សកម្មជន​ដីធ្លី​​៤​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ពេល​ពួកគេ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស

សកម្មជន​ដីធ្លី​នៃ​សហគមន៍​ថ្មគោល​៤​នាក់ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិសែនជ័យ ចាប់​លើក​ឡើង​ដាក់​ក្នុង​រថយន្ត​បញ្ជូន​ទៅ​សង្កាត់​កាកាប នៅ​ថ្ងៃ​ទី​២០ មិថុនា នេះ ខណៈ​អ្នក​ទាំង​៤ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​៤រូប និង​មន្ត្រី​គ..ប ១រូប។

មុន​ពេល​សមត្ថកិច្ច​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី នៃ​សហគមន៍​ថ្មគោល​ទាំង ៤​នាក់​នោះ ពួកគេ​បាន​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​មួយ​ឈុត និង​សរសេរ​លើ​បដា​ក្នុង​ន័យ ទាមទារ​ដោះលែង​អ្នក​ទាំង​៥។ បន្ទាប់​មក​ពួក​គេ​បាន​កាន់​បដា ដោយ​ដើរ​ក្នុង​សហគមន៍​របស់​ខ្លួន ខណៈ​ពួកគេ​ដើរ​បាន​ប្រមាណ​១​គីឡូម៉ែត្រ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឡើង​រថយន្ត។

ក្នុង​ចំណោម​សកម្មជន​ដីធ្លី​ទាំង ៤​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ថ្ងៃ​នេះ មាន​អ្នក​ខ្លះ​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ ចំនួន​៣​ដង​មក​ហើយ ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែល​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​រៀងរាល់​ថ្ងៃ​ច័ន្ទ តាំង​ពី​ថ្ងៃ​ទី​៩ ឧសភា មក។

មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក (ADHOC) ៤រូប និង​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ..ប ១រូប ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូក និង​សមគំនិត​សូកប៉ាន់​សាក្សី។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។