ស៊ុន ស្រីពេជ្រ៖ ខ្ញុំមានបន្ទុកសែនពិបាក គ្មានលទ្ធភាពសង់ផ្ទះថ្មីទេ

ភ្នំពេញៈ តារាចម្រៀង ដែលអាចបកស្រាយ បានទាំងបូរាណនិងសម័យ កញ្ញា ស៊ុន ស្រីពេជ្រ ថ្មីៗនេះមានព័ត៌មានចុះផ្សាយថា នាងបានបោះទុនសង់ផ្ទះថ្មីមួយ នៅម្តុំបឹងឈូក ដែលជាហេតុធ្វើឲ្យនាង មានការភ្ញាក់ផ្អើលព័ត៌មានថានាងកំពុងតែសង់ផ្ទះថ្មី ដើម្បីជាជម្រកសម្រាប់នាង និងអនាគតស្វាមី ក្រោយរៀបការរួច។

ក្រោយមានព័ត៌មាននេះម្ចាស់សាម៉ីខ្លួនរូបនេះបានចេញមុខបកស្រាយថានាងមិនមានលទ្ធភាពសង់ផ្ទះថ្មីអី្វឡើយព្រោះថា ពេលនេះនាងកំពុងតែមានបន្ទុកធ្ងន់សែនពិបាកមិនអាចមានលទ្ធភាពសង់ផ្ទះថ្មីដូចការលើកឡើងឡើយ។បើតាមប្រតិកម្មរបស់ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា ស៊ុន ស្រីពេជ្រ បានប្រាប់ឲ្យដឹងថា « លោកខាងព័ត៌មានអើយចុះថា ខ្ញុំកំពុងតែបញ្ចេញស្នាមញញឹម ជាមួយគេហដ្ឋានថ្មី កំពុងសាងសង់នឹងមានដឹងច្បាស់ទេ ? មានសួរខ្ញុំហើយឫនៅ ថាមែនឫអត់ ? ឃើញព័ត៌មាននេះភ្លាម ខ្ញុំភ្ញាក់ព្រឺត ហាហា លោកហ្អា៎បើដឹងអត់ច្បាស់ទេ កុំចេះតែចុះណា រាល់ថ្ងៃនេះខ្ញុំមានបន្ទុកសែនពិបាកណាស់អត់មានលុយសង់ផ្ទះរ៉េ រូបថតនឹងរូបចាស់តើលោក ហើយច្បាស់ថានៅម្តុំបឹងឈូកទៀតផ្ទះនេះខ្ញុំនៅជិត៤ឆ្នាំហើយណាលោកបងទើបសងធានាគាររួចបានជាង1ឆ្នាំទេណា ការពិតគឺអត់មានទេចាស »៕

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញថា កាលពីអំឡុងខែកុម្ភៈ តារាចម្រៀង បែបស្រគត់ស្រគំ កញ្ញា ស៊ុន ស្រីពេជ្រ នៅក្នុងឱកាស ថ្ងៃបុណ្យនៃក្តីស្រលាញ់ កន្លងទៅនេះ នាងបានបង្ហាញពីទំហំ ចិត្តស្រលាញ់ម្តាយ និងបំពេញក្តីស្រមៃរបស់ម្តាយនាង ដែលប្រាថ្នាចង់បាន ក្រវិលមួយគូដែលដាំពេជ្រ ដោយនាងបានខំប្រឹងសន្សំប្រាក់ ទិញវាជាកាដូសម្រាប់ម្តាយនាង ក្នុងឱកាសបុណ្យនៃ ក្តីស្រលាញ់ ។

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស កញ្ញា ស៊ុន ស្រីពេជ្រ គឺជាអ្នកសិល្បៈដែល កើតមកក្នុងត្រកូលមួយ ដែលមានឪពុកជាតារាកំប្លែង រស់នៅក្នុងស្ថានភាព លំបាកវេទនា ត្រូវខំប្រឹងតស៊ូតាំងពីបាតដៃទទេ រហូតដល់មានគ្រប់យ៉ាង នៅពេលនេះ មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ។ នៅក្នុងស្ថានភាពកាលពីមុន សូម្បីតែម្តាយ របស់នាង ប្រាថ្នាចង់បានក្រវិលមួយគូ ដែលដាំពេជ្រក៏នាង និងគ្រួសារមិនអាចរកលុយទិញ ឲ្យម្តាយបានដែរ ។

ទើបតែពេលនេះនាងបានក្លាយខ្លួន ជាតារាល្បីមានឈ្មោះបោះសំឡេង សម្បូរការងារធ្វើ រកប្រាក់ចំណូលបានច្រើនលើស ការរំពឹងទុក ដែលជាដើមហេតុធ្វើឲ្យ គ្រួសាររបស់នាងមានជីវភាព សម្បូរសប្បាយជាងមុន រហូតដល់នាងអាចមានសមត្ថភាព ទិញរបស់ដែលជាម្តាយប្រាថ្នា ចង់បានសម្រេចដូចបំណង ។ ដោយថ្មីៗនេះ នាងបានសរសេរបង្ហោះ នៅលើ Facebook ថា «ពីមុនម៉ែធ្លាប់ប្រាប់កូនថា មួយជីវិតម៉ែប្រហែលគ្មានវាសនា បានប្រើរបស់នឹងទេ កូនស្តាប់លឺហើយស្រក់ទឹកភ្នែក អាណិតម៉ែណាស់ ហើយកូនតូចចិត្ត ដែលគ្មានលទ្ធភាព ឲ្យម៉ែប្រើរបស់ល្អនឹងគេ តែកូនបានតាំងចិត្តហើយថា ថ្ងៃណាមួយកូននឹងបំពេញបំណងម៉ែ »។

តារារូបនេះបានរៀបរាប់ទៀតថា «ថ្ងៃនេះកូនបានសម្រេច បំណងម៉ែ ទោះបីរបស់នេះមានតំលៃតិចតួច តែវាជាទឹកចិត្តរបស់កូន ស្រលាញ់ម៉ែលើសលុប កូនខំសន្សំយូរណាស់មកហើយ រីករាយថ្ងៃនៃក្តីស្រលាញ់ មិនមែនស្រលាញ់តែថ្ងៃ១៤កុម្ភៈ ឫថ្ងៃនេះទេ តែកូនស្រលាញ់ម៉ែជារៀងរហូត ។ ហេហេ សន្សំអាំងប៉ាវតាំងពី៥,០០០៛ ,១០,០០០៛ អីឡូវបានទិញរបស់នេះឲ្យម៉ែប្រើ កូនសប្បាយចិត្តដែលបានឃើញម៉ែពាក់វា ស្អាតណាស់ម៉ែអើយ LOVE» ។

បើទោះជាតារារូបនេះ បានបង្ហាញក្តីស្រលាញ់ និងបានទិញរបស់ ដែលម្តាយនាងចង់បាន ជូនម្តាយជាទីស្រលាញ់ ហើយក៏ពិតមែន ប៉ុន្តែនាងមិនបានបញ្ជាក់ច្បាស់ទេ ថាក្រវិលដែលនាងទិញ ជូនម្តាយមានតម្លៃប៉ុន្មានទេ តែអ្វីដែលធ្វើឲ្យនាង ក៏ដូចជាកូនៗគ្រប់រូប សប្បាយចិត្តនោះ គឺបានធ្វើឲ្យក្តីស្រមៃការប្រាថ្នា ចង់បានរបស់អ្នកមានគុណ បានសម្រេចទៅវាល្អណាស់ទៅហើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload