កត្តា​ខាងក្រៅ​ដូច​ជា ការ​ពិនិត្យ​មើល​លើ​អត្រា​ប្រាក់​បម្រុង​នៅ​សហព័ន្ធ​, ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ពង្រីក​សេដ្ឋកិច្ច​សកល​, ភាព​មិន​ប្រាកដប្រជា​នៃ​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក និង​ហានិភ័យ​ភូមិសាស្ត្រ​ផ្សេង​ៗ​ទៀត ហាក់ដូចជា​ជះ​ឥទ្ធិពល​ដល់​តម្លៃ​មាស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

សម្រាប់​គោលដៅ​របស់​ធនាគារ HSBC​នៅ​ក្នុង​ឆ្នាំ​២០១៦ តម្លៃ​មាស គឺ​១.៣០០​ដុល្លារ​ក្នុង​១​អោន ជាមួយនឹង​តម្លៃ​មធ្យម​១.២០៥​ដុល្លារ​ក្នុង​១​អោន ៕