ថ្ងៃក្រោយ​ឲ្យ​រាង ! កុំ​ចេះ​តែ​ហ៊ាន​ជាមួយ​កាំភ្លើង

ខេត្តបាត់ដំបង ៖ យុវជន​៤​នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​សង្កែ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ក្រោយ​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា ជន​ទាំង​៤​នាក់​នេះ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់បោះ​សេរី​ដោយ​ខុសច្បាប់ បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន ។

អធិការរង​ស្រុក​សង្កែ លោក មួរ ឡាន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ សោម ភាព អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ និង​ជា​ម្ចាស់​កាំភ្លើង​, ២-​ឈ្មោះ ជុន សីហា អាយុ​២៨​ឆ្នាំ​, ៣-​ឈ្មោះ ផ​ន សុ​ភី អាយុ​១៨​ឆ្នាំ និង ៤-​ឈ្មោះ យិ​ន រ​ដ្ធា អាយុ​២១​ឆ្នាំ ។ ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុង​ឃុំ​ព័រ​ទេព ស្រុក​ច្បា​មន ខេត្តកំពង់ស្ពឺ ។

លោក មួរ ឡាន បញ្ជាក់​ថា ពួក​គេ​បាន​ទិញ​កាំភ្លើងខ្លី​ពី​ខេត្តកំពង់ស្ពឺ ហើយ​ពេល​មក​លេង​ផ្ទះ​នៅ​ខេត្តបាត់ដំបង ពួក​គេ​យក​កាំភ្លើង​នោះ​ទៅ​បាញ់​ស្ដារ​កាណុង​លេង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ទើប​លោក​មេ​ភូមិ​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់វិធានការ​តែ​ម្ដង ។ ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម​ធន់​កា​៥៤ បង់​១ និង​គ្រាប់​១២​គ្រាប់ ។

បើ​តាម​ចម្លើយ​របស់​ឈ្មោះ សោម ភាព ជា​ម្ចាស់​កាំភ្លើង បាន​និយាយ​ថា ខ្លួន​បាន​ទៅ​ធ្វើ​ជា​ជាង​ជួសជុល​ឡាន​នៅ​ខេត្តកំពង់ស្ពឺ ហើយ​យូរ​ៗ​បាន​មក​លេង​ផ្ទះ​នៅ​ខេត្តបាត់ដំបង​ម្ដង ។ នៅ​មុន​ពេល​មក​លេង​ផ្ទះ​លើក​ចុង​ក្រោយ​នេះ ខ្លួន​បាន​ទិញ​កាំភ្លើងខ្លី​ពី​បុរស​ម្នាក់​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ពេល​មក​លេង​ផ្ទះ​ខ្លួន​ក៏​បាន​យក​កាំភ្លើង​នេះ​មក​ជាមួយ និង​មាន​មិត្តភក្ដិ​មក​លេង​ជាមួយ​៣​នាក់​ផង ។ នៅ​ពេល​មក​ដល់​ផ្ទះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​មិថុនា ពួក​ខ្លួន​បាន​យក​កាំភ្លើងខ្លី​នោះ​ទៅ​បាញ់​ស្ដារ​កាណុង​លេង​នៅ​ខាងក្រោយ​ភូមិ​ជា​ច្រើន​គ្រាប់ លុះ​នៅ​រសៀល​ថ្ងៃ​ដដែល​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​មក​សួរនាំ និង​នាំ​ពួក​ខ្លួន​ទៅ​ប៉ុស្ដិ៍​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្ដង ។

លោក​ឧត្តម​សេនី​យ៏​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ពិតជា​បាន​ទិញ​កាំភ្លើងខ្លី​ពី​ខេត្តកំពង់ស្ពឺ​មក​បាញ់​លេង​នៅ​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​មែន តែ​ជន​នេះ​មិន​បាន​ប្រាប់​អំពី​គោលបំណង​ពិតប្រាកដ​ដែល​ខ្លួន​ទិញ​កាំភ្លើង​ប្រើប្រាស់​ខុសច្បាប់​នេះ​ទេ ។ លោក​ថា លោក​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​តាម​បទបញ្ជា​របស់​លោកស្នងការ​ខេត្ត ដើម្បី​ស្នើ​សុំ​ឲ្យ​ខាង​កំពង់ស្ពឺ​ជួយ​ធ្វើការ​ស្រាវជ្រាវ អំពី​ប្រវត្តិ​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ។ ប៉ុន្តែ​បើ​តាម​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ជំនាញ​ខេត្តកំពង់ស្ពឺ ទំនង​ជន​ទាំង​៤​នាក់​នេះ អាច​ជាប់​ពាក់ព័ន្ធ​ជា​មុខសញ្ញា​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ផង​ដែរ ។

លោក ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ​ហើយ រីឯ​មន្ត្រី​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​ស្រាវជ្រាវ​ប្រវត្តិ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ៕