ព្យុះ​វាយប្រហារទូកទេសចរណ៍សិស្ស​នៅ​ប្រទេសរុស្ស៊ី​

ក្រុម​អ្នក​ជួយ​​សង្គ្រោះ​​បាន​រក​ឃើញ​សាកសពមនុស្ស​ចំនួន១១នាក់​ ​និង​ក្មេង២​នាក់​​​កំពុង​​បាត់​ខ្លួន បន្ទាប់​ពី​​មានហេតុ​ការណ៍​​ព្យុះ​​ បាន​វាយប្រហារ​ទៅ​លើ​ទូក​កម្សាន្ត​របស់​សិស្ស​​ កាល​ពី​យប់ថ្ងៃអាទិត្យ ទី១៩ ​មិថុនា ​២០១៦ ។ ​​ទូក​​កម្សាន្ត​ទាំងអស់ គឺ​មានចំនួន​៣​គ្រឿង​​ ស្ថិត​ក្នុង​​កណ្តាល​បឹង​ដ៏​ធំ​មួយ​​​ឈ្មោះ​ថា Syamozero នៃ​តំបន់ Karelia ភាគ​ខាងជើង​ប្រទេស​រុ​ស្ស៊ី​​  ។​

មនុស្ស​ដែល​​ស្លាប់​នៅ​ក្នុង​បឹង Syamozero គឺ​មាន​អាយុ​ចន្លោះ​ចាប់​ពី១២ឆ្នាំ ដែល​១៥​នាក់​​មក​ពី​ទីក្រុង​ម៉ូ​ស្គូ ។ នេះ​បើ​យោង​តាម លោក Sergey Sobyanin ចៅហ្វាយ​ក្រុងរុស្ស៊ី ។

អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត លោក Vladimir Markin បាន​និយាយ​ថា​ មាន​កុមារ​​​ទាំងអស់​ចំនួន​៤៧​នាក់ និង​មនុស្ស​ពេញវ័យ​ចំនួន​៤​នាក់ សរុប​​​នាវា​​ទេសចរ​ណ៍​ទាំង​៣គ្រឿងនោះ ​។

ក្រោយ​ពី​កើតហេតុ​ ​គ្រូបង្រៀន​ដែល​ដឹកនាំ​កម្មវិធី​ទៅ​កម្សាន្ត​​ចុង​ស​ប្តា​ហ៍​ខាងលើ​នេះ ត្រូវ​​​ប៉ូលិស​ចាប់ខ្លួន និង​ត្រៀម​ធ្វើការ​ស៊ើប​អង្កេត​បន្ត​ទៀត ។ ​សាក​សព​ជន​រង​គ្រោះ​​​ត្រូវ​បាន​រៀបចំ​​ ​ដោយរង់ចាំអាណាព្យាបាល​មក​ទទួលយក​ទៅ​ធ្វើបុណ្យ ​។