ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​កណ្តាល​ចិន​បាត់​ខ្លួន​ច្រើន​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា មនុស្ស​យ៉ាងតិច​១០​នាក់​បាត់​ខ្លួន ហើយ​មនុស្ស​៤០០.០០០​នាក់​ត្រូវ​ជម្លៀស​ចេញ​កាលពី​ថ្ងៃ​ទី​១៩ មិថុនា ក្រោយ​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទីក្រុង HUANGGANG ខេត្ត​ហ៊ូ​បី​ភាគ​កណ្តាល​ចិន ។

ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៨ មិថុនា មក ទឹកភ្លៀង​ដែល​ធ្លាក់​ខ្លាំង​មាន​កម្ពស់​រហូត​ដល់​២៥១​មី​ល្លី​ម៉ែត្រ ក្នុង​ទីក្រុង ។ ផ្ទះ​ទាំងឡាយ​ត្រូវរ​លំបាក់ បណ្តា​ស្ពាន ទំនប់ និង​ផ្លូវថ្នល់​រង​ការ​ខូចខាត ហើយ​ដំណាំ​ដាំ​ដុះ​ត្រូវ​ទឹក​ជន់​លិច​។ ក្រៅពី​ជ​ម្លៀ​ង​មនុស្ស​ចេញ​អាជ្ញាធរ​កំពុង​តែ​ជួសជុល​ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី និង​បណ្តាញ​ទូរគមនាគមន៍ ។

ព្យុះ​ភ្លៀង​បាន​សាបព្រោះ​ភាព​ជ្រួលច្របល់​នា​ស​ប្តា​ហ៍​នេះ ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ចិន បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះជា​ច្រើន​នាក់ ។

អាជ្ញាធរ​ឧតុនិយម​ចិន​នា​ថ្ងៃ​ទី​១៩ មិថុនា រក្សា​ការ​ប្រកាស​អាសន្ន​ពណ៌​លឿង​ចំពោះ​ភ្លៀង​ធ្លាក់​ក្នុង​តំបន់​ជា​ច្រើន​នៃ​ប្រទេស សម្រាប់​រយៈពេល​២​ថ្ងៃ​ខាង​មុខ​នេះ ។ ព្យុះ​នានា​វាយប្រហារ​លើ​ខេត្ត GUIZHOU ហ៊ូ​ណា​ន់ ហ៊ូ​បី និង​យុន​ណា​ន់ ពី​ថ្ងៃ​ទី​១៩ ទៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ជាមួយ​ទឹកភ្លៀង​មាន​កម្ពស់​២០០​មី​ល្លឺ​ម៉ែត្រ​ក្នុង​តំបន់​មួយ​ចំនួន ៕