ក្មេង​ជំទង់​រុ​ស្ស៊ី​14​នាក់​ដើរ​លេង​ពេល​វិស្សមកាល​លង់ទឹក​បឹង​ស្លាប់

ពួក​អ្នកស៊ើប​អង្កេត​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ មិថុនា ថា ក្មេង​ជំទង់​១៤​នាក់ ដែល​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​ពេល​វិស្សមកាល​បាន​ស្លាប់​ដោយ​លង់​ក្នុង​ទឹក​បឹង​មួយ​នា​ភាគ​ពាយ័ព្យ​រុ​ស្ស៊ី​ពេល​នាវា​ដែល​ពួក​គេ​ជិះ​ត្រូវ​លិច​ដោយសារ​ធាតុអាកាស​អាក្រក់ ។

លោក​វ្ល៉ា​ឌី​មៀរ ម៉ា​គី​ន អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ស៊ើបអង្កេត​រុ​ស្ស៊ី​បញ្ជាក់​ថា គ្រោះថ្នាក់​នេះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៨ មក​ថ្ងៃទី​១៩ មិថុនា ក្នុង​បឹង SIAMOZERO នៅ​តំបន់ CARELIE ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក​ម៉ា​គី​ន បន្ត​ថា ពួក​អ្នកស៊ើប​អង្កេត​បាន​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ទាំង​១៤​នាក់ ដែល​ពួក​គេ​កើត​រវាង​ឆ្នាំ​២០០២ និង​២០០៤ ។ ពុំ​មាន​មនុស្ស​ពេញវ័យ ​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ឡើយ ។ តុល្យការ​លើក​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ពេញវ័យ​ម្នាក់ ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ។ ក្រោយ​សោកនាដកម្ម​នេះ មនុស្ស​៤​នាក់​ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​រៀបចំ​ដំណើរ​កម្សាន្ត​វិស្សមកាល​នេះ​ត្រូវ​ចាប់ខ្លួន ។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អាច​ជួយ​ជីវិត​មនុស្ស​៣០​នាក់ ។ ក្រុម​នេះ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​២​គ្រឿង និង​កាណូត​កៅស៊ូ​មួយ​ជួប​ប្រទះ​នឹង​ព្យុះ​មួយ​នា​ពេល​យប់ ។ យោង​តាម​លោកប៉ា​វែ​ល អា​ស្តា​កូវ អ្នក​ការពារ​សិទ្ធិ​កុមារ និង​ក្មេង​ជំទង់​ថា ​ក្មេង​រង​គ្រោះ​ទាំង​នេះ​​ហាក់ដូចជា​ពុំ​មាន​ពាក់អាវ​ពោង​ការពារ​ឡើយ ។ អភិបាលក្រុង​មូ​ស្គូ លោក​ស័​រ​ហ្គេ​យ សូ​ប៊ី​យ៉ា​នី​ន បញ្ជាក់​តាម TWITTER ថា ក្មេង​ជំទង់​ស្លាប់​១០​នាក់​ជា​អ្នក​រស់នៅ​ក្នុង​រដ្ឋធានី​រុ​ស្ស៊ី ៕